Tuesday, November 18, 2025
Homeព័ត៌មានជាតិអាប៉ោងតេឡេ មេភ័យកូនវ៉ៃ វេចលុយរត់ ជួបរឿងនេះនៅកណ្តាលផ្លូវ

អាប៉ោងតេឡេ មេភ័យកូនវ៉ៃ វេចលុយរត់ ជួបរឿងនេះនៅកណ្តាលផ្លូវ

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងអាប៉ោង១ក្រុម បានជុំគ្នាបាញ់អាប៉ោងនៅក្នុងចម្ការស្វាយ១កន្លែង លុះលេងយូរៗទៅ ឈ្នះតែមេ ទើបធ្វើឱ្យអ្នកលេងផ្សេងទៀត (កូនអាប៉ោង) សង្ស័យមេប្រើល្បិច ក៏ឆែកមើល ទើបដឹងថា តាមពិតមេអាប៉ោងប្រើល្បិចបាញ់អាប៉ោងមានតេឡេបញ្ជា លុះបែកធ្លាយរឿងរ៉ាវ ធ្វើឱ្យមេអាប៉ោងភ័យខ្លាចកូនៗព្រួតវ៉ៃ ក៏វេចលុយរត់គេច លុះដល់ពាក់កណ្តាលផ្លូវក៏ដួលបោកទៅនឹងដី ហើយស្របពេលដែលមេអាប៉ោងរូបនេះ មានជំងឺលើសឈាមប្រចាំកាយផង ទើបបណ្តាលឱ្យដេកស្លាប់នៅកណ្តាលផ្លូវយ៉ាងអាណោចអាធ័ម។

ករណីប្រទះឃើញមេអាប៉ោងដេកស្លាប់កណ្តាលផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវក្រាលក្រួសក្រហម១ខ្សែ ស្ថិតនៅចំណុចទំនប់តានង ក្នុងភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង។

ជនរងគ្រោះមានឈ្មោះឈៀង ហ៊ី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាង ពេលទំនេរដើរបាញ់អាប៉ោង មានលំនៅភូមិស្នោរទី២ សង្កាត់សុព័រទេព ក្រុងច្បារមន។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានណាត់គ្នាទៅលេងអាប៉ោងនៅចម្ការស្វាយ១កន្លែង ក្នុងឃុំទ័ពមាន ស្រុកថ្ពង ពេលដែលលេងបុរសរងគ្រោះឈ្នះលុយជាច្រើន មានទាំងមាសថែមទៀតផង។ ដោយចាញ់ច្រើនពេក ធ្វើឱ្យអ្នកលេងផ្សេងទៀត កើតការសង្ស័យថាមានម្នាក់ដេកនៅអង្រឹងជាអ្នកបញ្ជា ក៏ទៅចាប់ឆែកមើលឃើញតេឡេបញ្ជាមែន លុះចាប់មេអាប៉ោងពិនិត្យឃើញគ្រាប់អាប៉ោង មានតេឡេបញ្ជា ក៏បោកបែបខ្ទេចភ្លាមៗ។

ប្រភពដដែលបន្តថា ក្រោយពេលបែកការណ៍ បុរសរងគ្រោះក៏ភ័យខ្លួនខ្លាចអ្នកលេងអាប៉ោង ប្រើអំពើហិង្សាព្រួតវ៉ៃ ក៏បានវេចលុយរត់គេចចេញពីវង់អាប៉ោង រហូតមកដលចំណុចកើតហេតុ ដែលជាប់ព្រំប្រទល់ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ក៏ជំពប់ជើងដួលផ្កាប់មុខលើផ្លូវក្រួសក្រហម ក៏ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពេលដែលជនរងគ្រោះស្លាប់ ប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ទៅសម្ថកិច្ចឱ្យចុះមកពិនិត្យតែបែរជាឃើញសម្ថកិច្ចខាងឧដុង្គ ចុះមកទៅវិញ ដោយសារតែយប់ផង សមត្ថកិច្ចបានត្រឹមដេកការពារកន្លែងកើតហេតុ រហូតព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចជំនាញខេត្ត រួមជាមួយគ្រូពេទ្យ ចុះមកពិនិត្យ ដោយមានអាជ្ញាធរឃុំទ័ពមាន និងឃុំជំពូព្រឹក្ស ចូលរួមផងដែរនោះ ក្រោយពីពិនិត្យយ៉ាងយកចិត្ត ទុកដាក់នោះ ឃើញថា សពពិតជាស្លាប់ដោយសារតែដួលបោកនិងដី ហើយគាប់ជួនបុរសរងគ្រោះខាងលើមានជំងឺប្រចាំកាយ (លើសឈាម) ផង ទើបបណ្តាលឱ្យដាច់ខ្យល់ស្លាប់បែបនេះតែម្តង។

ក្រោយពិនិត្យរួចរាល់ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES