ខេត្តកំពត ៖ ជនសង្ស័យជាមនុស្សខ្ចាត់ព្រាត់ម្នាក់ បានចូលមកសុំបាយក្រុមគ្រួសារមួយ ហូបឆ្អែត មានកម្លាំង ស្រាប់តែបានវាយបុរសជាម្ចាស់ផ្ទះនឹងដំបងឈើ ចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវឃាតករវាយសម្លាប់ មានឈ្មោះឃាង តាត់ ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅ ភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ មានឈ្មោះសុខ ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្រោល ឃុំគោគចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោកសូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យមិនដឹងជាដើរដាច់សង្វែងមកពីណា បានចូលទៅសុំបាយទឹកជនរងគ្រោះហូបហូប ហើយជនរងគ្រោះឃើញស្ថានភាពរបស់ជនសង្ស័យហាក់ហេវហត់អស់កម្លាំង នឹកឃើញអាណិត មានចិត្តបុណ្យ ក៏បានរៀបចំបាយទឹកឱ្យជនសង្ស័យហូបមួយពេលទៅ។

លោកអធិការ បន្តថា ខណៈពេលនោះ កូនរបស់ជនរងគ្រោះឈឺ ទើបស្ត្រីជាប្រពន្ធជនរងគ្រោះ បាននាំកូនទៅផ្ញើនៅផ្ទះម្តាយ ដោយទុកឱ្យជនសង្ស័យ និងជនរងគ្រោះជាប្តី នៅតែ២នាក់ក្នុងផ្ទះ។ លុះពេលត្រឡប់មកផ្ទះមកវិញ ស្រាប់តែឃើញប្តីរបស់ខ្លួនដេកដួលសន្លប់ នៅលើដី ឃើញដូចនេះ ប្រពន្ធក៏បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត តែជាអកុសល ជនរងគ្រោះបានស្លាប់ នៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
លោកអធិការនគរបាលស្រុកទឹកឈូ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យបានប្រើដំបងឈើមូលវាយក្បាលរងគ្រោះ បណ្តាលឱ្យមានរបួសធ្ងន់ ទើបបណ្តាលឱ្យបាត់បង់ជីវិត។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនសង្ស័យជាមនុស្សគ្មានប្រពន្ធកូន ហើយក៏មិនមែនជាប្រជាពលរដ្ឋដែលមានលំនៅក្នុងស្រុកទឹកឈូ ដែរ។ ម៉្យាងទៀត ជនសង្ស័យគឺជាមនុស្សបែកថ្នាំ។
ក្រោយកើតហេតុ កម្លាំងអន្តរាគមន៍ស្រុកទឹកឈូ បានសហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំត្រពាំងព្រីង និងកងរាជអាវុធហត្ថស្រុកទឹកឈូ បានឃាត់ខ្លួនជនសង្ស័យ បញ្ជួនទៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