ខេត្តបាត់ដំបង ៖ បុរសម្នាក់បានធ្វើសកម្មភាពចាប់រំលោភកូនក្រមុំគេ រហូតដល់បានសម្រេច រួចក៏ព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនអស់រយៈពេល១០ឆ្នាំ នឹកស្មានថារួចខ្លួន ស្រាប់តែនៅសុខៗ ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនដល់ផ្ទះ។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យរំលោភកូនស្រីគេខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិគោក ឃុំបវេល ស្រុកបវេល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់រំលោភកូនស្រីគេកាល ពី១០ឆ្នាំមុននេះ មានឈ្មោះរើន រ៉ាន មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកម្លាំងជំនាញសហការជាមួយកម្លាំងអន្តរាគមន៍ដោយអនុវត្តដីកាបង្គាប់ចាប់ខ្លួន លេខ ៧៤៧ ដ.ច.ខ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ របស់លោកឌុច សុខសារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ រើន រ៉ាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅចំណុចភូមិបឹងអន្លក់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០០៩ វេលាម៉ោង៧ និង៣០នាទីយប់។ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