Saturday, July 19, 2025
Homeព័ត៌មានជាតិបុរសលក់ចង្រិតលីង ដង្ហោយហៅប្រពន្ធ "វិលវិញមកអូន ប្តីនឹកណាស់"

បុរសលក់ចង្រិតលីង ដង្ហោយហៅប្រពន្ធ “វិលវិញមកអូន ប្តីនឹកណាស់”

ភ្នំពេញ ៖ បុរសម្នាក់រួមរស់ជាមួយប្រពន្ធនិងកូនប្រុសម្នាក់យ៉ាងមានសុភមង្គល ស្រាប់តែនៅសុខៗប្រពន្ធក៏បាននាំកូនប្រុសចេញបាត់ពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យបុរសជាប្តីភ័យឆោឡោខំតាមស្វែងរកប្រពន្ធកូនអស់រយៈពេល៤ខែមកហើយ នៅតែគ្មានដំណឹងអ្វីបន្តិចសោះ មិនដឹងថាសុខទុក្ខយ៉ាងណា លុះកាន់រូបថតតាមរកប្រពន្ធកូនមិនឃើញ បុរសជាប្តីក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងប្រកាសដង្ហោយហៅអង្វរប្រពន្ធវិលវិញមកអូន។

ករណីបុរសអភ័ព្វកាន់រូបថតដើរតាមរកប្រពន្ធកូនអស់រយៈពេល៤ខែ តែមិនមានដំណឹងអ្វីទាល់តែសោះនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសអភ័ព្វដែលត្រូវប្រពន្ធកូនចុះចោលខាងលើ មានឈ្មោះសៀង ខាំភុយ អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិស្រីលើ ឃុំគួយម៉ែង ស្រុកមង្គល់បុរី ខេត្តបន្ទាយមាយជ័យ។

ចំណែកស្ត្រីជាប្រពន្ធដែលបាត់ខ្លួនដោយមិនដឹងមូលហេតុ មានឈ្មោះសេង សុភ័ក្ត្រ អាយុ៣៥ឆ្នាំ មុខរបរលក់ម្ជូរ ចង្រិតលីង កន្តេះឡង់បំពង តាមកម្មវិធីផ្សេងៗ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ។ រីឯកូនស្រីដែលត្រូវប្រពន្ធយកទៅជាមួយមានឈ្មោះសៀង សុវិន ទើបនឹងមានអាយុ៨ឆ្នាំប៉ុណ្ណោះ។

តាមសម្តីបុរសអភ័ព្វជាប្តី បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់បានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជិត១០ឆ្នាំហើយ ដោយបង្កើតបានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក គឺពួកគាត់ទាំង២នាក់បានប្រឹងរកស៊ីសន្សំប្រាក់ដោយមិនរួញរា និងមិនខ្លាចនឿយហត់ឡើយ ដើម្បីតែអនាគតកូនស្រីនិងក្រុមគ្រួសារបានល្អប្រសើរនឹងគេ។

កន្លងមក ប្តីប្រពន្ធគាត់បានចាប់យករបរជាអ្នកលក់ដូរ ដោយលក់តាំងពីម្ជូរ ចង្រិតលីង កន្តេះឡង់បំពង និងតែងដើរលក់គ្រប់ទីកន្លែង ពិសេសនៅពេលដែលមានកម្មវិធីបុណ្យទានផ្សេងៗ។

បុរសអភ័ព្វខាងលើ បន្តថា នៅមុនពេលដែលប្រពន្ធកូនរបស់គាត់បាត់ខ្លួន គឺក្រុមគ្រួសារគាត់បាននាំគ្នាមកស្នាក់នៅខេត្តកណ្តាល ដើម្បីបន្តការលក់ដូរដូចសព្វដង។ លុះមកដល់អំឡុងខែតុលា ឆ្នាំ២០១៩ កន្លងទៅ ប្រពន្ធគាត់បានជួបស្គាល់គ្នាជាមួយស្ត្រីម្នាក់ទៀតដែលជាអ្នកប្រកបរបរលក់ដូរដូចគ្នា រួចក៏ផ្តល់លេខទូរស័ព្ទឱ្យគ្នាដើម្បីងាយស្រួលទាក់ទងហៅគ្នាចេញទៅលក់នៅតាមកន្លែងដែលមានកម្មវិធីបុណ្យទានផ្សេងៗ។

