Tuesday, November 18, 2025
Homeព័ត៌មានជាតិកូនស្រីលោកផ្កាយ៣ នន្ទ សុខា ៖ ពេលនេះក្ដីភ័យខ្លាចរបស់ខ្ញុំ បានមកដល់ហើយ ប៉ាខ្ញុំបានបោះបង់ខ្ញុំហើយ សូម្បីតែលុយទិញថ្នាំផឹក ប៉ាលែងឲ្យរហូត។ ហើយនៅប្ដឹងទាមទារយកអ្វីៗទាំងអស់ទៅទៀត

កូនស្រីលោកផ្កាយ៣ នន្ទ សុខា ៖ ពេលនេះក្ដីភ័យខ្លាចរបស់ខ្ញុំ បានមកដល់ហើយ ប៉ាខ្ញុំបានបោះបង់ខ្ញុំហើយ សូម្បីតែលុយទិញថ្នាំផឹក ប៉ាលែងឲ្យរហូត។ ហើយនៅប្ដឹងទាមទារយកអ្វីៗទាំងអស់ទៅទៀត

បន្ទាប់ពីបានបង្ហោះសារឌឺដងទៅឪពុកដែលលួចមានស្រីស្នេហ៍ថ្មី ចោលប្រពន្ធនិងកូនដែលពិការនោះ កូនស្រីលោកផ្កាយ៣ នន្ទ សុខា នៅតែបង្ហោះសារថា លោកនន្ទ សុខា បានបោះបង់កូនចោល សូម្បីតែលុយទិញថ្នាំក៏លែងឲ្យ ហើយនៅប្តឹងទាមទារយកអ្វីទាំងអស់ថែមទៀត។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Ko Sol ដែលអះអាងថា ជាកូនស្រីលោកផ្កាយ៣ នន្ទ សុខា បានបង្ហោះសារថា ”ទោះលោកប៉ាធ្វើបាបអ្នកម៉ាក់ប៉ុនណា ធ្វើបាបពួកកូនប៉ុនណា ក៏ក្នុងចិត្តកូនប៉ានៅតែជាប៉ារបស់កូនដដែល កូនមិនអាចបំភ្លេចប៉ាបានឡើយ។ ជាតិនេះកូនពិការស្វិតដៃជើង ជីវិតកូនបានមកសព្វថ្ងៃ ក៏អាស្រ័យប៉ានិងម៉ាក់ជាអ្នកផ្ដល់ឲ្យដែរ”។

កូនស្រីលោកនន្ទ សុខា បានបន្តទៀតថា “លោកប៉ាដឹងទេ ពេលប៉ាធ្វើបាបអ្នកម៉ាក់របស់កូនម្ដងៗ ជេរប្រមាថជីវិតពួកកូនម្ដងៗ ក្នុងចិត្តកូនឈឺខ្លាំងណាស់ កូនចង់ធ្វើអ្វីក៏ធ្វើមិនកើត ព្រោះលោកប៉ាជាប៉ា ជាព្រះរស់របស់កូន កូនបានត្រឹមតែពួនយំម្នាក់ឯងក្នុងបន្ទប់ ហើយកូនក៏រៀនធ្វើជាមនុស្សមិនដឹងមិនឮ រាល់ក្ដីទុក្ខទាំងឡាយដែលប៉ាផ្ដល់ឲ្យកូនកូនខំកប់ទុក្ខឲ្យបាត់នៅក្នុងដៃជើងស្វិតរបស់កូន កូនខំញញឹមដាក់ប៉ា កុំឲ្យប៉ាស្អប់កូន ព្រោះកូនជាកូនចាបអត់ស្លាបរស់ក្នុងសំបុកមិនអាចហើរទៅណារួច កូនរស់ពឹងតែប៉ាម៉ាក់ និងអាឡែន ជាអ្នកជួយឲ្យចំណីជួយឲ្យថ្នាំព្យាបាលដល់កូន កូនចង់ថើបប៉ាម៉ាក់ កូនចង់ឲ្យប៉ាម៉ាក់ថើបកូនឲ្យច្រើន កូនចង់បានក្ដីស្រលាញ់ពីប៉ាម៉ាក់”។

នាងបានបន្តទៀតថា “កូនរស់នៅជាង៣០ឆ្នាំមកនេះ កូនរស់តែងតែយកចិត្តប៉ាម៉ាក់ កូនជាជនពិការ កូនរស់កូនរងារណាស់ កូនរស់ដូចខ្វះអ្វីៗទាំងអស់ ទោះពេលខ្លះ កូនកំពុងតែអោបប៉ា ឬអោបម៉ាក់ តែក្នុងចិត្តកូនដូចភ័យខ្លាចណាស់ ខ្លាចថ្ងៃណាមួយប៉ាម៉ាក់បោះបង់កូនចោល ឲ្យតែខែណា ឬឆ្នាំណា កូនញញឹមដាក់ប៉ាហើយប៉ាញញឹមរកកូនវិញ គឺកូនតែងតែរត់ទៅអោបប៉ា តែជាតិនេះប៉ាកម្រញញឹមដាក់កូនណាស់ ។ល។”។

នាងបន្ថែមចុងក្រោយថា “ពេលនេះក្ដីភ័យខ្លាចរបស់ខ្ញុំ បានមកដល់ហើយ ប៉ាខ្ញុំបានបោះបង់ខ្ញុំហើយ សូម្បីតែលុយទិញថ្នាំផឹកប៉ាលែងឲ្យរហូត។ ហើយនៅប្ដឹងទាមទារយកអ្វីៗទាំងអស់ទៅទៀត។ កូនដឹងថា ម៉ាក់ជាប្រពន្ធដើម មិនអាចប្ដឹងឈ្នះលោកប៉ាទេ ព្រោះលោកប៉ាមានអំណាច ដូច្នេះពន្លឺយុត្តិធម៌មិនងាយមានដល់ពួកកូនឡើយ ។ ទេវតាអើយ! សូមមេត្តាជួយស្រោចស្រង់អ្នកម្ដាយខ្ញុំនិងពួកខ្ញុំផង”។

យើងមិនទាន់អាចទាក់ទងលោកនន្ទ សុខា បាននៅឡើយទែ ចំពោះការបង្ហោះសាររបស់កូនស្រី យ៉ាងណា យើងរង់ចាំការបកស្រាយជានិច្ច៕

RELATED ARTICLES