តារាសម្តែងជើងចាស់ លោកសាវិន ហ្វីលីព ដែលជាស្វាមីពិធីការិនី សែម ឆវី នោះបានឱ្យដឹងថា កូនប្រុសរបស់លោកដែលជាតារាសម្តែងនិងធ្លាប់លេចមុខតាមស្ពតមួយចំនួនឈ្មោះ យោធិន វីរ៉ាយុត្ត អាយុ17ឆ្នាំ នឹងចូលខ្លួនសាងព្រះផ្នួស នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2019 ខាងមុខនេះហើយ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ដែលនេះជាការដើរតាមគន្លងរបស់លោកផងដែរ ព្រោះកន្លងមក លោកហ្វីលីព ក៏ធ្លាប់សាងផ្នួសជាច្រើនថ្ងៃសងគុណឪពុកផងដែរ។
លោកសាវិន ហ្វីលីព បានឱ្យដឹងថា កូនប្រុសរបស់លោកនឹងសាងផ្នួសរយៈពេល10ថ្ងៃ ហើយការតាំងចិត្តបែបនេះ គឺដើម្បីសងគុណឪពុកម្តាយ គឺដូចដែលលោកធ្លាប់ធ្វើពីមុនដែរ។
លោកបន្តថា ការសម្រេចចិត្តចូលសាងផ្នួសរបស់កូនប្រុសលោកពេលនេះ ជាគំរូមួយសម្រាប់យុវជនឯទៀតក្នុងការលះបង់ដើម្បីសងគុណឪពុកម្តាយ ហើយបើយុវជនខ្មែរធ្វើបានដូច្នេះ គឺជាទង្វើល្អមួយដែលគួរឱ្យសរសើរនិងសម្រាប់យុវជនក្រោយធ្វើតាមផងដរ។
គួរបញ្ជាក់ថា កូនប្រុសតារាសម្តែង សាវិន ហ្វីលីព គឺយុវជនវីរយុត្ត មានរូបរាងសង្ហាកាត់ទៅរកឪពុក ដែលថ្មីៗនេះទើបប្រលងបាក់ឌុប និងកំពុងរង់ចាំលទ្ធផល។
វីរយុត្ត បានឱ្យដឹងថា ទោះជាលទ្ធផលប្រលងនោះយ៉ាងណា ក៏លោកសម្រេចចិត្តសាងផ្នួសសងគុណឪពុកម្តាយដដែល ព្រោះនេះជាបំណង។
ដោយឡែក ទាក់ទងការចង់ដើរតាមគន្លងឪពុកដោយប្រឡូកអាជីពសិល្បៈយ៉ាងជោកជាំ ឬយ៉ាងណានោះ យុវជន វីរយុត្ត អះអាងថា លោកស្រលាញ់អាជីពសិល្បៈដូចឪពុកដែរ។ ប៉ុន្តែបំណងធំរបស់លោកនាពេលអនាគត គឺចង់ក្លាយទៅជាវិស្វករកុំព្យូទ័រម្នាក់ ហើយនឹងព្យាយាមតស៊ូរៀនសូត្រដើម្បីសម្រេចបំណងនេះនាពេលខាងមុខ៕





