ខេត្តប៉ៃលិន ៖ យុវជនម្នាក់បានទាក់ទងស្នេហាជាមួយយុវតីម្នាក់ រហូតឈានដល់ពង្រត់គ្នាចេញពីផ្ទះអស់មួយរយៈ ក៏ត្រូវឪពុកម្តាយខាងស្រីតាមរកឃើញ នាំត្រឡប់មកវិញ បន្ទាប់មកខាងប្រុសនាំចាស់ទុំចូលស្តីដណ្តឹង តែមិនទាន់មានថ្លៃបណ្ណាការឱ្យនៅឡើយ លុះក្រោយមក ក៏បែរជាក្រឡាស់សម្តីថា គ្មានលុយទៅវិញ ហើយមិនបានប៉ុន្មាន ស្រាប់តែយុវជនរូបនោះបានមកពង្រត់យុវតីជាគូស្នេហ៍ទៅបាត់ទៀត ទើបឪពុកម្តាយខាងស្រីសម្រេចប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តាមរកកូនស្រីរបស់គាត់ត្រឡប់មកវិញផង និងតាមប្រមាញ់ចាប់ខ្លួនយុវជនជាគូស្នេហ៍កូនស្រី យកមកចាត់ការតាមច្បាប់ផងដែរ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

យុវតីដែលត្រូវប្រុសស្នេហ៍ពង្រត់ចេញពីផ្ទះ២ដង មានឈ្មោះសៀន វ៉ន អាយុ១៥ឆ្នាំ ជាអតីតសិស្សរៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សា ស ខេង អូរតាវ៉ៅ មានឪពុកឈ្មោះជុំ ភក្តី អាយុ៣៥ឆ្នាំ ម្តាយឈ្មោះឆាត ឃឿន អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ចំណែកជនសង្ស័យដែលពង្រត់កូនស្រីគេចេញពីផ្ទះ មានឈ្មោះល័ក្ខ ហៅម៉ូន អាយុ២៥ឆ្នាំ មានលំនៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅភូមិបាណោក ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

តាមសម្តីឪពុកបង្កើតខាងស្រី បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់រៀនបានត្រឹមថ្នាក់ទី ៦ប៉ុណ្ណោះ ក៏ឈប់រៀនវិញ ព្រោះតែចូលដល់ ថ្នាក់ទី៦ ជិតប្រឡងឡើងថ្នាក់ទី៧ទៅហើយ បែរជាកូនស្រីវក់ដើរលេងសេពគប់មិត្តភក្តិមិនល្អ លែងប្រឹងរៀនសូត្រ រហូតសុំពួកគាត់ជាឪពុកម្តាយថា ឈប់រៀនតែម្តង ដោយលើកហេតុផលថា រៀនមិនចូល។ លុះក្រោយពីឈប់រៀនបានប្រមាណ២-៣ខែ ស្រាប់តែកូនស្រីគាត់បានស្គាល់គ្នាជាមួយជនសង្ស័យឈ្មោះល័ក្ខ ហៅម៉ូន រហូតដល់ត្រូវរ៉ូវគ្នាពង្រត់គ្នាចេញពីផ្ទះ ទៅស្នាក់នៅផ្ទះរបស់បុរសម្នាក់ឈ្មោះ ធៀម ឈិន អាយុ៦១ឆ្នាំ និងស្ត្រីម្នាក់ ឈ្មោះ ជុត តុត អាយុ៧៧ឆ្នាំ រស់នៅភូមិបាណោក ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដោយអះអាងថា ជាអ៊ំរបស់ខ្លួន អស់រយៈពេលជាច្រើនថ្ងៃ ទើបពួកគាត់ជាឪពុកម្តាយតាមទៅរកកូនស្រីឃើញ ក៏នាំទាំងកូនស្រី និងយុវជនជាគូស្នេហ៍មកផ្ទះ ក្នុងក្រុងប៉ៃលិន វិញ។

បុរសជាឪពុករូបនេះ បន្តថា លុះដល់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៩ សាច់ញាតិរបស់ជនសង្ស័យទាំង២នាក់ បានធ្វើដំណើរចេញពីខេត្តបាត់ដំបង មកផ្ទះរបស់គាត់នៅខេត្តប៉ៃលិន ដើម្បីពិភាក្សាគ្នារឿងក្មេងៗ ដោយសម្រេចថា ចូលស្តីដណ្តឹងកូនស្រីរបស់គាត់ឱ្យត្រឹមត្រូវតាមប្រពៃណី ពេលនោះ ពួកគាត់ជាចាស់ៗ ក៏បានធ្វើកិច្ចសន្យាប្រគល់ប្រាក់ថ្លៃបណ្ណាការ ដោយពួកគាត់ជាចាស់ទុំខាងស្រី បានបង្គាប់ថ្លៃទឹកដោះចំនួន៣៧០០ដុល្លារ និងមាសចំនួន២,៥ជី។ ចំណែកចាស់ទុំខាងប្រុសក៏យល់ព្រមដែរ ដោយថែមទាំងមានមេភូមិអូរតាវ៉ៅ ចូលរួមដឹងឮជាសាក្សីទៀតផង។ បន្ទាប់ពីពិភាក្សាគ្នាចប់ ចាស់ទុំខាងប្រុសក៏បានត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា២ថ្ងៃទៀត នឹងមករៀបចំអាពាហ៍ពិពាហ៍ឱ្យកូនៗតែម្តង និងថែមទាំងបានសុំម្ហូបពីខាងពួកគាត់ចំនួន១តុ ដើម្បីឱ្យបងប្អូនខាងប្រុសមកជួបជុំគ្នាហូបក្នុងថ្ងៃរៀបការនាពេលខាងមុខ។

បុរសជាឪពុក បានបញ្ជាក់ថា ស្រាប់តែដល់ថ្ងៃកំណត់ បែរជាភាគីខាងប្រុសឆ្លើយដោះដៃយ៉ាងរំភើយថា គ្មានលុយរៀបចំការឱ្យនោះទេ ចង់ប្តឹងទៅណា ក៏ប្តឹងចុះ!។ ស្រាប់តែមិនបានប៉ុន្មានថ្ងៃផង ជនសង្ស័យរូបនេះ ក៏បានពង្រត់កូនស្រីរបស់គាត់ចេញពីផ្ទះជាលើកទី២ ហើយគិតមកដល់ពេលនេះ នៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយ ទើបគាត់ជាឪពុកខាងស្រីក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន តែម្តង ដោយស្នើសុំឱ្យសមត្ថកិច្ចជួយតាមរកកូនស្រីរបស់គាត់ ត្រឡប់មកវិញផង និងស្នើសុំឱ្យតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ ដែលពង្រត់កូនស្រីរបស់គាត់ចេញពីផ្ទះ មកចាត់ការតាមច្បាប់ផង។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកខាងស្រីរួចមក សមត្ថកិច្ចកំពុងចុះធ្វើការស្រាវជ្រាវ និងចាត់ការបន្តតាមនីតិវិធី៕