ក្រោយពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា បានព្រមានចាត់ការលើស្រីស្អាតដែលហ៊ាន Live លក់ផលិតលបង្ហាញកេរខ្មាស ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ កញ្ញាឌួង ហ្សូរីដា បានបង្ហោះសារថា អរគុណលោកឪពុក និងថា លទ្ធផលគឺទទួលបានគួរជាទីមោទកភាព។

កញ្ញាឌួង ហ្សូរីដា បានបង្ហោះសារថា “អរគុណលោកឪពុក ទីបំផុតអ្វីជាការស្នើសុំតាមរយៈការប្រជុំម្តងហើយ ម្តងទៀតជាមួយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី “ដើម្បីលើកកំពស់សេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ” ដែលមាន ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស ក្រោមការដឹកនាំដោយលោកជំទាវ អុឹង កន្ថាផាវី រដ្ធមន្រ្តីក្រសួងកិច្ចការនារី លទ្ធផលគឺទទួលបានគួរជាទីមោទភាព” ។

កញ្ញាហ្សូរីដា បានបន្ថែមថា “អរគុណបងស្រី Morokat Nhem អរគុណម៉ាក់មីង Mam Somaly អរគុណ Meng Keopichda កុល សុភោ Ka Chhoy និង បងប្អូនស្រ្តីទាំងអស់ដែលធ្លាប់ចូលរួមប្រជុំជាច្រើនលើកច្រើនសារ Chinda Yok Chanlakhena Chorn Sansana Sutton”។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” ដែលធ្វើឡើងនៅវិមានសន្តិភាព បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការលើស្រីស្អាតជាច្រើនដែលកំពុងបង្ហាញកេរ តាមរយៈការផ្សាព្វផ្សាយ (Live) ផលិតផលរបស់ខ្លួនលើទំព័រទំនាក់ទំនងសង្គមទាំងអស់។

មិនតែប៉ុណ្ណោះ សម្តេចហ៊ុន សែន ក៏បានឲ្យចាត់វិធានការរល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់ឲ្យធ្វើបែបនោះឡើយ៕