Monday, July 7, 2025
Homeព្រឹត្តិការណ៍សង្គមកម្ម​ក្ខ័យ​មរណៈ មាន​ន័យ​ដូច​ម្តេច​?

កម្ម​ក្ខ័យ​មរណៈ មាន​ន័យ​ដូច​ម្តេច​?

នៅក្នុងព្រះជីវប្រវត្តិសង្ខេបរបស់ព្រះគ្រូធម្មវិបស្សនា សំ ប៊ុនធឿន ដែលបានយកទៅសូត្រក្នុងឱកាសបុណ្យឈាបនកិច្ច រំលាយព្រះសពនាពេលថ្មីៗនេះ (ចុះផ្សាយក្នុងសារព័ត៌មាន “នគរធំ” ឆ្នាំទី២១ លេខ១.៣១០ ចេញផ្សាយថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦) ត្រង់ឃ្លាបញ្ចប់ថា ព្រះគ្រូអង្គនេះសុគតក្នុងព្រះជន្មាយុ៤៧ព្រះវស្សា ដោយ “កម្មក្ខ័យមរណៈ”។ ពាក្យ “កម្មក្ខ័យមរណៈ” ធ្វើឱ្យអ្នកមិនសូវយល់មានការងឿងឆ្ងល់ ដោយហេតុថា ព្រះសពសង្ឃដ៏ល្បីល្បាញនេះ រងគ្រោះដោយ ការបាញ់ប្រហារពីសំណាក់ឃាតករអនាមិក ទើប “នគរធំ” សម្រេចយកពាក្យ “កម្មក្ខ័យមរណៈ” មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។

“កម្មក្ខ័យ” (កាំខៃ) ក្លាយពីភាសាបាលី “កម្មក្ខយ” (កាំម៉ាក់ខៃ) គឺមកពីស័ព្ទ កម្ម+ខយ ប៉ុន្តែ ក្នុងភាសាបាលី បើមាន បទសមាស ឬការបង្រួមពាក្យចូលគ្នា ត្រូវសរសេរថា “កម្មក្ខយ” ដូចពាក្យចតុ៎មុខ ត្រូវសរសេរថា “ចតុម្មុខ”, ពុទ្ធ៎បដិមា សរសេរថា “ពុទ្ធប្បដិមា” ធម្ម៎ខន្ធ សរសេរថា “ធម្មក្ខន្ធ” ជាដើម។ “កម្ម” មានន័យថា អំពើ, ការដែលខ្លួនបានធ្វើ។ ឯពាក្យ “ខយ ឬក្ខយ” មានន័យថា សាបសូន្យទៅ អស់ទៅ រលត់ទៅ។ ដូច្នេះ “កម្មក្ខយ” ឬ “កម្មក្ខ័យ” សំដៅដល់កម្មដែលផុតរលត់ ទៅ ដំណើរអស់កម្ម ប្រហាក់ប្រហែលនឹងពាក្យ “អហោសិកម្ម” ដែលមានន័យថា កម្មដែលរលាយសូន្យទទេទៅ។ បើភ្ជាប់ ពាក្យ “កម្មក្ខ័យមរណៈ” គឺ សំដៅដល់សេចក្តីស្លាប់ ដើម្បីបញ្ចប់កម្មពៀរពីអតីតជាតិ ឬថា អស់មានកម្មផ្តន្ទាទៀតហើយ បន្ទាប់ពីរងកម្មជាច្រើនជាតិ ដោយសារគេធ្វើឃាត។

