Tuesday, November 18, 2025
Homeព័ត៌មានជាតិពុទ្ធោ សាហាវណាស់!!! កូនប្រុសឈ្លោះប្រពន្ធ ខឹងម៉ែសួរនាំ ទាញកាំបិតកាប់ខ្ទេច

ពុទ្ធោ សាហាវណាស់!!! កូនប្រុសឈ្លោះប្រពន្ធ ខឹងម៉ែសួរនាំ ទាញកាំបិតកាប់ខ្ទេច

ខេត្តកណ្តាល ៖ យុវជនម្នាក់ ទំនងជាកើតមានជម្លោះជាមួយប្រពន្ធរបស់ខ្លួន ទើបវេចបង្វេចចុះមកនៅផ្ទះម្តាយបង្កើតខ្លួនឯង លុះម្តាយឃើញបែបនេះ នឹកឆ្ងល់ ក៏សួរនាំជីករកឬសគល់ ស្រាប់តែកូនប្រុសមិនត្រឹមតែមិនិព្រមប្រាប់ បែរជាច្រឡោតខឹងដាច់ក្បាលដាច់កន្ទុយ រហូតស្ទុះទៅទាញកាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យខូចខាតអស់មួយចំនួនធំ។

ករណីអំពើហិង្សាខាងលើនេះ បានកើឡើង កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះជាម្តាយ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

មន្ត្រីនគរបាលស្រុកមុខកំពូល បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះវិន ទិត្យ ហៅបាន អាយុ២៤ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះជាម្តាយមាន ឈ្មោះឃិន សុខថេន អាយុ៤៣ឆ្នាំ។ ជនសង្ស័យនិងស្ត្រីរងគ្រោះត្រូវជាម្តាយកូននឹងគ្នា មានលំនៅ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ ចំណែកវត្ថុតាងចាប់យកបាន មានពូថៅដងឈើ ចំនួន១។ រីឯទ្រព្យសម្បត្តិខូចខាតមានបែកកញ្ចក់ទ្វារផ្ទះ១ផ្ទាំង បែកកញ្ចក់បង្អួច១ផ្ទាំង ធុងទឹកកកចំនួន១ បែកកញ្ចក់ និងក្បាំងម៉ូតូ១គ្រឿង។

ប្រភពដដែលបន្តថា កន្លងមក ជនសង្ស័យធ្លាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ម្តាយខ្លួន ឯងច្រើនលើកច្រើនសាមកហើយ និងធ្លាប់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ ហៅទៅអប់រំណែនាំផងដែរ។ លុះមកដល់វេលាម៉ោង ៤រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ជន សង្ស័យបានវេចបង្វេចខោអាវពីផ្ទះប្រពន្ធ ទៅទុកនៅផ្ទះម្តាយ (ជនរងគ្រោះ)  ដោយមានការងឿងឆ្ងល់ ទើបម្តាយក៏ធ្វើការសួរនាំ ភ្លាមនោះ បែរជាជនសង្ស័យខឹងច្រឡោត និយាយថា “ម៉េចផ្ទះហ្នឹង អញនៅអត់បាន? អាណាខ្លាំង អញកាប់ឱ្យខ្ទេច!” ភ្លាមនោះ ជនសង្ស័យក៏ស្ទុះ ទៅយកកាំបិតមកកាប់ម៉ូតូរបស់ម្តាយ បណ្តាលឱ្យបែកក្បាំង និងផ្នែកខាងក្រោយ រួចយកកូនពូថៅដៃ ទៅវាយបំបែកទ្វារបង្អួចផ្ទះបែកខ្ទេចអស់ថែមទៀត រហូតដល់ស្ត្រីជាម្តាយទ្រាំពុំបាន នូវទង្វើរបស់កូនប្រុសកំណាច ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអញ្ចាញ ដើម្បីចាត់ការតាមច្បាប់។

ក្រោយពីកម្លាំងនគរបាលទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះរួច ភ្លាមនោះ ក៏ចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមតាមនីតិវិធី៕

RELATED ARTICLES