ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX330 ដឹកប្រពន្ធ និងម្តាយ ទៅឈប់ទិញបាយសមួយប្រអប់ តែដោយបាយមួយប្រអប់តម្លៃ២០០០រៀល គិតថាថ្លៃ ក៏អត់ទិញ ស្រាប់តែអ្នកលក់យកប្រអប់បាយគប់ទៅលើរថយន្ត ទើបធ្វើឱ្យម្ចាស់រថយន្តខឹងឈ្លោះប្រកែកគ្នា ផ្អើលដល់សមត្ថកិច្ចចុះមកជួយសម្របសម្រួល កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៤៧ នៅចំណុចក្បែរក្លឹបកម្សាន្តកាសា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7987 ដឹកប្រពន្ធមានផ្ទៃពោះនិងម្តាយ បើកបរតាមបណ្តោយផ្លូវលេខ៤៧ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ឈប់រថយន្តនៅមុខក្លឹបកម្សាន្តកាសា រួចបានចុះទៅទិញបាយសមួយប្រអប់ ដោយលក់មួយប្រអប់ តម្លៃ២០០០រៀល គាត់បានតថ្លៃនៅ១០០០រៀល ដូចតម្លៃធម្មតា តែអ្នកលក់អត់លក់ អ្នកទិញក៏អត់ទិញ ដោយដើរចូលទៅក្នុងរថយន្តវិញ ស្រាប់តែអ្នកលក់បានយកប្រអប់បាយនោះគប់ទៅលើរថយន្តផ្នែកខាងមុខ ធ្វើឱ្យម្ចាស់រថយន្តខឹង ក៏ចុះទៅសួរនាំ និងឈ្លោះប្រកែកគ្នាផ្អើលពេញដងផ្លូវ ធ្វើឱ្យអ្នកធ្វើដំណើរនាំគ្នាចោមរោមមើល ទើបផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍-ស្រះចក ចុះមកជួយសម្របសម្រួល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឱ្យភាគីទាំងសងខាងសូមទោសគ្នាទៅវិញទៅមក ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយភាគីអ្នកលក់ជាអ្នកសូមទោសមុន៕