បុរសអភ័ព្វរូបនេះ បានឱ្យដឹងទៀតថា តាំងពីស្គាល់គ្នាមក គាត់សង្កេតឃើញប្រពន្ធគាត់តែងទាក់ទងតាមទូរស័ព្ទជាមួយស្ត្រីម្នាក់នោះមិនដាច់ តែក៏មិនដឹងថា ជជែកពិភាក្សាគ្នាពីរឿងអ្វីខ្លះនោះទេ។ ស្រាប់តែមកដល់ថ្ងៃមួយ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ ប្រពន្ធរបស់គាត់បានប្រាប់គាត់ថា ចេញទៅលក់ដូរ តែមិនបានប្រាប់ថា ទៅលក់នៅឯណា និងទៅជាមួយអ្នកណានោះទេ រួចក៏នាំកូនស្រីចាកចេញបាត់ទៅ រីឯគាត់ក៏មិនបានចាប់អារម្មណ៍ដែរ។

លុះក្រោយពីបាត់ប្រពន្ធកូនយូរ ទើបគាត់ទាក់ទងទូរស័ព្ទទៅសួរ បែរជាខលមិនចូល ទើបធ្វើឱ្យគាត់មានការភ្ញាក់ផ្អើលខំដើរតាមរកប្រពន្ធកូនអស់រយៈពេល៤ខែមកហើយ នៅតែគ្មានដំណឹងបន្តិចណាសោះ មិនដឹងថាប្រពន្ធមានរឿងអ្វី ខឹងអន់ចិត្តនឹងគាត់ជាប្តីរឿងអ្វី ឬចាញ់បញ្ឆោតអ្នកណា ទើបបានជានាំកូនចាកចេញពីផ្ទះបាត់ដោយគ្មានប្រាប់ដំណឹងគាត់សូម្បីមួយម៉ាត់បែបនេះសោះ ធ្វើឱ្យគាត់ខំស្កាត់តាមរកប្រពន្ធសព្វកន្លែងឡើងខ្សោះខ្យល់ និងស្ទើរឆ្កួតចិត្តទៅហើយ ព្រោះតែនឹករលឹកប្រពន្ធកូនខ្លាំងពេក។

បន្ទាប់ពីព្យាយាមតាមស្វែងរកប្រពន្ធដោយខ្លួនឯងអស់រយៈពេល៤ខែមកហើយ នៅតែគ្មានដំណឹងអ្វីបន្តិចសោះ ទើបនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បុរសជាប្តីរូបនេះដាច់ចិត្តកាន់រូបថតប្រពន្ធកូនមកដាក់ពាក្យបណ្តឹងស្នើសុំឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ មេត្តាជួយអន្តរាគមន៍តាមរកប្រពន្ធកូនរបស់គាត់ផង ព្រោះគាត់ពិតជាអស់លទ្ធភាពនឹងតាមរកប្រពន្ធកូនទៀតហើយ។

ជាមួយនេះ បុរសជាប្តីអភ័ព្វខាងលើបានប្រកាសប្រាប់ប្រពន្ធថា ប្រសិនបើប្រពន្ធបានលឺហើយ សូមឱ្យដឹងថា គាត់ជាប្តីពិតជាកំពុងនឹករលឹកប្រពន្ធកូនខ្លាំងណាស់ និងមិនបានខឹងសម្បា ឬស្តីបន្ទោសអ្វីដល់ប្រពន្ធឡើយ សំខាន់សុំឱ្យតែប្រពន្ធកូនត្រឡប់មកវិញដោយសុវត្ថិភាពប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះបុរសជាប្តីរូបនេះ បានអង្វរសុំឱ្យប្រពន្ធវិលវិញ “វិលវិញមកអូន” ដើម្បីបានរួមរស់ជួបជុំគ្រួសារដូចដើមវិញ ព្រោះគ្មានអ្វីសំខាន់ជាងគ្រួសាររស់ជួបជុំគ្នា ប្រកបដោយសុភមង្គលនោះទេ៕

RELATED ARTICLES