ខេត្តកំពង់ចាម ៖ បុរសជាឪពុកម្នាក់ បានជូនកូនដែលមានជំងឺគ្រុនឈាម មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយបានដេកកំដរជំងឺកូនអស់ជាច្រើនថ្ងៃ ស្រាប់តែពេលកូនបានជាពីជំងឺ ដល់ថ្ងៃកំណត់ត្រូវចេញពីមន្ទីរពេទ្យ បែរជាឪពុកដេកស្លាប់រឹងស្តូកទៅវិញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់។

បុរសរងគ្រោះខាងលើ មានឈ្មោះនិត អាយុ៣៤ឆ្នាំ មុខរបរកសិករ ជាមនុស្សពិការឆ្អឹងខ្នង មានប្រពន្ធឈ្មោះឈីន ណាត ភេទស្រី អាយុ៤៨ឆ្នាំ និងមានលំនៅក្នុងភូមិបិទធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។
តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងប្រពន្ធ បានជូនកូនមកមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ដើម្បីព្យាបាលជំងឺ និងត្រូវគ្រូពេទ្យប្រាប់ថា កូនរបស់ពួកគាត់មានជំងឺគ្រុនឈាម ត្រូវដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ច្រើនថ្ងៃ។ បន្ទាប់មក ក៏ឃើញជនរងគ្រោះ និងប្រពន្ធ បានដេកកំដរកូនរហូតដល់កូនបានធូរស្រាល និងត្រូវគ្រូពេទ្យកំណត់ថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កូនរបស់ជនរងគ្រោះអាចចេញពីមន្ទីរពេទ្យវិញបានហើយ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដែលជាថ្ងៃកូនត្រូវចេញពីមន្ទីរពេទ្យ ស្រាប់តែឃើញជនរងគ្រោះដេកនៅលើឥដ្ឋក្បែរគ្រែកូន មិនព្រមក្រោកសោះ ទើបប្រពន្ធបានចូលទៅដាស់ ទើបដឹងថា ជនរងគ្រោះបានស្លាប់រឹងស្តូកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញមន្ទីរពេទ្យ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម លោកវរសេនីយ៍ត្រី ពៅ លឹមស៊ាង អធិការរងទទួលការងារផ្នែកព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការចម្រុះ ដើម្បីត្រូតពិនិត្យសព រួចបញ្ជាក់ថា លទ្ធផលពិនិត្យនៅលើផ្នែកក្បាល ផ្នែកក ដងខ្លួន និងអវយវៈ គឺពុំមានស្លាកស្នាមរបួសអ្វីឡើយ។ ទាមការសន្និដ្ឋាន គឺជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យប្រពន្ធ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