គួរយល់ថា “កម្មក្ខ័យមរណៈ” តែងយកមកប្រើសម្រាប់តែព្រះសង្ឃដែលត្រូវទមិឡធ្វើគុត ពុំសូវយកទៅប្រើសម្រាប់ បុគ្គលជាគ្រហស្ថនោះឡើយ សូម្បីព្រះពុទ្ធអង្គក៏ធ្លាប់ឆ្លងកាត់កម្មក្ខ័យនេះដែរ។ នៅក្នុងបទនមស្ការព្រះរតនត្រ័យ ក្នុងអក្សរ- សិល្ប៍រឿង “សព្វសិទ្ធិ” ត្រង់ចំណុចគោរពសង្ឃរតនៈ អ្នកនិពន្ធ “ម៉ឺនភក្តីអក្សរតន់” បានសរសេរជាឃ្លាឃ្លោងបទពាក្យ៧ ថា “ខ្ញុំថ្វាយបង្គំព្រះសង្ឃសម ប្រសើរឧត្តមទ្រង់សិក្ខា ជាតិជាកុលបុត្រពុទ្ធសាសនា ទ្រង់ព្រះមេត្តាសាសនាថ្លៃ។ ដែលលោក បណ្ឌិតដល់បដិវេធ ឃើញហេតុសង្ខារជាបច្ច័យ ហើយកាត់រំលាងកងកម្មក្ខ័យ សុខក្ស័យរួចចាករាគតណ្ហា”។

“កម្មក្ខ័យ” បើបរិយាយឱ្យល្អិតល្អន់ សំដៅដល់មនុស្សសត្វដែលអន្ទោលកើតស្លាប់លើលោកសន្និវាសនេះ ខ្លះបានសាង អំពើអាក្រក់ មានការកាប់សម្លាប់គេជាដើម ក៏ជាប់កម្មពៀរវេរារាប់រយឆ្នាំ ត្រូវគេសម្លាប់វិញ សូម្បីបានចូលសាងផ្នួសសម្រេច មគ្គផលដល់អរហត្ត ក៏នៅតែស្រមោលកម្មតាមផ្តន្ទាជាចុងក្រោយ ដែល “នគរធំ” សូមលើកឧទាហរណ៍ដូចខាងក្រោម ៖

-ព្រះមហាមោគ្គល្លានត្ថេរ ជាអគ្គសាវ័កឆ្វេងរបស់ព្រះពុទ្ធបរមគ្រូ ជាប់ឯតទគ្គៈខាងមានប្ញទ្ធិច្រើនជាងសាវ័កឯទៀត អាចជ្រែកទឹកជ្រែកដីទៅទតឋាននរក ឬហោះទៅទតឋានសួគ៌បាននោះ បែរជាចាញ់កម្លាំងកម្ម ត្រូវក្រុមចោរ៥០០នាក់ ស្ទាក់វាយសម្លាប់នៅសល់តែឆ្អឹងប៉ុនៗគ្រាប់អង្ករ លុះត្រាតែបរិនិព្វានទៅ។ សង្ឃសាវ័កឯទៀត ក៏នាំគ្នាទៅសួរព្រះថា “ព្រះ- មហាមោគ្គល្លាន ខ្លាំងពូកែណាស់ ហេតុអ្វីបែរជាចាញ់ដៃចោរ?” ព្រះពុទ្ធអង្គក៏ឆ្លើយថា “មោគ្គល្លាន សុគតដោយឃាតកម្ម បែបនេះ សមណាស់ ព្រោះកាលពីជាតិមុនកន្លងទៅហើយ មោគ្គល្លាន ធ្លាប់កើតជាបុរសម្នាក់ងុបស្រលាញ់ប្រពន្ធពេក ឯប្រពន្ធ នោះស្អប់ឪពុកម្តាយក្មេក ក៏ញុះញង់ប្តីឱ្យបញ្ឆោតឪពុកម្តាយបង្កើតទៅសម្លាប់។ មាណពនោះ ត្រូវអនន្តរិយកម្មទៅសោយ- ទុក្ខវេទនាក្នុងឋានអវិចីមហានរក អស់១ចន្លោះព្រះពុទ្ធ ក៏មកកើតជាមនុស្ស ត្រូវគេសម្លាប់បែបនេះ ៥០០ជាតិមកហើយ។ នេះជាជាតិចុងក្រោយ ហៅថា “កម្មក្ខ័យមរណៈ” គឺក្ស័យដោយអស់កម្ម ទោះបីជាមហាមោគ្គលាន មានប្ញទ្ធិយ៉ាងណាក៏មិន ឈ្នះកម្លាំងកម្មដែលធ្លាប់សម្លាប់ឪពុកម្តាយនោះឡើយ។ ដោយឡែកក្រុមចោរទមិឡដែលពួនស្ទាក់ធ្វើគុតព្រះមហាមោគ្គ- ល្លាន ក៏ត្រូវព្រះមហាក្សត្រឱ្យស៊ើបអង្កេត ចាប់បាន យកទៅសម្លាប់ចោលទាំងអស់។

