Friday, September 19, 2025
Homeតារាខ្មែរទេព មុន្នីរក្សា ក្លាយជាថៅកែទាំងវ័យក្មេង

ទេព មុន្នីរក្សា ក្លាយជាថៅកែទាំងវ័យក្មេង

តារាសម្តែងវ័យក្មេង កញ្ញាទេព មុន្នីរក្សា បានបាត់មុខពីកម្មវិធីសិល្បៈ និងបណ្តាកម្មវិធីសប្បុរសធម៌មួយចំនួន ទើបធ្វើឱ្យគេសង្ស័យថា ស្រីស្រស់តូចច្រឡឹងរូបនេះអាចនឹងដកខ្លួនចេញពីអាជីពសម្តែង ដោយតម្រូវចិត្តគូស្នេហ៍ ខណៈដែលមុននេះ គេសង្ស័យពីទំនាក់ទំនងនាងជាមួយប្រុសសង្ហា រុន ណាកូ ហាក់មានភាពស្និទ្ធស្នាលគ្នាលើសធម្មតា។

យ៉ាងណា កញ្ញាទេព មុន្នីរក្សា ចេញមុខបំភ្លឺថា មូលហេតុដែលនាងរយាលពីសិល្បៈ មិនមែនមកពីចង់ដើរចេញពីអាជីពមួយនេះទេ  ប៉ុន្តែមកពីនាងជាប់មើលការគ្រប់គ្រងហាងសម្អាងការ “មរតកមង្គល” ដែលឪពុករបស់នាងបានប្រគល់ឱ្យនាងកាន់កាប់កាលពីពេលថ្មីៗនេះ។

ថៅកែស្រីវ័យក្មេងរូបនេះ បានឱ្យដឹងថា នាងមិនចោលការងារសង្គមនោះឡើយ តែមូលហេតុដែលនាងមិនសូវបង្ហាញមុខតាមបណ្តាកម្មវិធីសប្បុរសធម៌ដូចមុន ដោយសារតែជាប់ពង្រឹងហាងសម្អាងការនេះតែម្តង ហើយនៅពេលដែលដំណើរការរលូនហើយ នាងនៅតែឆ្លៀតបន្តចូលរួមធ្វើកម្មវិធីសប្បុរសធម៌ដូចមុនទៀត។

មុន្នីរក្សា ឱ្យដឹងទៀតថា ហាងសម្អាងការ “មរតកមង្គល” របស់នាង មានទីតាំងនៅផ្សារតាខ្មៅ លើបណ្តោយផ្លូវចូលទៅក្រុងតាខ្មៅ មុនឆ្លងស្ពាន ហើយទោះជាឪពុករបស់នាងប្រគល់ឱ្យគ្រប់គ្រងមុខជំនួញនេះក្តី ប៉ុន្តែគាត់នៅតែឈរនៅពីក្រោយនាងជានិច្ច។

ទេព មុន្នីរក្សា ថា ចំពោះការងារសិល្បៈថតសម្តែង នាងមិនបោះបង់ទេ គឺនៅតែលៃលកអ៊ីចឹង ព្រោះអាជីពសិល្បៈតាំងពីតូចម៉្លេះ។

ទេព មុន្នីរក្សា បានតែងខ្លួនយ៉ាងស្អាតនូវឈុតសម្អាងការរបស់នាង ដោយចាប់ដៃជាមួយលោករុន ណាកូ ដែលគេធ្លាប់សង្ស័យពួកគេថា មានស្នេហាជាមួយគ្នា តែទាំងសងខាងបានប្រកែកនោះ។ ពួកគេទាំងពីរពិតជាស័ក្តិសមគ្នាខ្លាំងណាស់ក្នុងឈុតប្រពៃណីនេះ។

ស្រីស្រស់ មុន្នីរក្សា ថា ឈុតដែលនាងគ្រងជាមួយម្ចាស់ពានឈុតបុរាណ រុន ណាកូ គឺជាឈុតប្រចាំហាងរបស់នាងតែម្តង ហើយពេលនេះក្រៅពីផ្តោតលើការគ្រប់គ្រងហាងសម្អាងការនេះ នាងក៏ឆ្លៀតហាត់រាំរបាំផងដែរ ដើម្បីការពារតម្រូវការនៅពេលមានកម្មវិធី។

ទេព មុន្នីរក្សា ក្រៅពីនាំប្រុសសង្ហា រុន ណាកូ ថតឃោសនាហាងសម្អាងការរបស់នាងនោះ កន្លងមក គេឃើញតារាយុវវ័យ1គូនេះ ក៏ធ្លាប់ចាប់ដៃគ្នាថតឃោសនាសម្លៀកបំពាក់ឱ្យហាងមួយចំនួនផងដែរ។ អ្នកសិល្បៈរួមអាជីពថា មុន្នីរក្សា និងណាកូ មានការយល់ចិត្តគ្នាល្អណាស់ អ៊ីចឹងហើយបានជាកម្មវិធីមួយចំនួន គេតម្រូវឱ្យពួកគេទៅណា គឺទាំងគូតែម្តង៕

RELATED ARTICLES