Tuesday, November 18, 2025
Homeព័ត៌មានជាតិឪពុកគ្រាន់បន្ទោស២-៣ម៉ាត់ទេ មិនគួរមានរឿងចឹងសោះ

ឪពុកគ្រាន់បន្ទោស២-៣ម៉ាត់ទេ មិនគួរមានរឿងចឹងសោះ

ខេត្តពោធិ៍សាត់ ៖ យុវជនឈាមរាវម្នាក់ តែងផឹកស្រាស្រវឹងអួទីនួ និងបង្ករឿងអុកឡុកក្នុងផ្ទះវាយបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន រហូតដល់ឪពុកទ្រាំមិនបាន ក៏ស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែកូនប្រុសឈាមខ្មៅ ផ្ទុះកំហឹងស្ទុះច្រានទ្រូងឪពុក បណ្តាលឱ្យដួលអុកគូទ ចូលចង្ក្រានបាយ ទើបឪពុកប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនកូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់។ ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសច្រានឪដួលអុកគូទនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ។

កូនប្រុសអកតញ្ញូដែលច្រានឪពុកបង្កើតខ្លួនឯងដួលអុកគូទ គ្រាន់តែខឹងឪពុកស្តីបន្ទោសតិចតួចនោះ មានឈ្មោះម៉ៅ ម៉ី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះធូ ធី អាយុ៤២ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ឪពុក និងកូនប្រុស ស្នាក់នៅផ្ទះជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសរងគ្រោះជាឪពុក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យជាកូនបង្កើតរបស់គាត់ផឹកស្រាស្រវឹងជោគជាំ លុះត្រឡប់មកដល់ផ្ទះវិញ តែងតែរករឿងអុកឡុកក្នុងផ្ទះវាយទ្រព្យសម្បត្តិក្នុងផ្ទះរហូត។ លុះដល់ថ្ងៃកើតហេតុ កូនប្រុសនេះផឹកស្រវឹងជោកជាំ ក៏បានឡូឡាពេញផ្ទះ ទើបគាត់បានស្តីបន្ទោស២-៣ម៉ាត់ទៅ ស្រាប់តែកូនប្រុសកំណាចរូបនេះបានស្ទុះមកច្រានរូបគាត់ខ្ទាតដួល អុកគូទចូលចង្ក្រានបាយ ធ្វើឱ្យគាត់ទ្រាំលែងបាន ក៏មកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់កូនកំណាចយកទៅសួរនាំតែម្តង។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស បានឱ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ៅ ម៉ី ធ្វើឡើងតាមបណ្តឹងរបស់ជនរង គ្រោះជាឪពុក និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ផងដែរ។

ក្រោយពីចាប់ឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញសាធាតុញៀននៅក្នុងខ្លួនជនសង្ស័យ តាមរយៈធ្វើតេស្តទឹកនោម។ បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES