Sunday, July 20, 2025
Homeព័ត៌មានជាតិថ្ងៃភ្ជាប់ពាក្យ ស្រីស្លាប់ ប្រុសភ្ជាប់ពាក្យជាមួយសព

ថ្ងៃភ្ជាប់ពាក្យ ស្រីស្លាប់ ប្រុសភ្ជាប់ពាក្យជាមួយសព

ខេត្តកំពត ៖ គូស្នេហ៍មួយគូបានស្រឡាញ់គ្នាស្អិតល្មួត ទៅណាក៏ទៅជាមួយគ្នាទាំងគូដូចលលកញីឈ្មោល តែនៅពេលកៀកថ្ងៃភ្ជាប់ពាក្យ ស្រាប់តែភាគីស្រីបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ទើបភាគីប្រុសសម្រេចភ្ជាប់ពាក្យជាមួយសពនារីជាទីស្រឡាញ់ក្នុងថ្ងៃកំណត់ភ្ជាប់ពាក្យ ដែលចំនឹងថ្ងៃបុណ្យសពនារីជាគូដណ្តឹង ធ្វើឱ្យក្រុមគ្រួសារ ញាតិមិត្តទាំងសងខាងក្តុកក្តួលរំជួលចិត្តអាណិតគូស្នេហ៍នេះជាពន់ពេក ទាញទឹកភ្នែកឱ្យហូរស្រក់ចុះមកដោយមិនដឹងខ្លួន។

គូស្នេហ៍ដែលថ្ងៃភ្ជាប់ពាក្យក្លាយជាថ្ងៃបុណ្យសពនោះ ភាគីស្រីដែលបាត់បង់ជីវិត មានឈ្មោះនាង វាសនា ហៅស្រីពៅ អាយុជាង២០ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ រស់នៅខេត្តកំពត ចំណែកភាគីប្រុស មានឈ្មោះតុង គឹមហាក់ អាយុជាង២០ឆ្នាំដូចគ្នា។

តាមប្រភពភាគីប្រុស ឈ្មោះតុង គឹមហាក់ បានឱ្យដឹងថា នារីជាគូដណ្តឹងរបស់ខ្លួនបានបាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលពួកគេធ្វើដំណើរជាមួយគ្នាទៅកាន់គេហដ្ឋាន នៅខេត្តកំពត កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

បុរសអភ័ព្វស្នេហ៍ខាងលើ បានឱ្យដឹងបន្តថា រូបគេនិងនារីរងគ្រោះបានស្រឡាញ់គ្នាស្អិតល្មួត រហូតកំណត់ថ្ងៃភ្ជាប់ពាក្យនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ តែជាអកុសលបែរជានារីរងគ្រោះបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យរូបគេសោកស្តាយស្រណោះអាឡោះអាល័យនារីជាសង្សារជាពន់ពេក តែយ៉ាងណាដើម្បីបំពេញបំណងចុងក្រោយរបស់នារីជាទីស្រឡាញ់ រូបគេបានសម្រេចបំពាកចិញ្ចៀនភ្ជាប់ពាក្យជាមួយសពគូដណ្តឹងនៅថ្ងៃបុណ្យសព៧ថ្ងៃរបស់នាង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ ដែលចំនឹងថ្ងៃកំណត់ភ្ជាប់ពាក្យរបស់ពួកគេនោះតែម្តង។

ជាមួយនេះ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បុរសខាងលើបានបង្ហោះរូបថតបុណ្យសពនារីរងគ្រោះជាគូដណ្តឹង ដោយបង្ហាញនូវចិញ្ចៀនភ្ជាប់ពាក្យរបស់ពួកគេផង ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយសំណេរថា “អូនអើយ អូនសម្លាញ់ អូនជាអ្នកសម្រេចយកថ្ងៃ៣១ ជាថ្ងៃយើងភ្ជាប់ពាក្យ ផ្ទុយទៅវិញ ថ្ងៃ៣១ ជាថ្ងៃបុណ្យ៧ថ្ងៃអូនទៅវិញ។ រសជាតិជីវិតសម្រាប់យើងទាំងពីរពិតជាពិបាកអធិប្បាយណាស់”។

បុរសដដែលបានសរសេរបន្ថែមថា “យើងបានភ្ជាប់ពាក្យដូចបំណងហើយ អូនញញឹមចុះ បងស្រលាញ់អូនណាស់”។

នៅរាត្រីថ្ងៃដដែលនោះ បុរសដដែលបានសរសេរបន្ថែមទៀតថា “រាត្រីនេះ អាចនិយាយថា វាជារាត្រីចុងក្រោយហើយ បងនៅគេងក្បែរអូន អូនកុំខ្លាច…។ កាលនៅផ្ទះ ទោះយប់ជ្រៅយ៉ាងណា អូនតែងតែប្រាប់បងថា អូនមិនទាន់គេងទេ អូនចាំមើលបង ពេលបងឈប់ធ្វើការចូលគេង បានអូនគេងដែរ…។ បាត់អូន បាត់គ្រប់យ៉ាង បាត់អូន អ្វីៗដែលយើងតស៊ូដូចជាឈប់ដំណើរការហើយ ទៅណាមិនដែលចោលគ្នា បាត់គ្នាមិនបាន ឥឡូវឃ្លាតហើយ អូនជាមនុស្សស្រីអស្ចារ្យណាស់សម្រាប់បង”។

បុរសអភ័ព្វស្នេហ៍ដែលត្រូវនារីជាសង្សារស្លាប់ចោលនោះ បានសរសេរបន្ថែមក្នុងគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០ ថា “ខ្ញុំបាទជាគូដណ្តឹងកញ្ញានាង វាសនា (ស្រីពៅ) ពេលនេះ គាត់បានទទួលមរណភាព ហើយខ្ញុំសង្ឃឹមនិងជឿជាក់ថា គាត់នឹងបានកើតនៅឯឋានសួគ៌ ឋានសុខជាពុំខាន។ គាត់និងខ្ញុំ បានជួបគ្រោះថ្នាក់នៅតាមផ្លូវទៅខេត្តកំពត ក្រុមគ្រួសារ មិត្តភក្តិ បងប្អូន ក្រុមការងារ ពិតជាឈឺចាប់ខ្លោចផ្សាណាស់ មិនគួរណាមនុស្សល្អ ស្លូតបូត តស៊ូ បែរជាមានអាយុខ្លីបែបនេះទេ។

ចំណែកឯរូបខ្ញុំផ្ទាល់ពិតជាសោកស្តាយ វិប្បដិសារីណាស់ ខ្លោចផ្សាណាស់ មួយឆាកជីវិតនេះ នាងល្អណាស់សម្រាប់ខ្ញុំ លើកនេះវាជារឿងមួយដែលកាចសាហាវជាទីបំផុតសម្រាប់ខ្ញុំ និងគ្រួសារយើងខ្ញុំ ទោះជាខ្ញុំយំស្រែកបែកមេឃយ៉ាងណាក៏គ្មានថ្ងៃនាងវិលមកវិញឡើយ ខំគេច ខំសន្សំបុណ្យ ខំស្រលាញ់ថ្នាក់ថ្នម ធ្វើយ៉ាងម៉េចបើយើងមាននិស្ស័យបានជួបគ្នាត្រឹមប៉ុណ្ណឹង។ សូមគ្រប់ជាតិទៅមុខ អូនរស់បានសុខសាន្ត បានអាយុវែង រស់នៅលើគំនរទ្រព្យសម្បត្តិ ហើយបងសុំប្រាថ្នាកើតជាតិណាៗ បានជួបគ្នាជាគូស្មោះស្ម័គ្រដល់ចាស់ អស់ជីវិតរៀងៗខ្លួនរហូតតទៅ…”។

ការព្រាត់ស្លាប់របស់គូស្នេហ៍ខាងលើនេះ ពិសេសការបង្ហាញចិត្តស្មោះស្ម័គ្ររបស់បុរសខាងលើ ទៅលើគូដណ្តឹង ដែលទោះបីជានាងបានបាត់បង់ជីវិតទៅហើយ ក៏បុរសជាសង្សារមិនបញ្ឈប់ការស្រឡាញ់ ដោយបានបំពេញបំណងចុងក្រោយឱ្យនារីជាសង្សារ ដោយការភ្ជាប់ពាក្យជាមួយសពនារីជាសង្សារនេះបានធ្វើឱ្យ អ្នកដែលបានដឹង បានឮ បានឃើញ កើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តអាណិតអាសូរចំពោះគូស្នេហ៍វ៍យក្មេងនេះជាពន់ពេក ទាញទឹកភ្នែកឱ្យហូរស្រក់ពីកែវនេត្រាទាំងគូដោយមិនដឹងខ្លួន។

ជាមួយនេះ អ្នកគ្រប់គ្នាមានតែការជួលផ្តល់ជាកម្លាំងចិត្តដល់អ្នកនៅរស់ឱ្យព្យាយាមកាត់ចិត្ត តស៊ូក្នុងឆាកជីវិតទៅមុខទៀត និងជូនពរឱ្យនារីរងគ្រោះដែលបានស្លាប់ទៅហើយនោះ សូមឱ្យវិញ្ញាណក្ខន្ធនាងបានទៅកាន់សុគតិភព”៕

RELATED ARTICLES