Tuesday, November 18, 2025
Homeព័ត៌មានជាតិពាក់ព័ន្ធនឹងករណីបាក់អគារ៧ជាន់ ៖ ម្ចាស់ការដ្ឋានសំណង់ និងមនុស្ស៣នាក់ទៀត ត្រូវតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន

ពាក់ព័ន្ធនឹងករណីបាក់អគារ៧ជាន់ ៖ ម្ចាស់ការដ្ឋានសំណង់ និងមនុស្ស៣នាក់ទៀត ត្រូវតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន

ព្រះសីហនុ៖ ជនជាតិចិន៤នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធក្នុងការធ្វេសប្រហែសធ្វើឲ្យបាក់អគារកម្ពស់៧ជាន់ ក្នុងខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមនុស្ស២៨នាក់ស្លាប់ និងរបួស២៦នាក់ ដែលប្រតិបត្តិការរុករកអ្នករងគ្រោះត្រូវបានបិទបញ្ចប់កាលពីម្សិលមិញ។

ជនជាតិចិនម្នាក់ មានឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មានស្រុកំណើតនៅខេត្តហ៊ូពែ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរជាពាណិជ្ជករ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ” ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។

ចំណែកជនជាតិ៣នាក់ទៀត ទី១. មានឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរថៅកែម៉ៅការសសំណង់ ទី២. មានឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មុខរបរជាងសំណង់ និងទី៣. ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ជាជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរមើលការងារក្នុងការដ្ឋាន។ ពួកគេទាំង៣នេះ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ” ផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អគារកម្ពស់៧ជាន់  មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានបាក់រលំស្រុតចុះក្រោម ធ្វើឲ្យមានមនុស្សស្លាប់និងរងរបួសជាច្រើន នៅព្រឹកថ្ងៃនោះផងដែរ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ការដ្ឋានសំណង់, ថៅកែម៉ៅការសាងសង់ និងអ្នកពាក់ព័ន្ធចំនួន២នាក់ សរុប៤នាក់ យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្ដចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES