ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវគេស្គាល់ថា ជានិស្សិតឆ្នាំទី២ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែបង្ហោះសារខ្លីមួយក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “លាឈ្មោះនិស្សិត” បន្ទាប់មកក៏ជិះម៉ូតូមកឈប់លើស្ពានជ្រោយចង្វាថ្មី រួចស្ទុះលោតចូលទឹកសម្លាប់ខ្លួនទាំងយប់ និងបានលិចបាត់ខ្លួនពេញ១យប់ រហូតដល់ព្រឹកថ្ងៃបន្ទាប់ ទោះជាក្រុមគ្រួសារជួលទូកនេសាទតាមរាវរកយ៉ាងណា ក៏នៅមិនទាន់ប្រទះឃើញសាកសពឡើយ។

ករណីនិស្សិតស្រីលោតទឹកស្ពានជ្រោយចង្វា សម្លាប់ខ្លួនទាំងយប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ហើយគិតមកដល់ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមគ្រួសារនារីរងគ្រោះបានជួលទូកប្រជានេសាទជនជាតិខ្មែរ-អ៊ិស្លាម ក្នុងតម្លៃ៥០០ដុល្លារ ឱ្យជួយរាវរក ប៉ុន្តែរកជនរងគ្រោះមិនទាន់ឃើញនៅឡើយ។
និស្សិតស្រីគិតខ្លីដែលលោតទឹកសម្លាប់ខ្លួនខាងលើ មានឈ្មោះគេង ឡៃ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមេគង្គ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតក្នុងភូមិដូង ឃុំដូង សង្កាត់ប្រាសាទបាល័ង្ក ខេត្តកំពង់ធំ។

ពាក់ព័ន្ធនឹងករណីនិស្សិតឆ្នាំទី២ លោតសម្លាប់ខ្លួននេះ មកដល់ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមគ្រួសារ រួមទាំងក្រុមនិស្សិតដែលត្រូវជាមិត្តភក្តិជនរងគ្រោះ បាននាំគ្នាមកដល់កន្លែងកើតហេតុ និងបានជួលទូកប្រជានេសាទ ក្នុងតម្លៃ៥០០ដុល្លារ ឱ្យជួយរាវរកសាកសពនារីរងគ្រោះ ប៉ុន្តែមិនទាន់រកឃើញនៅឡើយ ធ្វើឱ្យគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ។

តាមប្រភពពីមិត្តភក្តិនារីរងគ្រោះខាងលើ បានបញ្ជាក់ប្រាប់ថា នៅមុនពេលដែលនិស្សិតស្រីរូបនេះដាច់ចិត្តមកលោតទឹកសម្លាប់ខ្លួននោះ គឺនៅវេលាម៉ោងប្រមាណ៧និង៣៣នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នារីរងគ្រោះបានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងយ៉ាងខ្លីថា “លាឈ្មោះនិស្សិត” ប៉ុន្តែទាំងក្រុមគ្រួសារ រួមនឹងមិត្តភក្តិនិស្សិតស្រីរងគ្រោះខាងលើ សុទ្ធតែមិនបានដឹងថា នារីរងគ្រោះមានរឿង ឬវិបត្តិអ្វីឱ្យពិតប្រាកដនោះទេ ចំណែករឿងទំនាក់ទំនងស្នេហា ដែលអាចធ្វើឱ្យនាងគិតខ្លីនោះ ក៏មិនធ្លាប់បានដឹងដែរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1J-0508 ធ្វើដំណើរចេញពីរង្វង់មូលព្រហ្មមុខបួន (ខណ្ឌជ្រោយចង្វា) សំដៅឡើងមករង្វង់មូលគួចកាណុង (ខណ្ឌដូនពេញ) ក្នុងទិសដៅពីកើតមកលិច លុះពេលជិះម៉ូតូឡើងមកដល់ពាក់កណ្តាលស្ពានជ្រោយចង្វាថ្មី នារីរងគ្រោះក៏បានឈប់ម៉ូតូ រួចស្ទុះឡើងតោងបង្កាន់ដៃស្ពាន លោតចូលទឹកសម្លាប់ខ្លួនតែម្តង សូម្បីតែអ្នកប្រទះឃើញហេតុការណ៍ ចង់ស្ទុះទៅជួយក៏មិនទាន់ផង ហើយភ្លាមនោះ នារីរងគ្រោះក៏លិចចូលទឹកបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូនៅលើស្ពាន បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗ តែទោះជាយ៉ាងណា ជនរងគ្រោះបានលោតទឹកពីលើស្ពានលិចបាត់ខ្លួនទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូ និងសម្ភារៈរបស់ជនរងគ្រោះទៅរក្សាទុក ដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារ។
ដោយឡែក មកដល់ព្រឹកនេះ សាកសពនារីរងគ្រោះត្រូវបានគេប្រទះឃើញហើយ ពេលនេះសមត្ថកិច្ចកំពុងធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ៕
