លោកគួច ចំរើន បច្ចុប្បន្នជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ត្រូវបានសម្តេចហ៊ុន សែន ប្រកាសផ្ទេរមុខតំណែងទៅធ្វើជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ វិញ ដោយជំនួសឯកឧត្តម យន្ត មីន ដែលបានលាលែងពីតំណែង បន្ទាប់ពីមានហេតុការណ៍បាក់ស្រុតរលំអគារ៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្លាប់មនុស្ស២៨នាក់ និងរងរបួសចំនួន២៦នាក់។

ការប្រកាសជាផ្លូវការចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ របស់លោកគួច ចំរើន នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះនៅក្នុងគំនរអគារបាក់បែក កាលពីយប់ថ្ងៃទី២៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកគួច ចំរើន នៅចំពោះមុខអ្នកសារព័ត៌មាន និងក្រុមសង្គ្រោះជាច្រើនរយនាក់ថា “លោកគួច ចំរើន គឺជាមនុស្សមានសមត្ថភាព និងយល់ដឹងអំពីការងារគ្រប់គ្រងរដ្ឋបាល។ ខេត្តព្រះសីហនុ គឺត្រូវមានអភិបាលដែលខ្លាំង ដូចលោកគួច ចំរើន ជាអ្នកគ្រប់គ្រង។

ដំណឹងនៃការផ្ទេរលោកគួច ចំរើន មកគ្រប់គ្រងនៅខេត្តព្រះសីហនុ ធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះត្រេកអរយ៉ាងខ្លាំង ហើយបានសំណូមពរដល់អភិបាលខេត្តថ្មី មេត្តាធ្វើយ៉ាងណាថែរក្សាសណ្តាប់ធ្នាប់កុំឲ្យមានអនាធិបតេយ្យពីក្រុមជនជាតិមួយចំនួន និងធ្វើយ៉ាងណាឲ្យលំហូរចូលនៃភ្ញៀវជាតិ និងបរទេស មកលេងឆ្នេរសមុទ្រខ្មែរ ដែលជាប់ឈ្មោះជាឆ្នេរស្អាតជាងគេលើពិភពលោក ឲ្យកាន់តែច្រើន ដើម្បីកែប្រែមុខមាត់ខេត្តព្រះសីហនុឡើងវិញ ។

ប្រជាពលរដ្ឋនៅទីនោះ បានបន្ថែមថា ពួកគាត់ចង់ឃើញអភិបាលខេត្តថ្មី ប្រើកណ្តាប់ដៃដែកកម្ចាត់មន្ត្រីគ្រាប់ល្ពៅដែលតែងតែធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋស្លូតត្រង់ និងបម្រើ កាពារប្រជាជនឲ្យសមនឹងប្រសាសន៍សម្តេចថា “ធ្វើមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រទេ”៕