Tuesday, November 18, 2025
Homeព័ត៌មានជាតិប្រធានគណបក្សខ្មែរក្រោក សរសើរលោកយន្ត មីន ទទួលខុសត្រូវ ក្រោយមានកំហុសលើថ្នាក់ដឹកនាំជាច្រើនដង

ប្រធានគណបក្សខ្មែរក្រោក សរសើរលោកយន្ត មីន ទទួលខុសត្រូវ ក្រោយមានកំហុសលើថ្នាក់ដឹកនាំជាច្រើនដង

បន្ទាប់ពីសម្តេចតេជោហ៊ុន សែន បានសម្រេចទទួលសំណើលោកយន្ត មីន ដែលបានសុំលែងលែងតំណែងពីអភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ដោយដាក់ជំនួសលោកគួច ចំរើន វិញនោះ ប្រធានគណបក្សមួយបានបង្ហោះសារថា សូមសរសើរលោកយន្ត មីន ដែលព្រមទទួលខុសត្រូវ ក្រោយមានកំហុសលើថ្នាក់ដឹកនាំជាច្រើនដង។

លោកយន្ត មីន

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅមុននេះបន្តិចថា “សូមសម្ដែងការកោតសរសេីរចំពោះភាពទទួលខុសត្រូវរបស់ លោក យន្ត មីន ដែលសម្រេច លាលែងពីតំណែង ។ ក្រោយមានកំហុសជាច្រេីនដងលេីការដឹកនាំរបស់ខ្លួន”។

លោកញឹម វណ្ណដា

លោកបន្តថា “សូមសម្ដែងនូវការគាំទ្រចំពោះចំណាត់ការដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើការដកតំណែងរបស់ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១ នៃគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ”។

ដោយឡែក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ក៏បានបង្ហោះសារថា “ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុអគារកំពុងសង់ថ្មីមួយកន្លែង អគារកម្ពស់៧ជាន់ បានបាក់រលំ កាលពីព្រឹកម៉ោង៥នេះ នៅជិតកន្លែងលាងរថយន្តយីហោ “អរុណរះ” ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដោយព័ត៌មានបឋម អ្នកគ្រោះថ្នាក់ ដល់ជីវិត ប្រហែលចំនួន៣នាក់ នឹងរបួសជាង១០នាក់ ករណីនេះ មិនមែនជាករណីប្រធានស័ក្តិនោះទេ។ បើសាងសង់តាមស្តង់ដារបច្ចេកទេស មិនមែនសុខៗងាយរលំនោះទេ។ ហើយមិនអាចបន្ទោសទៅឯកជនបានដែរ ព្រោះសមត្ថកិច្ចជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាស្ថាប័នពាក់ព័ន្ធក្នុងរឿងនេះ តើអគារនេះមានច្បាប់អនុញ្ញាតសាងសង់ឬទេ? តើអគារនេះ មានការត្រួតពិនិត្យបច្ចេកទេសសំណង់ដែរឬទេ? តើអាជ្ញាធរមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ មានចុះពិនិត្យការសាងសង់ដែរទេ ? ប្រសិនជាគ្មានច្បាប់សាងសង់ ម្តេចបានបណ្តោយឱ្យសាងសង់? បើឃាត់មិនស្តាប់ ម្តេចមិនអនុវត្តន៍ច្បាប់? បើមានច្បាប់សាងសង់ មានការត្រួតពិនិត្យច្បាស់លាស់ ហេតុអ្វីបានបាក់ស្រុតងាយៗបែបនេះ ស្របពេលដែលខ្ញុំកំពុងស្ថិតក្នុងបេសកកម្មនៅខេត្តព្រះសីហនុ ស្រាប់ ខ្ញុំនឹងចុះពិនិត្យបន្ថែមលើករណីទាំងនេះ នៅក្នុងថ្ងៃនេះ”។

នៅថ្ងៃដែលនោះ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសរសេរបន្ថែមថា “ក្រោយមានឧបទ្ទវហេតុ បាក់អគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ ដែលពាក់ព័ន្ធនឹងការបណ្តោយឱ្យសាងសង់អគារ ដែលគ្មានច្បាប់អនុញ្ញាត បណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ ជាង១៨នាក់រងរបួស (ជាប្រភពព័ត៌មានពីពេទ្យបង្អែកខេត្ត ត្រឹមម៉ោង៣រសៀល) កាលពី ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ ខ្ញុំបាទដឹកនាំក្រុមការងារ ៥នាក់ ដោយសហការនិងមន្ត្រីលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សា មកពីទីស្តីការនាយករដ្ឋមន្ត្រី ចំនួន២រូប ចុះពិនិត្យផ្ទាល់ទីតាំងកើតហេតុ ដើម្បីប្រមូលតម្រុយនានា មូលដ្ឋានដែលឈានឱ្យយើងខ្ញុំមានសមត្ថកិច្ចតាមដានអង្កេតករណីនេះ ដោយហេតុថា ការសាងសង់ឋិតក្រោមតំបន់សមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុ នេះពុំមានច្បាប់អនុញ្ញាតឱ្យសាងសង់នោះទេ តែអគារអាច សាងសង់ជារៀងរាល់ថ្ងៃ រហូតបង្កឱ្យមានឧបទ្ទវហេតុយ៉ាងរន្ធត់ ដែលបង្ហាញពីតម្រុយនៃពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់អាជ្ញាធរខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ ពលរដ្ឋបានអះអាងថា ប្រតិបត្តិការសង្គ្រោះបន្ទាន់របស់អាជ្ញាធរខេត្ត គឺមានសភាពយឺតយ៉ាវ ដោយប្រើអេស្កាវាទ័រធុនកណ្តាល ចំនួន៣គ្រឿង តែដំណើរការតែ២គ្រឿង ដែលតិចជាងអេស្កាវាទ័រ ពេលចុះអនុវត្តសាលដីការឿងដីធ្លីផង។ អតីតមេការ ដែលធ្លាប់ម៉ៅការសំណង់នៅអគារនេះ ដែលមានបងប្អូនកំពុងជាប់នៅក្នុងអគារដែលបាក់ បានអះអាងថា មនុស្សដែលជាប់ក្នុងអគារ ចន្លោះពី៤០ទៅ៦០នាក់ កម្មករនៅក្នុងបញ្ជី មានសរុប១៣០នាក់ តែអ្នកខ្លះមិនស្នាក់ក្នុងអគារទេ ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រមូលបានតម្រុយគ្រប់គ្រាន់ដើម្បីកសាងរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធ មានទំនួលខុសត្រូវចំពោះភាពអសកម្មក្នុងការអនុវត្តច្បាប់ ដែលអាចបណ្តោយឱ្យអគារមួយសាងសង់បានដោយរលូន ទោះ គ្មានច្បាប់អនុញ្ញាត រហូតបាក់ចុះ បង្កឱ្យមានហានិភ័យប៉ះពាល់ដល់សុវត្ថិភាព រួមទាំងអាយុជីវិតមនុស្ស។ ខ្ញុំបាទសូមសម្តែងការសោកស្តាយ និងរន្ធត់យ៉ាងខ្លាំងក្នុងឧបទ្ទវហេតុនេះ ជាមួយក្រុមគ្រួសារសព និងក្រុមគ្រួសារជនរងគ្រោះ”៕

RELATED ARTICLES