-ព្រះអង្គម្ចាស់វីតសោក ជាព្រះអនុជរបស់ព្រះបាទអសោកមហារាជ នៅពេលចូលសាងផ្នួស បានក្លាយជាព្រះអរហន្ត ក៏ត្រូវពួកនិគ្រន្ថ (អ្នកបួសក្រៅសាសនា) ចាប់បានយកទៅកាត់ព្រះសិរ។ វីតសោកត្ថេរ អាចហោះហើរដើរលើអាកាសបាន បែរជាសុគតដោយដៃមនុស្សពាលបែបនេះ ក្នុងគម្ពីរ “ធម្មបទដ្ឋកថា” បានរៀបរាប់ថា ក្នុងកាលកន្លងទៅហើយ វីតសោក កើតជាព្រានព្រៃ បានទៅដាក់អន្ទាក់ក្បែរមាត់ទឹក ក៏បានឃើញព្រះបច្ចេកពុទ្ធ (ព្រះពុទ្ធដែលត្រាស់តែអង្គឯងមិនប្រោសសត្វ) ១អង្គ មកពីបិណ្ឌបាត ឈប់សំចតក្បែរអន្ទាក់ បណ្តាលឱ្យសត្វផ្អើលអស់។ ព្រានព្រៃផ្ទុះកំហឹងក៏ហូតដាវកាប់ព្រះបច្ចេកពុទ្ធដាច់ ព្រះសុរង្គ ចូលបរិនិព្វានទៅ។ កម្មដ៏ធ្ងន់នេះ បានទាញព្រានព្រៃឱ្យធ្លាក់នរករាប់សែនឆ្នាំ លុះមកកើតជាមនុស្ស នៅសល់ចំហាយ- កម្ម ត្រូវគេកាត់ក្បាលរាប់រយជាតិមកហើយ។ មានសេចក្តីតំណាលថា ព្រះវីតសោកភិក្ខុ បានឃើញពួកទមិឡមកចាប់ដែរ តែព្រះអង្គមិនរត់ ដោយរំពឹងដោយសំណាញ់ញាណឃើញថា ព្រះអង្គនៅសល់ចំហាយកម្មចុងក្រោយ១ជាតិហ្នឹងទៀត ហៅ ថា “កម្មក្ខ័យមរណៈ” ក៏បន្ទន់ក្បាលឱ្យគេកាប់ដោយស្រួល រួចក៏ចូលបរិនិព្វានទៅ។

-សម្តេចព្រះសង្ឃរាជហួត តាត ដែលមានពាក្យចចាមអារ៉ាមថា ព្រះអង្គត្រូវពួកខ្មែរក្រហម ធ្វើគុតនៅវត្តប្រាង្គ អតីត- រាជធានីឧដុង្គ ក្រោយថ្ងៃ១៧មេសា ឆ្នាំ១៩៧៥នោះ អាចថា មកពីព្រះអង្គជាប់ “កម្មក្ខ័យមរណៈ” នេះដែរ។

“កម្មក្ខ័យមរណៈ” ខុសពី “អហោសិកម្ម” បន្តិច ដូចរឿង “អង្គុលីមាល៍” ដែលមាណពនោះចាញ់កលគ្រូអាចារ្យទិសា- បាមោក្ខ ក៏ដេញកាប់សម្លាប់មនុស្សយកតែម្រាមដៃឱ្យគ្រប់១០០០នាក់ និងមានបំណងសម្លាប់ម្តាយ យកម្រាមបង្គ្រប់ ក៏ត្រូវ បានព្រះពុទ្ធអង្គយាងទៅប្រោស។ អង្គុលីមាល៍ បានសាងផ្នួសសម្រេចអរហត្តផល ដោយគ្មានពៀរវេរាពីការសម្លាប់មនុស្ស ៩៩៩នាក់នោះទេ ព្រោះលោកអស់កម្មទៅហើយ ប្រៀបបាននឹងស្វាយទុំ ដល់ពេលជ្រុះដាច់ពីសណ្តង់ មិនអាចតភ្ជាប់វិញបានទេ។

