ខេត្តកណ្តាល ៖ បុរសម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធរបស់ខ្លួន១ប្រាវ រួចក៏បោះសម្តីដាក់ប្រពន្ធថា អញ់មិនចង់រស់ទៀតទេ បន្ទាប់មកក៏ទាញម៉ូតូជិះចេញពីផ្ទះ មកដល់លើស្ពានព្រែកសំរោង ក៏ឈប់ម៉ូតូស្ទុះលោតចូលទឹកទាំងកំរោល ចំណែកស្ត្រីជាប្រពន្ធបានជិះម៉ូតូឌុបតាមប្តីដែរ តែចាប់ឃាត់មិនទាន់ បានត្រឹមជួលទូកនេសាទរាវរកសពប្តីអស់រយៈ ពេល១ម៉ោង ទើបរកឃើញសាកសព។

ហេតុការណ៍ប្តីខឹងប្រពន្ធ លោតពីលើស្ពានព្រែកសំរោង សម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួន មានឈ្មោះសុខ សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានប្រពន្ធឈ្មោះកើត ស្រីនាង មុខរបរលក់ដូរជាមួយគ្នា និងមានលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងប្តីបានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នាមួយប៉្រាវ (តែមិនបញ្ជាក់ថា ឈ្លោះគ្នារឿងអ្វីនោះទេ) លុះមួយសន្ទុះក្រោយមក ប្តីរបស់នាងក៏បានបោះសម្តីដាក់នាងជាប្រពន្ធថា “អញមិនចង់រស់ទៀតទេ” គ្រាន់តែនិយាយរួច ប្តីរបស់នាងក៏បានទាញម៉ូតូជិះចេញមកយ៉ាងលឿន ឃើញបែបនេះ នាងក៏ប្រញាប់ហៅម៉ូតូឌុបជិះ ប្រដេញតាមប្តីជាប់ពីក្រោយយ៉ាងប្រកិតដែរ និងឃើញប្តីជិះម៉ូតូឡើងមកលើ ស្ពានព្រែកសំរោង ទើបនាងក៏ប្រមាញ់តាមទៅកៀកនឹងប្តីដែរ ប៉ុន្តែភ្លាមនោះ ប្តីនាងក៏បានឈប់ម៉ូតូនៅលើស្ពាន ហើយគ្រាន់តែឈប់ម៉ូតូភ្លាម ប្តីរបស់នាងក៏ស្ទុះលោតចូលទៅក្នុងទឹកទន្លេទាំងកំរោល ឯរូបនាងស្ទុះទៅចាប់ឃាត់ ប្តីមិនទាន់ ធ្វើឱ្យប្តីលិចចូលទឹកបាត់តែម្តង។

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា ភ្លាមៗនោះ នាងបានស្រែកហៅទូកប្រជានេសាទនៅក្បែរនោះ ឱ្យជួយរាវរកអស់រយៈមួយម៉ោង ទើបឃើញសពរួចក៏ទាញមកច្រាំងទន្លេ ឱ្យសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច័យរួច ទើបដឹកយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង៕

