Tuesday, November 18, 2025
Homeព័ត៌មានជាតិលោកដុកទ័រខូចមែន តាមពេទ្យក្រមុំចូលបន្ទប់ទឹក រហូតដល់បន្ទប់ដេក ចុងក្រោយនាងរត់ទៅដេកជាមួយមិត្តភក្តិបាត់

លោកដុកទ័រខូចមែន តាមពេទ្យក្រមុំចូលបន្ទប់ទឹក រហូតដល់បន្ទប់ដេក ចុងក្រោយនាងរត់ទៅដេកជាមួយមិត្តភក្តិបាត់

ខេត្តកំពង់ឆ្នាំង ៖ លោកវេជ្ជបណ្ឌិតម្នាក់បម្រើការនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ត្រូវបានអ្នកគ្រូពេទ្យក្រមុំរូបស្រស់ម្នាក់ ប្តឹងចោទប្រកាន់ថា បានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង ខណៈដែលអ្នកទាំងពីរកំពុងបំពេញភារកិច្ចក្នុងមន្ទីរពេទ្យ ដោយប្រចាំការវេនយប់ជាមួយគ្នា ដោយនៅពេលដែលអ្នកគ្រូពេទ្យក្រមុំដើរចូលបន្ទប់ទឹក លោកដុកទ័រកំហូចបានធ្វើសកម្មភាពលបដើរតាម និងបានចាប់ឱបពីក្រោយ ប៉ុនប៉ងចាក់ម្ជុលធំតែម្តង តែមិនបានសម្រេច ក៏ត្រូវអ្នកគ្រូពេទ្យក្រមុំប្តឹងសមត្ថកិច្ចច្ចាប់ខ្លួន។

ករណីលោកដុកទ័រកំហូចប៉ងចាក់ម្ជុលធំ អ្នកគ្រូពេទ្យក្រមុំប្តឹងចាប់រំលោភនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។ លុះក្រោយពីអ្នកគ្រូពេទ្យរងគ្រោះប្តឹង សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនលោកដុកទ័រកំហូច នាំយកទៅសាកសួរ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិត ដែលទទួលរងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះហេង សេងហ៊ ជាវេជ្ជបណ្ឌិតផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងជាម្ចាស់គ្លីនិកឯកជនមួយ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានជំនាញឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក មនុស្សចាស់ និងកុមារ ផងដែរ។ ចំណែកនារីរងគ្រោះជាបុគ្គលិកពេទ្យ បម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

តាមសម្តីរបស់អ្នកគ្រូពេទ្យក្រមុំរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នាងត្រូវវេនប្រចាំការនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ចំណែកលោកវេជ្ជបណ្ឌិតជាជនសង្ស័យ ក៏ត្រូវវេនប្រចាំការដូចគ្នា។ លុះក្រោយមក ខណៈដែលនាងដើរចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែលោកវេជ្ជបណ្ឌិតរូបនោះ លបចូលទៅតាមក្រោយ រួចក៏ធ្វើសកម្មភាពចាប់ឱបនាងពីក្រោយប៉ុនប៉ងផ្តួល និងរំលោភនាងទាំងកំរោល ប៉ុន្តែសំណាងល្អ នាងប្រឹងរើបម្រះរួច ហើយរត់ចេញក្រៅ សំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែត្រូវលោកដុកទ័រជាជនសង្ស័យតាមនាងរហូតទៅដល់បន្ទប់ដេកទៀត ដោយចាប់ឱបនាង អង្អែលភ្លៅ ធ្វើឱ្យនាងភ័យពេក ក៏រត់ចេញពីបន្ទប់ដេកនោះ ទៅដេកជាមួយមិត្តភក្តិរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងរបស់នារីរងគ្រោះ សមត្ថកិច្ចក៏បានចុះធ្វើការឃាត់ខ្លួនលោកវេជ្ជបណ្ឌិតដែលទទួលរងការចោទប្រកាន់ថា បានប៉ុនប៉ងរំលោភអ្នកគ្រូពេទ្យក្រមុំនោះ មកធ្វើការសាកសួរផងដែរ។ ជាមួយនេះ សមត្ថកិច្ចក៏កំពុងដុតដៃដុតជើងធ្វើការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យទៀតផង ដើម្បីស្វែងរកភ័ស្តុតាងបន្ថែម។

ប្រភពដដែលបានបង្ហើបឱ្យដឹងថា ក្រោយឃាត់ខ្លួន លោកវេជ្ជបណ្ឌិតសង្ស័យ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តទៅលើអ្នកគ្រូពេទ្យក្រមុំរងគ្រោះប្រាកដមែន ប៉ុន្តែគ្រាន់តែឱបនាងពីក្រោយប៉ុណ្ណោះ។ ជាមួយនេះ លោកដុកទ័រ ព្យាយាមចរចាសងសំណងជំងឺចិត្តទៅឱ្យនារីរងគ្រោះ ចំនួន៨ពាន់ដុល្លារផងដែរ ជាថ្នូរនឹងការបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ។ ប៉ុន្តែការសម្របសម្រួលមួយនេះ ត្រូវបានភាគីនារីរងគ្រោះបដិសេធ ច្រានចោល ដោយទាមទារឱ្យសមត្ថកិច្ចអនុវត្តតាមច្បាប់។

ជុំវិញករណីលោកដុកទ័រប៉ុនប៉ងចាក់ម្ជុលធំ (ចាប់រំលោភ) លើគ្រូពេទ្យក្រមុំនេះ លោកសូរិន្ទ ធីរ៉ាវុឌ្ឃី ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ករណីនេះគឺពិតជាមានមែន។ លោកប្រធានមន្ទីរពេទ្យរូបនេះ បានបញ្ជាក់ថា នេះជារឿងបុគ្គល ប៉ុន្តែក៏ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រូពេទ្យទាំងមូលផងដែរ ព្រោះកាមេរ៉ាសុវត្ថិភាពក្នុងមន្ទីរពេទ្យ បានឃើញនូវសកម្មភាពគ្មានសល់”

RELATED ARTICLES