Tuesday, November 18, 2025
Homeព័ត៌មានជាតិខឹងប្រពន្ធមិនព្រមលែង ប្តីសរសេរលិខិតទុកថា “ជីវិតមនុស្សមានជួបមានព្រាត់ នេះគឺជានិស្ស័យ មនុស្សគ្រប់រូប តែងតែមិនចង់បែកគ្នាទេ តែធ្វើម៉េច វាគឺជានិស្ស័យមនុស្សទៅហើយ"

ខឹងប្រពន្ធមិនព្រមលែង ប្តីសរសេរលិខិតទុកថា “ជីវិតមនុស្សមានជួបមានព្រាត់ នេះគឺជានិស្ស័យ មនុស្សគ្រប់រូប តែងតែមិនចង់បែកគ្នាទេ តែធ្វើម៉េច វាគឺជានិស្ស័យមនុស្សទៅហើយ”

ខេត្តកំពង់ចាម ៖ បុរសម្នាក់បានកើតមានជម្លោះជាមួយប្រពន្ធជាញឹកញាប់ និងសង្ស័យថា ដើមហេតុចេញពីភ្លើងប្រចណ្ឌ រហូតធ្វើឱ្យបុរសរូបនេះបានប្តឹងលែងលះប្រពន្ធ តែត្រូវមេភូមិជួយសម្របសម្រួលមិនឱ្យលែងលះ ស្រាប់តែពេលត្រឡប់មកដល់ផ្ទះវិញ បុរសជាប្តីរូបនេះ បែរជាមានគំនិតខ្លីយកឧបករណ៍ឆក់ត្រីមកឆក់ខ្លួនឯង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

បុរសគិតខ្លីដែលយកឧបករណ៍ឆក់ត្រី មកឆក់ខ្លួនឯងសម្លាប់ខ្លួននេះ មានឈ្មោះឃុន សុខកង អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ និងប្រពន្ធបានរួមរស់នឹងគ្នា រហូតបង្កើតបានកូនម្នាក់ជាចំណងនិស្ស័យ ប៉ុន្តែរាល់ថ្ងៃនេះ ប្តីប្រពន្ធទាំងពីរនាក់នេះ មិនដឹងថា មានរឿងអ្វីនឹងគ្នា ចេះតែឈ្លោះគ្នាជារឿយៗ តែគេមិនដឹងថា ជម្លោះនេះផ្តើមចេញពីអ្វីឡើយ ហើយអ្នកខ្លះសង្ស័យថា មកពីការប្រចណ្ឌ ឬស្នេហាត្រីកោណ។

ប្រភពដដែលបន្តថា ដោយសារតែកើតមានជម្លោះនឹងគ្នារាល់ថ្ងៃ ទើបធ្វើឱ្យបុរសប្តីទ្រាំមិនបាន ក៏ដាច់ចិត្តសុំលែងលះជាមួយប្រពន្ធរបស់ខ្លួន ប៉ុន្តែប្រពន្ធហាក់មិនចង់លែងលះជាមួយប្តីនោះទេ។ លុះមកដល់ថ្ងៃកើតហេតុ លោកមេភូមិ បានហៅប្តីប្រពន្ធទាំងពីរនាក់នេះ ឱ្យទៅជួបគ្នា ដើម្បីជួយធ្វើការសម្របសម្រួល ដោយព្យាយាមឱ្យប្តីប្រពន្ធនេះ បញ្ឈប់គំនិតចង់លែងលះ ងាកមករស់នៅមូលគ្នាវិញ។ ចំណែកបុរសជាប្តីក៏មិនបានប្រកែកអ្វីដែរ ពោលគឺទទួលយកការផ្សះផ្សារបស់លោកមេភូមិ ហើយក៏ដើរមកផ្ទះវិញមុន រីឯប្រពន្ធដើរមកវិញតាមក្រោយ។

ប្រភពខាងលើ បញ្ជាក់ថា នៅពេលត្រឡប់មកដល់ផ្ទះ បុរសរងគ្រោះជាប្តីបានឡើងទៅសម្ងំនៅលើផ្ទះបាត់ ស្រាប់តែពេលប្រពន្ធមកដល់ ក៏ប្រទះឃើញប្តីដេកស្លាប់នៅក្បែរឧបករណ៍ឆក់ត្រី ដោយមានលិខិតចំនួន២សន្លឹកនៅក្បែរ សពប្តីរបស់ខ្លួនផង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការចម្រុះ ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ និងឃើញមានស្លាកស្នាមនៅត្រង់ពោះមានស្នាម រោលខ្លោច ទំហំ ៨ គុណនឹង ៥ស.ម នៅត្រង់ខ្នងស្តាំ ក្រោមស្លាបប្រចៀវ មានស្នាមរោលខ្លោច ទំហំ ១០គុណុនឹង០,៥ស.ម។ តាមការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីប្រាកដមែន។ ដោយឡែកនៅក្បែរសាកសព សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំចំនួន២ច្បាប់ ដែលមានខ្លឹមសារថា “ជីវិតមនុស្សមានជួបមានព្រាត់ នេះគឺជានិស្ស័យ មនុស្សគ្រប់រូប តែងតែមិនចង់បែកគ្នាទេ តែធ្វើម៉េច វាគឺជានិស្ស័យមនុស្សទៅហើយ ឱ្យខ្ញុំសុំទោសពុកម៉ែ បងៗ រូបខ្ញុំជាតិនេះមិនស្តាយក្រាយទេ អរគុណបងៗ ពុកម៉ែដែលបានជួយខ្ញុំ ជាតិក្រោយខ្ញុំមាននិស្ស័យ ខ្ញុំនឹងជួបវិញ លាហើយ ពុកម៉ែ បងៗ។ ក្តីស្រលាញ់នេះ ប្អូននឹងយកទៅ កូនមិនឱ្យម៉ែពុកពិបាកចិត្តទេ កូនលាហើយ ជាតិក្រោយជួបគ្នា…”។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES