ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់បានអះអាងថា ប្តីជាទីស្រលាញ់របស់ខ្លួនដែលបានរួមរស់នឹងគ្នាអស់ជិត១០ឆ្នាំ បង្កើតបានកូនប្រុសស្រីដល់ទៅ២នាក់ បែរជាបែកគំនិតលួចលាក់មានស្រីថ្មី រហូតដល់នាងតាមដានដឹងក៏ឈានដល់ការបែកចែកផ្លូវគ្នា តែមិនបានប៉ុន្មានប្តីក៏តាមមកអង្វរសុំជានាគ្នាវិញ។

លុះនាងទន់ចិត្តព្រមផ្តើមជីវិតគ្រួសារជាថ្មី ស្រាប់តែប្តីកំហូចមិនចោលចរិតលួចទៅសែនព្រេនជាមួយស្រីថ្មីយ៉ាងរំភើយ និងថែមទាំងយកកូន២ទៅជាមួយបាត់ទៀត ធ្វើឱ្យនាងជាប្រពន្ធឈឺចិត្ត ស្ទើរក្អួតឈាមស្លាប់ ដាច់ចិត្តបកអាក្រាតមុខមាត់ពិតរបស់ប្តីឱ្យមហាជនបានដឹង។
រឿងរ៉ាវស្ត្រីរូបស្រស់ចេញមុខបកអាក្រាតពីរឿងប្តីរបស់ខ្លួន ជាមនុស្សខិលខូចរឿងស្រីញីរហូតដល់ថ្នាក់ក្បត់ចិត្តប្រពន្ធលួចលាក់ទៅសែនព្រេនជាមួយស្រីថ្មីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ស្ត្រីរូបស្រស់ដែលអះអាងថា ត្រូវប្តីក្បត់ចិត្តទៅសែនស្រីថ្មី និងពង្រាត់កូនប្រុសស្រីចេញពីទ្រូងនាងជាម្តាយទៀតនេះ មានឈ្មោះកន ចាន់ណាក់ អាយុ២៧ឆ្នាំ មុខរបរបើកហាងសាឡន និងមានលំនៅក្នុងភូមិចម្ការឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។
ចំណែកបុរសជាប្តីកំហូច មានឈ្មោះអេង ពៅ អាយុ៣៧ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាចិន មានលំនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។ រីឯនារីជាប្រពន្ធក្រោយដែលប្តីកំហូចលួចទៅសែនព្រេន មិនស្គាល់អត្តសញ្ញាណនោះទេ តែត្រូវស្ត្រីជាប្រពន្ធអះអាងថា សព្វថ្ងៃរស់នៅម្តុំផ្សារព្រៃទា។

តាមសម្តីស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ថា នាងនិងប្តីបានរៀបការរស់នៅជាមួយគ្នាអស់ រយៈពេល៨ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសស្រី២នាក់ជាចំណងដៃ និងរស់នៅប្រកបដោយសុភមង្គលរហូតមក។
លុះមកដល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងសង្កេតឃើញប្តីហាក់មានអាកប្បកិរិយាប្លែក សូម្បីតែនិយាយស្តីជាមួយនាងក៏មិនសូវពីរោះ ចេះតែគំរោះគំរើយលែងសូវយកចិត្តទុកដាក់ជាមួយប្រពន្ធកូន និងចេះតែបាត់ពីផ្ទះម្តង២-៣យប់ជាញឹកញាប់ លុះនាងសួរនាំរកហេតុផលក៏ត្រូវប្តីបង្ករឿងឈ្លោះប្រកែក និងមានពេលខ្លះប្រើហិង្សាវាយដំនាងទៀតផង។

ទីបំផុត នាងក៏បានតាមដានដឹងច្បាស់ថា ប្តីនាងកំពុងលួចលាក់មានស្រីថ្មី ធ្វើឱ្យនាងទ្រាំលែងបាន ក៏សម្រេចចិត្តសុំប្តីលែងលះគ្នាកាលពីអំឡុងខែតុលា ឆ្នាំ២០១៨កន្លងទៅ។
ស្ត្រីជាប្រពន្ធបន្តថា លុះលែងលះគ្នាមិនបានប៉ុន្មាន បុរសជាប្តីក៏បានមកយំអង្វរសុំនាងជានាគ្នាវិញ ពេលនោះ នាងក៏ទន់ចិត្តព្រមរួមរស់នៅជុំគ្នាវិញ។ ស្រាប់តែបុរសជាប្តីនោះនៅតែមិនចោលចរិត លួចលាក់មានស្រីញីរាប់មិនអស់ លុះចុងក្រោយថែមទាំងលួចលាក់ទៅសែនជាមួយស្រីថ្មីនោះតែម្តង ធ្វើឱ្យនាងឈឺចាប់ស្ទើរក្អួតឈាម និងទឹកភ្នែកជារៀងរាល់ថ្ងៃ។

ហើយអ្វីដែលនាងឈឺចាប់បំផុតនោះ គឺប្តីនេះថែមទាំងបាននាំយកកូនរបស់នាងទាំង២នាក់ទៅជាមួយបាត់ទៀត ដោយដាក់បន្ទុកមកលើនាងថា គ្មានលទ្ធភាពចិញ្ចឹមកូនទាំង២នាក់នោះទេ ទើបធ្វើឱ្យនាងទ្រាំនឹងភាពឈឺចាប់តទៅទៀតលែងបាន ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវឈឺចាប់ និងបកអាក្រាតមុខមាត់ពិតរបស់ប្តីកំហូច ឱ្យមហាជនបានដឹងតែម្តង។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