ខេត្តព្រះសីហនុ ៖ ឧបទ្ទវហេតុដ៏រន្ធត់បាក់រលំអគារកម្ពស់៧ជាន់ កណ្តាលក្រុងព្រះសីហនុ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ ដែលបង្កឱ្យមនុស្ស២៨នាក់ស្លាប់ និងចំណែក២៦នាក់ទៀតរងរបួសធ្ងន់ស្រាល បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានសម្តែងនូវអារម្មណ៍សោកសៅ និងរន្ធត់ចិត្តយ៉ាងខ្លាំង ស្រាប់តែទន្ទឹមនឹងនេះ ក៏ផ្ទុះមានការរិះគន់ចំពោះមន្ត្រីធំៗចំនួន២រូប ដែលបានថតរូបសែលហ្វី នៅលើគំនរអគារ ដែលកំពុងសង្កត់មនុស្សស្លាប់ និងរបួសជាង៥០ នាក់ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីទឹកមុខញញឹមពព្រាយទៅវិញ ជាហេតុធ្វើឱ្យមានការរិះគន់ថា គេកើតទុក្ខមួយនគរ ឯងបែរជាឈរសើចទៅវិញ។
រូបថតសែលហ្វីប៉ុន្មានសន្លឹក ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បង្ហោះចែកចាយយ៉ាងកក្រើកនេះ ត្រូវបានគេស្គាល់ច្បាស់ថា ម្នាក់គឺលោកលូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមន្ត្រីដុះស្លែរនៅទីនោះ និងម្នាក់ទៀត គឺលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកទាំងពីរបានឈរថតជាមួយគ្នា ដោយបង្ហាញនូវទឹកមុខរីកដូចគ្រាប់ជីទៅវិញ ហាក់មិនខ្វល់ពីភាពទុក្ខសោករបស់ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់និងរបួសក្នុងឧប្បត្តិហេតុបាក់រលំអគារ៧ជាន់នោះសោះ ខណៈពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះទៅដល់កន្លែងផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ក្រុមសង្គ្រោះ និងគ្រួសាររងគ្រោះ។

តាមរយៈរូបថតសែលហ្វីរបស់មន្ត្រីទាំង២រូបនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើការរិះគន់យ៉ាងខ្លាំង ដោយលើកឡើងថា មនុស្សមួយនគរ រួមទាំងថ្នាក់ដឹកនាំ ពិសេសក្រុមគ្រួសារជនរងគ្រោះ កំពុងកើតទុក្ខសោកសង្រេង បែរជាអស់លោកជាមន្ត្រីជាន់ខ្ពស់ បង្ហាញភាពរីករាយ សើចស្ញេញទៅវិញ… ចេះសើចទៅរួច…។ មហាជនបានហៅទង្វើខាងលើនេះថា ជាការខ្វះសីលធម៌ ចំពោះព្រឹត្តិការណ៍ដ៏សោកសៅមួយនេះ ជាពិសេស មិនគប្បីទាល់តែសោះ ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងរងទុក្ខប៉ុនភ្នំ។
ដោយឡែកមតិមហាជនខ្លះ បានលើកឡើងថា បើតាមសុជីវធម៌ខ្មែរ ក្នុងនាមជាមនុស្សដែលមានសុភាវធម៌ខ្ពស់ ទោះជួបដោយចៃដន្យនូវក្បួនដង្ហែសព ទោះស្គាល់ឬមិនស្គាល់ក្តី ក៏គួរគប្បីសម្តែងនូវទឹកមុខក្រៀមក្រំ ដើម្បីជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។ ផ្ទុយទៅវិញ ស្នាមញញឹមរបស់លោកលូ គឹមឈុន មន្ត្រីដែលសម្បូរលុយ ព្រោះដុះស្លែរនៅទីនោះ ស្ទើរមួយជីវិត មិនដូរសោះ… និងលោកនន្ទ សុខា ត្រូវបានគេចាត់ទុកថា ជាការខ្វះសីលធម៌មួយ ដែលមិនគួរឱ្យកើតមានទាល់តែសោះ។
ទោះជាយ៉ាងណា ក្រោយផ្ទុះការរិះគន់ពីមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក លោកលូ គឹមឈុន បានចេញមកធ្វើការសុំទោសជាសាធារណៈ ដោយថា នេះជាកំហុសឆ្គង១ ពេលដែលលោកនឹកស្មានមិនដល់។

លោកលូ គឹមឈុន បានទទួលស្គាល់ថា នេះពិតជារូបរបស់លោកថតប្រាកដមែន ហើយពេលថតរូបនេះ ម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលលោកបានដឹកនាំកម្លាំងកម្មករពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មកជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍បាក់រលំសំណង់អគារ៧ជាន់នេះ។ ប៉ុន្តែក្នុងរង្វង់ប្រតិបត្តិការនោះ ក៏បានជួបជាមួយមិត្តភក្តិ ហើយក៏ថតជាមួយគ្នាធម្មតា ស្រាប់តែកើតកំហុសឆ្គង ដោយអចេតនាបែបនេះតែម្តង។
ដោយឡែក “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទេ កាលពីម្សិលមិញ។
គួរបញ្ជាក់ថា ឧប្បទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៩ ក្បែរកន្លែងលាងរថយន្តយីហោអរុណរះ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបង្កឱ្យមានមនុស្សស្លាប់ រហូតដល់ទៅ២៨នាក់ និងអ្នករបួសចំនួន២៦នាក់។

សំណង់អគារដែលបាក់រលំបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាង៥០នាក់នេះ មានទំហំទទឹង១៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ កម្ពស់៧ជាន់ និងកំពុងដំណើរការសាងសង់បានប្រមាណ៧០ទៅ៨០ភាគរយទៅហើយ។ តាមការអះអាងពីរដ្ឋបាលខេត្តព្រះសីហនុ ការដ្ឋានសំណង់អគារ៧ជាន់នេះ មានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់ សាងសង់អគារពីឈ្មោះញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារ ឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ។ បច្ចុប្បន្នអ្នកទាំង៤ខាងលើ ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ន៕