ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ទើបនឹងភ្ជាប់ពាក្យរួចថ្មីៗ ស្រាប់តែចេញបាត់ពីផ្ទះដោយគ្មានដំណឹងអ្វីសោះ ធ្វើឱ្យក្រុមគ្រួសារ ពិសេសបុរសជាគូដណ្តឹងភ័យឆោឡោស្វះស្វែងដើរតាមរកគ្រប់ច្រកល្ហកអស់រយៈពេលជាង១០ថ្ងៃមកហើយ នៅតែមិនមានដំណឹងអ្វីសោះ ជាហេតុធ្វើឱ្យគូដណ្តឹង ព្រួយបារម្ភយ៉ាងខ្លាំង និងបានប្រកាសអង្វរវិលវិញមកអូន។

យុវតីដែលបាត់ខ្លួនដោយមិនដឹងមូលហេតុអស់រយៈពេលជាង១០ថ្ងៃមកហើយនេះ មានឈ្មោះអុន ផលស្រីពេជ្រ អាយុ១៩ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានព្រះកុសមៈ ជំនាញផ្នែកភាសាអង់គ្លេស មានលំនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

យុវតីរូបនេះបានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០មកម៉្លេះ ហើយគិតមកត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមិនទាន់មានដំណឹងនៅឡើយ។
តាមប្រភពពីបុរសជាគូដណ្តឹងរបស់យុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់ថា ពួកខ្លួនទាំងពីរនាក់ទើបនឹងភ្ជាប់ពាក្យជាមួយគ្នាកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ហើយមុនពេលបាត់ខ្លួននេះ ពួកខ្លួនទាំងពីរនាក់មិនមានបញ្ហា ឬជម្លោះអ្វីនឹងគ្នាសោះ ចំណែកក្នុងរង្វង់គ្រួសារក៏មិនមានបញ្ហាអ្វីដែរ។

ស្រាប់តែនៅសុខៗនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ គូដណ្តឹងរបស់ខ្លួនបែរជាចេញបាត់ពីផ្ទះដោយមិនដឹងថា ទៅណានោះទេ ធ្វើឱ្យខ្លួនជាអនាគតស្វាមីស្វះស្វែងតាមរកគ្រប់ទីកន្លែង តែមិនមានដំណឹងអ្វីសោះ ទើបមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនជាគូដណ្តឹង សម្រេចប្រកាសរកអនាគតភរិយាដែលទើបភ្ជាប់ពាក្យថ្មីថ្មោងឱ្យវិលត្រឡប់មកវិញ។
ទាក់ទងនឹងការបាត់ខ្លួននេះ ឪពុករបស់យុវតីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំបូល ដើម្បីឱ្យធ្វើការស្រាវជ្រាវផងដែរ ប៉ុន្តែនៅមិនទាន់មានពន្លឺនៅឡើយ។

ជាមួយនេះ ទាំងបុរសជាគូដណ្តឹង និងក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់ ឬឃើញយុវតីដែលមានភិនភាគដូចខាងលើ សូមជួយផ្តល់ដំណឹងដល់គ្រួសារសាច់ញាតិផង តាមរយៈលេខទូរស័ព្ទ ០១៦ ៥៦៩ ៦៣៨, ០៩៦ ២១ ៥៦ ៦៦៨ និង០៨៨ ៦៩ ៩៩ ៥៣៣ ដោយក្តីអនុគ្រោះ៕