ភ្នំពេញ ៖ ស្ត្រីម្នាក់បានចេញមកបកអាក្រាតប្តីជាមន្ត្រីទាហាន ដោយភាពឈឺចាប់ពេញបេះដូងថា កាលនៅក្រក្រីបងល្អនឹងអូនគ្រប់យ៉ាង លុះបានពាក់ស័ក្តិ៣ ជីវភាពរាងល្អប្រសើរបន្តិច លោកប្តីបែរជាលួចមានស្រីរត់ចោលប្រពន្ធកូនទៅជួលផ្ទះរស់នៅជាមួយស្រីថ្មី ព្រមទាំងប្តឹងលែងលះប្រពន្ធទៀត តែនាងជាប្រពន្ធមិនព្រមលែងប្តីទេ ព្រោះធ្លាប់មានអនុស្សាវរីយ៍កម្សត់កម្រជាមួយគ្នាច្រើន ណាស់ ទើបនាងជាប្រពន្ធទួញយំសុំអន្តរាគមន៍ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួយណែនាំឱ្យប្តីវិលមកផ្ទះជួបជុំប្រពន្ធកូនវិញផង។

ស្ត្រីដែលបកអាក្រាតប្តីស័ក្តិ៣ ចុះចោលផ្ទះ រត់តាមស្រីថ្មីនេះ មានឈ្មោះជឹម ធីតា អាយុជាង៣១ឆ្នាំ មានប្តីឈ្មោះម៉ុក រស្មី អាយុជាង៣២ឆ្នាំ មុខរបរទាហានពាក់ស័ក្តិ៣ រស់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ស្ត្រីជាប្រពន្ធខាងលើ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ថា “នាងខ្ញុំសុំយោបល់មតិមហាជននៅក្នុងបណ្តាញសង្គម និងអ្នកច្បាប់ ដោយសេចក្តីអនុគ្រោះផង!

១,លោកអនុសេនីយ៍ត្រី ម៉ុក រស្មី អត្តលេខ១៦៣៦៧៩ បានចុះចោលប្រពន្ធកូននៅថ្ងៃទី០១ ១២ ២០១៩ មូលហេតុមានទំនាក់ទំនងជាមួយស្រីខារ៉ាអូខេរយៈពេលមួយឆ្នាំហើយ
២,លោកម៉ុក រស្មី គេចវេះមិនទទួលបន្ទុកចិញ្ចឹមកូន ដោយបាននិយាយថា កូន២នាក់ហ្នឹងទុកឱ្យម្តាយឪពុកខ្ញុំចិញ្ចឹមទៅ
៣,លោកម៉ុក រស្មី បានពោលពាក្យជាមួយខ្ញុំថា បើហ៊ានធ្វើឱ្យប៉ះពាល់ការងារអញ យ៉ាងច្រើនងាប់ទាំងអស់គ្នា
៤,កាលពីរសៀលថ្ងៃទី២៩ ០១ ២០២០ លោកម៉ុក រស្មី បានប្រាប់ខ្ញុំថា គាត់បានដាក់ពាក្យបណ្តឹងលែងលះខ្ញុំជាផ្លូវការហើយ
៥, ការងារជានាយទាហានទ័ពជើងគោក មួយនេះ ខ្ញុំនិងគ្រួសារបានប្រឹងប្រែងតស៊ូឱ្យប្តីរៀន និងចំណាយថវិកាគ្រួសារខ្ញុំផ្ទាល់ដើម្បីឱ្យប្តីមានមុខមាត់ក្នុងសង្គម (លុយបងស្រី និងលុយម្តាយខ្ញុំ)
៦, នាងខ្ញុំមិនព្រមលែងលះប្តី មូលហេតុកូននៅតូចៗ ត្រូវការភាពកក់ក្តៅ ហើយស្នេហ៍ខ្ញុំនិងគាត់វេទនាណាស់ទម្រាំមានដល់ថ្ងៃនេះ
៧, មូលហេតុដែលប្រាប់ថា ដាក់ពាក្យលែងលះដើម្បីចង់រក្សាមុខតំណែងក្របខ័ណ្ឌរដ្ឋ។

