ភ្នំពេញ ៖ បុរសម្នាក់អផ្សុកពេក ក៏ដើរទៅអង្គុយបណ្តែតអារម្មណ៍ទាំងកណ្តាលយប់នៅមាត់ត្រពាំងខាងក្រោយភូមិ ស្រាប់តែត្រូវជនមិនស្គាល់មុខម្នាក់ទាញដាវ ស្ទុះចូលទៅកាប់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រង់ក្បាល និងដាច់ម្រាមដៃប៊ិះស្លាប់ លុះរំលងបានជាង១សប្តាហ៍ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនដៃដល់បាន និងត្រូវជនដៃដល់ឆ្លើយសារភាពថា ពេលនោះខ្លួនដើរទៅរកជីកអន្លង់ត្រី ស្រាប់តែឃើញស្រមោលស្ទង់ៗ នឹកស្មានថាជាខ្មោច ក៏ទាញដាវកាប់ លុះលាន់ឮសំឡេងស្រែកអូយ ទើបដឹងថាជាមនុស្សសោះ។
ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើង កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះនួក ឡា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររកត្រី មានលំនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ មានឈ្មោះស៊ឹម សុផល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងសំណង់ មានលំនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីអំឡុងជាង១សប្តាហ៍មុន នៅវេលាម៉ោងប្រមាណ១១យប់ ជនសង្ស័យបានចេញពីផ្ទះទៅមើលអន្លង់ដាក់ត្រី នៅមាត់ត្រពាំងធំមួយនៅខាងក្រោយក្បែរភូមិច្រេស ដោយមានកាន់ដាវយកទៅជាមួយផង ដើម្បីការពារខ្លួន។ លុះពេលទៅដល់មាត់ត្រពាំងនោះ ក៏បានជួបជនរងគ្រោះកំពុងតែអង្គុយបណ្តែតអារម្មណ៍ម្នាក់ឯងនៅទីនោះ ដោយគ្មានមាត់១ម៉ាត់ និងឃើញតែស្រមោលស្ទង់ៗប៉ុណ្ណោះ ទើបនឹកស្មានតែជាខ្មោចលង ឬជាចោរ ក៏បានលើកដាវកាប់ប៉្រាវ ស្រាប់តែឮជនរងគ្រោះ ស្រែកអូយជួយផង ទើបដឹងថា តាមពិតមនុស្សសោះ ទើបភ័យខ្លួនក៏រត់គេចខ្លួនចោលផ្ទះបាត់តែម្តង។

នៅគ្រានោះដែរ មានអ្នកភូមិម្នាក់បានឮសូរសំឡេងស្រែក ក៏បានដើរទៅមើលឃើញជនរងគ្រោះមានឈាមហូរស្រោចខ្លួន ទើបជួយគ្រាហ៍យកទៅផ្ទះ ឱ្យក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យឯកជនមួយនៅផ្សារឈូកមាស តែគេមិនទទួលក៏បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ ដោយរងបួសត្រង់ក្បាលចំហៀងប៉ែកខាងស្តាំ ដេរចំនួន១២ថ្នេរ និងដាច់ម្រាមដៃកណ្តាលចំនួនមួយផង។ បន្ទាប់ពីព្យាបាលជាសះស្បើយ ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ។
លុះមកដល់ល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមគ្រួសារជនរងគ្រោះបានប្រទះឃើញឈ្មោះនួក ឡា កំពុងតែដើរតាមផ្លូវ នៅភូមិត្រពាំងស្វាយ ក៏បាននាំគ្នាទៅឃាត់ប្រគល់ឱ្យប៉ូលិសចាត់ការតាមច្បាប់តែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមនីតិវិធី៕