Tuesday, November 18, 2025
Homeព័ត៌មានជាតិឲ្យអូនអស់ចិត្ត បងរត់ឡើងបង្កាន់ដៃស្ពានបម្រុង... ដើម្បីបញ្ជាក់ចិត្តស្មោះ

ឲ្យអូនអស់ចិត្ត បងរត់ឡើងបង្កាន់ដៃស្ពានបម្រុង… ដើម្បីបញ្ជាក់ចិត្តស្មោះ

ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តនឹងរឿងប្រពន្ធ មិនជឿចិត្ត ចេះតែចោទប្រកាន់ថា ខ្លួនជាប្តីលួចលាក់មានស្រីថ្មី ទោះពន្យល់ប្រាប់យ៉ាងណា ក៏មិនខ្ចីស្តាប់ ទើបសម្រេចចិត្តមកលោតទឹកស្ពានជ្រោយចង្វាសម្លាប់ខ្លួន ដើម្បីបញ្ជាក់ចិត្តស្មោះឱ្យប្រពន្ធបានដឹង តែសំណាងល្អ ត្រូវបានសមត្ថកិច្ចប្រទះឃើញ ជួយឃាត់ទាន់ នាំយកមកសាកសួរ។

ហេតុការណ៍ប្តីប៉ងលោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ព្រោះតែមិនចង់ឱ្យប្រពន្ធយល់ច្រឡំ ចោទថា ខ្លួនមានស្រីថ្មីមិនដាច់ពីមាត់នោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសដែលប៉ុនប៉ងគិតខ្លីលោតទឹកសម្លាប់ខ្លួននេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ បានជិះរថយន្តឈ្នួលមកដល់រង្វង់មូលកួចកាណុង រួចដើរសំដៅឡើងស្ពានជ្រោយចង្វាចាស់ ពីត្រើយខាងលិច ឆ្ពោះទៅត្រើយខាងកើត។ ខណៈពេលដើរបានពាក់កណ្តាលស្ពាន ស្រាប់តែបុរសរូបនោះបានឈប់ឈរតោងបង្កាន់ដៃស្ពាន ទាំងទឹកមុខក្រៀមស្រពោន រួចក៏ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែភ្លាមៗនោះ ក៏ត្រូវបានសមត្ថកិច្ចស្ទុះទៅឃាត់ទាន់ពេល រួចក៏នាំយកទៅសាកសួរនៅគល់ស្ពានជ្រោយចង្វារង្វង់មូលព្រហ្មមុខបួន។

តាមសម្តីបុរសខាងលើ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា រូបគាត់មានស្រុកកំណើតនៅស្រុកកំពង់ក្តី ខេត្តសៀមរាប។ ហើយគាត់មកនេះ ពិតជាចង់សម្លាប់ខ្លួនមែន រីឯមូលហេតុដែលនាំឱ្យគាត់ប៉ងសម្លាប់ខ្លួននេះ គឺដោយសារតែតូចចិត្តនឹងប្រពន្ធ រួមទាំងម្តាយក្មេកបានចោទថា រូបគាត់លួចមានស្រីថ្មី ហើយទោះជាគាត់ប្រឹងពន្យល់ហេតុផល និងបកស្រាយប្រាប់ប្រពន្ធ និងម៉ែក្មេកយ៉ាងណា ក៏ពួកគាត់មិនព្រមស្តាប់ និងជឿសម្តីរបស់គាត់សោះ។

បុរសខាងលើ បញ្ជាក់ថា ដោយសារតែតូចចិត្តនឹងប្រពន្ធមិនជឿចិត្តប្តី ហេតុនេះហើយ ទើបគាត់សម្រេចចិត្តជិះរថយន្តតាក់ស៊ីពីស្រុកកំណើតមកដល់ភ្នំពេញ បម្រុងលោតទឹកសម្លាប់ខ្លួនតែម្តង តែត្រូវបានសមត្ថកិច្ចឃាត់ទាន់។

បន្ទាប់ពីសមត្ថកិច្ចឃាត់យកទៅសួរនាំរួចហើយ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះ អាណិតអាសូរបាននាំគ្នាជូនជាថវិកាបន្តិចបន្តួច ទុកសម្រាប់ធ្វើដំណើរទៅស្រុកកំណើតវិញ។ ជាមួយគ្នានោះ សមត្ថកិច្ចបានណែនាំឱ្យរកកន្លែងស្នាក់នៅឱ្យស្រួលបួល កុំគិតខ្លីអ៊ីចឹងទៀត រួចហើយឡើងជិះម៉ូតូឌុបចេញទៅបាត់៕

RELATED ARTICLES