នាងខ្ញុំសូមអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន នឹងសម្តេចពិជ័យសេនា ទៀ បាញ់ ជួយអន្តរាគមន៍ដោយក្តីអនុគ្រោះផង (បើគាត់គ្មានការងារមួយនេះ នោះគ្រួសារខ្ញុំនឹងវិលមករកភាពល្អប្រសើរវិញ មានបុណ្យស័ក្តិ មានលុយ ធ្វើឱ្យប្តីខ្ញុំបែកឆ្វេង ពេលបងនៅក្របងល្អគ្រប់យ៉ាង ពេលមានមុខងារ ប្តីមើលងាយប្រពន្ធណាស់) សូមអគុណសម្រាប់ការស៊ែរ”។

តាមរយៈគណនីហ្វេសប៊ុកដដែល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ អ្នកស្រីជឹម ធីតា ក៏បានសរសេរថា “ប្រពន្ធខំទុកពេលឱ្យរយៈពេល១ឆ្នាំ ដើម្បីឱ្យប្តីកំហូចម្នាក់នេះកែប្រែចិត្ត តែប្តីនៅតែមិនព្រមកែ ឥឡូវនេះសុំបង្ហាញមុខជាសាធារណៈជូនបងប្អូនមើលមុខស្រីដណ្តីមប្តីគេ ឱ្យហើយទៅស្រួលចំណាំទុក។

លោកប្តីដ៏សែនល្អចុះចោលប្រពន្ធកូនដើម្បីទៅរស់នៅជាមួយស្រីស្នេហ៍ ពេលមានការងារក្បត់ប្រពន្ធកូន ទៅចិញ្ចឹមស្រីខារ៉ាអូខេ មើលមុខឱ្យស្គាល់ផងទៅបងប្អូន (លោកប្តីសម្បូរលុយណាស់ ចុះចោលប្រពន្ធកូនទៅជួលបន្ទប់ឱ្យស្រីសហាយនេះ ប្រពន្ធទាន់នៅបន្ទប់ជួលយប់មិញជាមួយស្រីសហាយ)”។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ អ្នកស្រីជឹម ធីតា បានសរសេរទៀតថា “ស្រីខូចថ្លើមធំ មានគម្រោងចង់បបួលប្តីកំហូចមុខស្លូត ចិត្តព្រៃផ្សៃ ទៅធ្វើអេតាស៊ីវិលនៅស្រុកកំណើតរបស់ខ្លួន!
អាសូរប្តីកំហូច បើកដៃឱ្យស្រីសហាយដៀលជេរដល់ពូជប្រពន្ធ! ពូជខ្ញុំមិនខុស ប្តីបានខ្ពង់ខ្ពស់ក៏ដោយសារពូជនេះ!
អតីតកាល បងគ្មានមួយរៀល ក៏អូនព្រមយក ពូជអូនលើកបងឱ្យខ្ពស់ត្រដែត ពេលបងដល់ត្រើយ បងផ្តើមសើយគូទ!
អាសូរប្តីកំហូច ចង់ឡើងធ្វើធំ ម្តេចនឹងកើត បើគ្រាន់តែគ្រួសារតូចរបស់ខ្លួន ក្តិចត្រួយបំផ្លាញទៅហើយ!”។

ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកស្រីជឹម ធីតា ដែលអះអាងថា ជាប្រពន្ធដើមបានទេ ខណៈដែលលោកម៉ុក រស្មី ជាប្តី ដែលរងការចោទប្រកាន់ពីប្រពន្ធនិងនារីដែលរងការចោទប្រកាន់ដណ្តើមប្តីគេ ក៏មិនអាចទាក់ទងបានដូចគ្នាកាលពីម្សិលមិញ។

ដោយឡែកលោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយតបបានឡើយ ដោយទូរស័ព្ទចូលជាច្រើនដង មិនមានការលើកទទួលនៅរសៀលថ្ងៃដដែលនោះ៕