ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ អនុប្រធានបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចសភា លោក កឹម សុខា បានអញ្ជើញចុះទៅសាកសួរសុខទុក្ខមន្រ្ដីអង្គការសង្គមស៊ីវិល ៤នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធាគារព្រៃស ពាក់ព័ន្ធសំណុំរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។ នេះបើយោងតាមគណនី Facebook ផ្លូវការរបស់លោក កឹម សុខា បានបង្ហោះឲ្យដឹងនៅមុននេះបន្ដិច ។
នៅលើបណ្ដាញសង្គមខាងលើ លោក កឹម សុខា បានសរសេរបញ្ជាក់ថា «១២-ធ្នូ-២០១៦/ ពន្ធនាគារព្រៃស។ នៅរសៀលថ្ងៃនេះ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ និងខ្ញុំ បានទៅជួបសួរសុខទុក្ខ មន្ដ្រីអង្គការសង្គមស៊ីវិល៤នាក់ (អ្នកស្រីលឹម មុនី -លោកនី សុខា -លោកយី សុខសាន្ដ -លោកណៃ វ៉ង់ដា) និងអ្នកស្រី ទេព វន្នី នៅពន្ធនាគារព្រៃស» ។
គួរបញ្ជាក់ថា សំណុំរឿងសូកប៉ាន់សាក្សី ក្នុងរឿងសញ្ចារកម្ម ដែលកើតចេញពីរឿងអាស្រូវរបស់លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានធ្វើឲ្យមនុស្ស៦នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ ។ មនុស្សទាំង៦នាក់នោះ រួមមាន មន្រ្តីអាដហុក៤នាក់ មន្រ្តីគ.ជ.ប ម្នាក់ (ជាប់នៅពន្ធនាគារ PJ) និងលោក ស៊ាង ចែត មេឃុំគណបក្សសម រង្ស៊ី ដែលទើបត្រូវព្រះមហាក្សត្រ ប្រោសព្រះរាជាទានលើកលែងទោសឲ្យមានសេរីភាពវិញ កាលពីពេលថ្មីៗកន្លងទៅនេះ ៕