Sunday, September 21, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា មិនច្បាស់វិលរកឆាកតន្ត្រីវិញ

ឱក សុគន្ធកញ្ញា មិនច្បាស់វិលរកឆាកតន្ត្រីវិញ

ឱក សុគន្ធកញ្ញា ត្រូវបានម្ចាស់កម្មវិធីមួយចំនួនចាប់ផ្តើមទាក់ទងឱ្យច្រៀងសម្តែងវិញ ហើយក្រោយពេលនាងសម្រាលកូនបានជិត២ខែនេះ។ យ៉ាងណា ប្អូនថ្លៃថៅកែហង្សមាសនេះ មិនហ៊ានប្រថុយស្រវាយកលុយទាំងនៅសរសៃខ្ចីនោះទេ គឺនាងនៅតែមិនទាន់សម្រេចចិត្តកាន់ក្បាលមីក្រូឡើងឆាកវិញឡើយ បន្ទាប់ពីនាងច្រៀងមុនថ្ងៃសម្រាលកូនចុងក្រោយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

អ្នកគាំទ្រតារាចម្រៀងរូបនេះក៏នៅស្ងៀមស្ងាត់ ខណៈដែលសុគន្ធកញ្ញា មិនទាន់មានបទថ្មីចេញនោះទេ ហើយពួកគេបារម្ភខ្លាចប្អូនថ្លៃថៅកែហង្សមាស រូបនេះ អាចប្រឈមក្នុងការធ្លាក់ចុះទីផ្សារចម្រៀងដូចតារាល្បីៗមួយចំនួនដែលមានប្តីដែរ។

ប៉ុន្តែអ្នកជំនាញសិល្បៈ លោកមុិញ សុធីវណ្ណ បានបញ្ជាក់ថា តារាមានប្តីនិងកូន មិនមែនបាត់បង់ការគាំទ្រនោះទេ ព្រោះតារាចម្រៀងអាមេរិក ប៊ីយ៉នសេ មានប្តីកូនហើយនៅតែល្បីដដែល។

លោកសុធីវណ្ណ បញ្ជាក់ទៀតថា រឿងដែលឱក សុគន្ធកញ្ញា នៅតែល្បីតទៅទៀត ឬលែងល្បីនោះ គឺនៅលើកណ្តាប់ដៃហង្សមាស តែម្នាក់គត់ជាអ្នកកំណត់។

ក្រុមការងារផលិតកម្មរស្មីហង្សមាស បានឱ្យដឹងថា ឱក សុគន្ធកញ្ញា នឹងចេញមុខតាមឆាកតន្ត្រីឡើងវិញ នៅដើមឆ្នាំ២០២០នេះហើយ ប៉ុន្តែចំពោះរឿងថា នាងច្រៀងនៅកម្មវិធីណាមុនគេ ហើយឡើងឆាកនៅថ្ងៃណាឱ្យជាក់លាក់នោះ ពួកគេមិនច្បាស់ឡើយ ដោយគ្រាន់តែថាហង្សមាស មិនបារម្ភច្រើនខ្លាចតារាល្បីរបស់ផលិតកម្មមួយនេះធ្លាក់ចុះទីផ្សារនោះទេ ព្រោះសុគន្ធកញ្ញា មានបទល្បីៗចេញមុនពេលសម្រាលកូនចេញច្រើនមកហើយ។

ឱក សុគន្ធកញ្ញា បានចាត់ទុកថា នៅឆ្នាំ២០១៩ ជាឆ្នាំដែលនាងបានសម្រេចកិច្ចការជាច្រើនដែលមានការងារខ្លះលំបាក និងខ្លះទៀតគិតតាំងពីច្រើនឆ្នាំមកហើយ តែទើបជោគជ័យនៅឆ្នាំកន្លងមកនេះ។

នាងថ្លែងសារថា “ពេញមួយឆ្នាំ២០១៩ បានផ្តល់បទពិសោធន៍ ផ្តល់រឿងរ៉ាវ អនុស្សាវរីយ៍ជាច្រើនដែលសុទ្ធតែជារឿងល្អ រឿងខ្លះលំបាកដំបូងតែល្អក្រោយ មានរឿងខ្លះគិតតាំងពីប៉ុន្មានឆ្នាំមុន តែមក សម្រេចក្នុងឆ្នាំ២០១៩ អរគុណឆ្នាំ២០១៩ ដែលបានកាដូរឿងរ៉ាវល្អឱ្យខ្ញុំជាច្រើន ជាពិសេសបានផ្តល់កូនប្រុសដំបូងដែលជាទ្រព្យជីវិតសម្រាប់ខ្ញុំមិនអាចកាត់ថ្លៃបាន”។

ឱក សុគន្ធកញ្ញា បានសម្រាលកូនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីរៀបការបានជាង៦ខែ ហើយពេលនេះនាងផ្តោតលើការមើលថែកូនច្រើនជាងមើលប៉ារ៉ូលបទចម្រៀង។ ស្វាមីរបស់នាង លោកអ៊ឹង សុខលី កាន់តែបង្ហាញការស្រលាញ់ថ្នាក់ថ្នមសុគន្ធកញ្ញា ច្រើនជាងមុន ទើបធ្វើឱ្យស្ត្រីជាច្រើនបានឱ្យតម្លៃថា ឆ្នាំ២០១៩ ជាឆ្នាំដែលសុគន្ធកញ្ញា ជោគជ័យទាំងអាជីពចម្រៀង និងស្នេហាព្រម គ្នាតែម្តង។

សុគន្ធកញ្ញា បានរុញរទេះដឹកកូនដើរផ្សារទំនើប ហើយរាងកាយរបស់នាងមិនទាន់អំណោយផលសម្រាប់ការហាត់លេងក្បាច់រាំនៅឡើយ ទើបនាងមិនទាន់ទទួលឡើងឆាកវិញ។

យ៉ាងណា ការមានកូនប្រុសម្នាក់ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆាលី នៅពេលនេះ សុគន្ធកញ្ញា ដូចបានចងជើងប្តីដែរ ព្រោះលោកសុខលី កាន់តែស្រលាញ់ថ្នាក់ថ្នមនាងជាងមុនថែមទៀត ខណៈដែលនៅថ្ងៃរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នោះ សុគន្ធកញ្ញា បង្ហើបថា នាងចង់បានកូន៣ បានន័យថានាងនឹងតាមយកកូន២នាក់ថែមទៀត៕

RELATED ARTICLES