ដូច្នេះយើងឃើញថា “កម្មក្ខ័យមរណៈ” សម្រាប់យកមកប្រើចំពោះតែព្រះសង្ឃដែលត្រូវគេធ្វើគុតប៉ុណ្ណោះ ពុំសូវយក មកប្រើជាទូទៅសម្រាប់បុគ្គលជាគ្រហស្ថនោះឡើយ។ អ៊ីចឹងករណីព្រះគ្រូធម្មវិបស្សនា សំ ប៊ុនធឿន ដែលត្រូវឃាតករ អនាមិក២នាក់ បាញ់ប្រហារនៅក្នុងបរិវេណវត្តលង្កា កាលពី១៣ឆ្នាំមុននោះ អាចថា មកពីព្រះអង្គជាប់ចំហាយកម្ម ដូច ព្រះមហាមោគ្គល្លាន, ព្រះភិក្ខុវីតសោក ឬដូចសម្តេចព្រះសង្ឃរាជ ហួត តាត។ មានន័យថា នេះជាជាតិចុងក្រោយ ដែល ព្រះតេជគុណ សំ ប៊ុនធឿន រួចផុតកងកម្មអកុសល នឹងបានទៅកើតក្នុងព្រហ្មលោក ដោយអំណាចធម៌វិបស្សនាធុរៈ ដែល ព្រះអង្គបានបំពេញ ក៏ដូចជាការទេសនាប្រៀនប្រដៅពុទ្ធបរិស័ទ។ គួរយល់ថា ក្រុមចោរដែលពួនស្ទាក់ធ្វើគុតព្រះមហាមោគ្គ- ល្លាន ត្រូវស្តេចឱ្យស៊ើបអង្កេតចាប់បានយកទៅប្រហារជីវិតទាំងអស់។ រីឯពួកនិគ្រន្ថ ដែលធ្វើគុតព្រះភិក្ខុវិតសោក ត្រូវបាន ព្រះបាទអសោកមហារាជ ជាព្រះរៀម ទ្រង់ព្រះពិរោធជាខ្លាំង ក៏ត្រាស់បង្គាប់កងសេនាឱ្យតាមចាប់យកទៅសម្លាប់ចោល អស់ចំនួន១ម៉ឺន៨ពាន់នាក់។ ដោយឡែកពួកខ្មែរក្រហម បាតដៃលោហិត ប្រល័យពូជសាសន៍ កម្ទេចវត្តអារាម ធ្វើគុតសម្តេច ព្រះសង្ឃរាជហួត តាត និងព្រះសង្ឃឯទៀតនោះ កាន់អំណាចបានតែជាង៣ឆ្នាំ ក៏ដួលរលំទៅ។ ចំពោះឃាតករធ្វើគុតព្រះ- គ្រូសំ ប៊ុនធឿន ទោះជាមិនស្គាល់អត្តសញ្ញាណ ក៏ចៀសមិនផុតពីកម្មពៀរវេរា ដោយសារខ្លួនបាញ់ប្រហារព្រះសង្ឃ ទោះជា អាចគេចផុតពីច្បាប់រដ្ឋ ក៏មិនអាចគេចផុតពីច្បាប់ឋាននរក។

សរុបទៅ “កម្មក្ខ័យមរណៈ” មានន័យយ៉ាងនេះឯង សំដៅដល់ព្រះសង្ឃដែលមានប្ញទ្ធិខ្លាំងពូកែ ហោះហើរដើរលើអាកាស បាន ឬមានចំណេះដឹងជ្រៅជ្រះ ត្រូវទទួលអនិច្ចធម្មដោយគ្រឿងអាវុធដើម្បីបញ្ចប់កម្មពៀរចុងក្រោយរបស់ព្រះអង្គ។ ដូច្នេះ យើងមានជំនឿថា ព្រះតេជគុណសំ ប៊ុនធឿន ដែលរួចចាកកម្មនោះ នឹងបានគង់នៅក្នុងព្រះសុគតិភព រហូតដល់បរិនិព្វានជា ចុងក្រោយ មិនអន្ទោកអន្ទោលកើតចាស់ឈឺស្លាប់ក្នុងវាលវដ្តសង្សារនេះទៀតទេ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES