Monday, September 22, 2025
Homeតារាខ្មែរលោកហេង ឡុង និងអុឹម ជីវ៉ា បង្ហាញគំនិតផ្ទុយគ្នា ករណីសម្តេចហ៊ុន សែន ប្រកាសទៅកាន់ទីក្រុងវូហាន

លោកហេង ឡុង និងអុឹម ជីវ៉ា បង្ហាញគំនិតផ្ទុយគ្នា ករណីសម្តេចហ៊ុន សែន ប្រកាសទៅកាន់ទីក្រុងវូហាន

ក្រោយពីការប្រកាសនឹងទៅសួរសុខទុក្ខនិស្សិតដែលកំពុងស្នាក់នៅនិងរៀននៅទីក្រុងវូហាន ប្រទសចិន របស់សម្តេចតេជោ ហ៊ុន សែន នោះ គេសង្កេតឃើញប្រធានសមាគមសិក្បករខ្មែរ លោកហេង ឡុង និងលោកអុឹម ជីវ៉ា បង្ហាញទស្សនៈផ្ទុយគ្នា ដោយម្នាក់ថា នឹងទៅចូលរួមអមដំណើរសម្តេច និងម្នាក់ទៀតអង្វរសម្តេចកុំឲ្យទៅ។

កាលពីល្ងាចម្សិលមិញ លោកហេង ឡុង បានបង្ហោះសារថា “ខ្ញុំបាទបានផ្ញើរសារទៅសម្ដេចតេជោ ហ៊ុន សែន សូមរួមដំណើរដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តជាមួយសម្ដេចទៅទីក្រុងវ៉ូហាន ដើម្បីទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំរួមទាំងសុខ និងរួមទាំងទុក្ខជាមួយសម្ដេចអស់មួយជីវិត។

សម្ដេចតេជោ ជានាយករដ្ឋមន្ត្រីទី១នៅលើពិភពលោក ដែលស្នើសុំរដ្ឋាភិបាលនៃប្រទេសចិនទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្លួននៅឯទីក្រុងវ៉ូហាននៃប្រទេសចិន។ ទឹកចិត្តលើសទេវតាជាប្រវត្តិសាស្ត្រ”។

ដោយឡែក នៅព្រឹកនេះវិញ លោកអុឹម ជីវ៉ា បានបង្ហោះសារថា “ចង់អ្នកណាថាអីខ្ញុំក៏ថាទៅ គឺខ្ញុំសូមមិនគាំទ្រអោយសម្តេចតេជោអញ្ជើញទៅទីក្រុងវូហានឡើយ! ហើយក៏សូមលើកដៃសំពះគោរពសម្តេចពុក សូមសម្តេចពុកកុំអញ្ជើញទៅទីក្រុងវូហាននៅពេលនេះអី ព្រោះបើមើលតាមការផ្សាយសារពត៌មានអន្តរជាតិមួយចំនួនស្តីពីស្ថានភាពនៃការរីករាលដាលជំងឺ corona កូរូណាគឺនៅមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ ដែលរដ្ឋាភិបាលចិនគេកំពុងតែយកចិត្តទុកដាក់រៀបចំសង្រ្គោះអ្នកជំងឺជាច្រើននៅទីក្រុងវូហាន។

លោកអុឹម ជីវ៉ា បន្តថា “ខ្ញុំយល់ពីទឹកចិត្តលោកឪពុកដែលតែងតែយកចិត្តទុក្ខដាក់លើសុខទុក្ខប្រជាពលរដ្ឋនិងប្រទេសបណ្តាជាមិត្ត លោកពុកមិនដែលបោះបង់ប្រជាពលរដ្ឋចោលម្តងណាឡើយ មួយជីវិតលោកពុកគឺសុខចិត្តបូជាសាច់ស្រស់ ឈាមស្រស់ យកជីវិតជាទុនដើម្បីមករំដោះប្រទេសដ៏អភ័ព្ទមួយនេះអោយរួចពីសង្រ្គាម រហូតក្លាយជាប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចពុកដែលជានាយករដ្ឋមន្រ្តី”។

ចំពោះស្ថានភាពពេលនេះ គឺលោកពុកនិងអ៊ុំៗនិងពូៗថ្នាក់ដឹកនាំកុំទាន់អញ្ជើញទៅអី ចាំមើលស្ថានភាពអោយធូរស្រាលជាងនេះបន្តិចចាំសម្តេចពុកអញ្ជើញទៅក៏មិនទាន់ហួសពេលដែរ កន្លងមកមានក្រុមប្រឆាំងផុសឌឺដងដាក់សម្តេចពុកចំពោះជំងឺចេញថ្មីកូរូណាមួយនេះ តែក្រុមប្រឆាំងគិតខុសហើយ ហើយក្រុមប្រឆាំងប្រហែលជាត្រូវរៀនស្គាល់សម្តេចពុកអោយបានច្រើនជាងនេះ ពួកអ្នកប្រឆាំងកុំភ្លេចថាសម្តេចតេជោធ្លាប់ឆ្លងកាត់សង្គ្រាម១០៥លើក ធ្លាប់យកជីវិតធ្វើដើមទុនក្នុងការរំដោះប្រទេស និងប្រជាជន គ្មានអ្វីដែលធ្វើសម្តេចតេជោភ័យខ្លាចទេ។

លោកអុឹម ជីវ៉ា បន្ថែមថា “កូនសូមគាំទ្រប្រសាសន៍សម្តេចពុក ប្រកាសដូច្នេះថា៖ «កុំចង់សាកជាមួយហ៊ុន សែន ឲ្យសោះ។ បើស្គាល់ហ៊ុន សែន មិនច្បាស់ កុំនិយាយ។ ហ៊ុន សែន ទៅមែន ឲ្យតែរដ្ឋាភិបាលចិន OK»។ ប្រសាសន៍ដ៏មានអត្ថន័យមួយនេះគឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាបំផុតដែលមានថ្នាក់ដឹកនាំដែលមានព្រហ្មវិហារធម៌ ជួយដល់ប្រជាពលរដ្ឋមិនបោះបង់គ្នាក្នុងគ្រាលំបាក ។

អ្វីដែលកូនសរសេរខាងលើវាគ្រាន់ជាមតិយោបល់ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ និងក្នុងនាមខ្ញុំដែលគោរពស្រលាញ់សម្តេចពុកដូចពុកបង្កើត ដូចនេះកូននិយាយខាងលើគឺជាការបារម្មណ៍ពីសុវត្ថិភាពសម្តេចពុក បើការសរសេខាងលើមានចំនុចខ្វះខាតសូមសម្តេចពុកនិងអ៊ុំពូមីងពុកម៉ែបងប្អូនទាំងអស់ មេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទទុកជាមុនផងសេចក្តីគួពុំគួសូមសម្តេចពុកអភ័យទោសនិងទទួលការគោរពស្រលាញ់ពីខ្ញុំបាទដផយក្តីអនុគ្រោះផង ។ ដោយក្តីគោរពអំពីខ្ញុំបាទអុឹម ជីវ៉ា”។

យ៉ាងណា សម្តេចហ៊ុន សែន បានប្រកាសនៅព្រឹកនេះ ហើយថា សម្តេចនឹងអញ្ជើញទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ព្រោះអាជ្ញាធរចិនមិនអនុញ្ញាតឲ្យសម្តេចអញ្ចើញទៅកាន់ទីក្រុងវូហាននោះទេ ដោយសារទីក្រុងនោះបានប្រកាសបិទចរាចរណ៍បណ្តោះអាសន្នទៅហើយ៕

RELATED ARTICLES