Tuesday, November 18, 2025
Homeព័ត៌មានជាតិលោកយន្ត មីន ទទួលស្គាល់កង្វះខាតនៃការបំពេញការងារ និងសុំទោសសម្តេចហ៊ុន សែន និងសម្តេចស ខេង

លោកយន្ត មីន ទទួលស្គាល់កង្វះខាតនៃការបំពេញការងារ និងសុំទោសសម្តេចហ៊ុន សែន និងសម្តេចស ខេង

បន្ទាប់ពីមានឧបទ្ទវហេតុអគាត៧ជាន់បានបាក់ស្រុតរលំ ដែលគិតមកដល់រសៀលនេះ មានមនុស្សស្លាប់ចំនួន២៥នាក់ និងរងរបួស២៥នាក់នោះ លោកយន្ត មីន បានស្នើសុំសម្តេចហ៊ុន សែន លាលែងចេញពីតំណែង ហើយត្រូវបានសម្តេចយល់ព្រមនោះ អភិបាលខេត្តព្រះសីហនុរូបនេះ បានទទួលស្គាល់ភាពខ្វះខាតនៃការបំពេញការងាតនាពេលកន្លងមក។

លោកយន្ត មីន បានបង្ហោះសារលើទំព័តហ្វេប៊ុកផ្លូវការរបស់លោកថា “ក្នុងឧប្បវហេតុរលំអគារ៧ជាន់ ក្នុងក្រុងព្រះសីហនុនេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងសុំការអភ័យទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាការទទួលខុសត្រូវក្នុងឧប្បវហេតុនេះ ខ្ញុំបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី លាលែងពីតំណែងរួចហើយ ហើយសម្តេចក៏បានផ្តល់ការយល់ព្រមហើយដែរ។

លោកយន្ត មីន បានបន្តថា “ខ្ញុំបាទ និងភរិយា សុំអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្តដល់ខ្ញុំបាទ អោយមានឱកាសចូលរួមបំរើប្រជាពលរដ្ឋកន្លងមកនេះ។ សូមអរគុណចំពោះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្តល់ការទុកចិត្ត និងចង្អុលបង្ហាញដឹកនាំការងារកន្លងមក និងសូមអរគុណចំពោះសម្តេច ឯឧ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រៀមច្បង ក៏ដូចជាមិត្តភក្តិដែលតែងតែផ្តល់នូវការណែនាំ យោបល់ និងសហការការងារប្រកបដោយមនោសញ្ចេតនា និងការយោគយល់បំផុតដល់ខ្ញុំបាទ”។

ជាចុងក្រោយ អភិបាលខេត្តព្រះសីហនុ រូបនេះ បានសរសេរថា “ជាមួយនេះ ខ្ញុំបាទសុំការអភ័យទោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម សម្តេច ឯឧ លោកជំទាវ ចំពោះកង្វះខាតនៃការបំពេញភារៈកិច្ចរបស់ខ្ញុំបាទកន្លងមកនេះ។ ខ្ញុំសុំការអភ័យទោស និងការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះកង្វះខាតរបស់ខ្ញុំកន្លងមក ត្បិតអីខ្ញុំបានខំប្រឹងអស់ពីលទ្ធភាពហើយ។ តែទោះបីជាបែបណា ខ្ញុំនៅតែបន្តសកម្មភាពជួយសង្គ្រោះ ក្នុងឧប្បវហេតុនេះអោយចប់ចុងចប់ដើម”។ 

គួរបញ្ជាក់ថា មុននេះបន្តិច សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការថា “ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលឲ្យមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើរមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តមយន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករក និងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការ និងអភិបាលខេត្តថ្មីចូលកាន់តំណែង៕

RELATED ARTICLES