ខណៈដែលទាំងតារាសម្ដែង និងចម្រៀងជាច្រើនដួង កំពុងតែធ្លាក់ប្រាក់ចំណូលយ៉ាងគំហុក ព្រោះកូវីដ-១៩ បានធ្វើឲ្យពួកគេបាត់បង់ការងារស្ទើរតែទាំងស្រុង ហើយសម្ងំតែនៅក្នុងផ្ទះរៀងៗខ្លួននោះ បែរជាស្រីស្អាតមាន សូនីតា រហ័សនាម ”រាជនីក្រមា” ឯណោះវិញ មានលាភធំ ធ្វើឲ្យនាងទទួលបានប្រាក់ចំណូលដល់ទៅរាប់ម៉ឺនដុល្លារ តាមរយៈការចុះកុងត្រាជាមួយក្រុមហ៊ុនដ៏ធំមួយ។

តារាសំឡេងផ្អែមស្រាលស្រទន់ មាន សូនីតា បានឲ្យដឹងថា តាមពិត កូវីដ-១៩ ក៏បានធ្វើឲ្យជះផលអាក្រក់ដល់ការងារសិល្បៈរបស់នាងដែរ ព្រោះការងារសិល្បៈមួយចំនួនត្រូវបានគេពន្យារពេល ហើយមុខជំនួញលើគម្រោង ”ស្រលាញ់” ក៏បានប៉ះពាល់ផងដែរ ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរទេ អាចនៅគ្រប់គ្រងបាន។ នាងថា ការរងប៉ះពាល់លើអាជីព និងអាជីវកម្មដែលដំណើរការរួចហើយនេះ ធ្វើឲ្យនាងបានបង្កើតនូវសមត្ថផលថ្មីៗខ្លះដែរ ទើបនាងមិនពិបាកខ្លាំងពេកទេ។

តាមព័ត៌មានថា ថ្មីៗនេះ កញ្ញាមាន សូនីតា ទើបតែបានចុះកុងត្រាការងារដ៏ធំមួយ ជាមួយ ”TRE” រួចហើយបានជ្រើសរើសធ្វើជាតារាតំណាងរបស់ខ្លួន (ទូតសុច្ឆន្ទៈ) ដែលមានរយៈពេលដល់ទៅ៣ឆ្នាំឯណោះ ជាមួយតម្លៃខ្លួនស្រីស្អាតរូបនេះទទួលបានជិត១០ម៉ឺនដុល្លា។
ប្រភពបានឲ្យដឹងថា ប្រាក់ចំណូលនៃការងារថ្មីនេះហើយ ដែលធ្វើឲ្យសូនីតា គេចផុតពីវិបត្តិសេដ្ឋកិច្ចក្រោមឥទ្ធិពលកូវីដ-១៩។

ទោះជាយ៉ាងណា មាន សូនីតា មិនចង់ធ្វើអត្ថាធិប្បាយលើតម្លៃខ្លួនរបស់នាងឡើយ ប៉ុន្តែនាងសារភាពថា ពិតជាទើបចុះកុងត្រាលើរយៈពេល៣ឆ្នាំមែន លើផលិតផលចំនួន២ គឺដំណាប់ និងសំបុកត្រចៀកកាំ។ ការងារនេះទើបមានការព្រមព្រៀងគ្នា កាលពីពេលថ្មីៗនេះ ហើយវាក៏ជាការងារធំទី១ នៅក្នុងឆ្នាំ២០២០ សម្រាប់រូបនាង ជាពិសេសគឺអំឡុងពេលដែលគ្រប់គ្នាកំពុងតែរងផលវិបាកដោយសារតែកូវីដ-១៩នេះ។

”រាជនីក្រមា” រូបនេះ បានអះអាងទៀតថា ការងារថ្មីនេះជាការប៉ះប៉ូវផ្លូវចិត្តរបស់នាង ដែលកំពុងរងការប៉ៈពាល់បាត់បង់ការងារមួយចំនួន ដោយសារតែកូវីដ-១៩ ហើយកំពុងគំរាមគំហែងពិភពលោកយ៉ាងខ្លាំងខ្លានេះ។ នាងថា ពេញចិត្តខ្លាំងណាស់ចំពោះការព្រមព្រៀងជាមួយ TRE នៅពេលនេះ។ ប៉ុន្តែនាងក៍មានការបារម្ភខ្លះៗដែរ ដែលអាចនិយាយបានថា សប្បាយចិត្ត និងបារម្ភ គឺមានដូចគ្នា។

សូនីតា បន្ថែមថា វាជាលើកទី១ហើយ ដែលនាងបានធ្វើការងារផ្នែកអនឡាញ ហេតុនេះហើយមិនដឹងជាធ្វើបានប៉ុនណានោះទេ។
តារាមានមន្ដស្នេហ៍រូបនេះ បន្ថែមថា ក៏មានក្រុមហ៊ុនផ្សេងៗទៀតបានទាក់ទងឲ្យនាងធ្វើកិច្ចការនេះដែរ តែនាងទទួលយកក្រុមហ៊ុនខាងលើ ដោយសារតែសក្ដានុពលគ្នាទៅវិញទៅមក ទើបនាងសម្រេចចិត្តចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីពេលថ្មីៗនេះ។

មាន សូនីតា បានឲ្យដឹងទៀតថា ការកុងត្រាធ្វើឡើងរយៈពេល១ឆ្នាំម្ដង រហូតដល់គ្រប់៣ឆ្នាំ តាមការព្រមព្រៀងគ្នាលើកិច្ចសន្យា។ នាងថា ក្រៅពីទទួលបានការងារធំទី១ នៅដើមឆ្នាំ២០២០នេះ កន្លងមកនាងក៏ធ្លាប់ធ្វើជាអ្នកតំណាងឲ្យក្រុមហ៊ុនដល់ទៅ៣-៤ផងដែរ ទាក់ទងផ្នែកបរិក្ខារ អេឡិចត្រូនិក និងផ្នែកទោចក្រយានយន្ដ៕