យ៉េយ៉េ បានធ្វើពិធីជប់លៀងខួបកំណើតធំនៅហាងវីហ្វ្រេនបឹងត្របែក កាលពីរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ដោយមានតារាប្រុសស្រីជាច្រើនបានចូលរួមជូនពរ។ ប៉ុន្តែភាគច្រើនភ្ញៀវដែលសម្រុកគ្នាចូលមកអបអរយ៉េយ៉េ នោះ គឺជាភេទទី៣តែម្តង ដែលសម្រុកមកឡើងជាន់ជើងគ្នារហូតកម្មវិធីទាំងមូលនៅរាត្រីនោះ យ៉េយ៉េ ប៉ាវហាងផ្តាច់តែម្តង។

យ៉េយ៉េ បានឱ្យដឹងថា នេះជាលើកទី៣ដែលបានធ្វើកម្មវិធីខួបកំណើតធំបែបនេះ ហើយឆ្នាំនេះនាងធ្វើខួបគម្រប់អាយុ២៧ឆ្នាំ។ កម្មវិធីទាំងមូលហៅភ្ញៀវ៤០០នាក់ រៀបចំ៤០តុ ក្នុងនោះមានតារាសិល្បករ២៥តុ ហើយការចំណាយថវិកាអស់១ម៉ឺនដុល្លារ ដោយមានគូស្នេហ៍នាងជួយលុយមួយចំណែកផងដែរ។

យ៉ាងណា យ៉េយ៉េ មិនប្រាប់ថា គូស្នេហ៍នាងជាប្រុសណាទេ តែនាងអះអាងថា ខំចំណាយលុយកែអស់ច្រើនណាស់ អ៊ីចឹងនាងនឹងយកប្តី មិនយកប្រពន្ធទេ។

ដោយឡែក មូលហេតុដែលនាងមិនព្រមបញ្ចោញឈ្មោះ និងមុខមាត់គូស្នេហ៍ ព្រោះនាងចង់រក្សាកិត្តិយសឱ្យបុរសនោះដើម្បីឱ្យពេលគេបែកពីនាងទៅ គេអាចរកប្រពន្ធថ្មីបាន។ នាងថា ស្នេហាភេទ ទី៣ មិនឋិតថេរនោះទេ គឺបានតែមួយភ្លើងចំបើងក៏រលត់ទៅវិញហើយ។

យ៉េយ៉េ មានទម្ងន់៩៤គីឡូ និងមានទំហំដើមទ្រូង៦៥។ តារាភេទទី៣ បញ្ជាក់ថា មួយជីវិតនាងនឹងមិនរៀបការប្តីឡើយ គឺសុខចិត្តសាងស្នេហ៍ដោយលួចលាក់ជារៀងរហូត៕



