Thursday, June 19, 2025
Homeព័ត៌មានជាតិប្តីវ៉ៃប្រពន្ធរយះក្បាល ជាប់ខ្នោះ

ប្តីវ៉ៃប្រពន្ធរយះក្បាល ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធមួយគូ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ស្រាប់តែបុរសជាប្តីទាញជើងទម្រទូរស័ព្ទ ធ្វើពីឈើ វ៉ៃប្រពន្ធ បណ្តាលឱ្យរយះក្បាល រងរបួសយ៉ាងដំណំ ធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនប្តីកំណាច យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ លុះមកដល់វេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ទើបសមត្ថកិច្ចចុះឃាត់ខ្លួនជនបង្កហេតុ ជាប្តី នាំយកមកសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះព្រឿង ខេមរា អាយុ ៣៣ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះហ៊ុន គឹមណាន អាយុ ៣០ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធនេះ មានលំនៅក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាព ធ្វើការឃាត់ខ្លួនបុរសឈ្មោះព្រឿង ខេមរា មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីហិង្សាលើប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួស (បែកក្បាល) ដេរជាច្រើនថ្នេរ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិកើតហេតុខាងលើ ដោយបុរសជាប្តី បានប្រើឈើជើងទម្រទូរស័ព្ទ វាយទៅលើក្បាលប្រពន្ធ រហូតបែកចេញឈាម។

ដោយសារតែទ្រាំនឹងទង្វើដ៏កោងកាចរបស់ប្តី តទៅទៀតលែងបាន ទើបស្ត្រីជាប្រពន្ធ បានសម្រេចដាក់ពាក្យបណ្តឹងចូលមកអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឱ្យចាត់ការតាមផ្លូវច្បាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES