ភ្នំពេញ ៖ តារាចម្រៀងស្រីល្បី ឈ្មោះ អ្នកនាងឈួន សុវណ្ណឆៃ បានសម្តែងនូវអារម្មណ៍សោកសៅ រន្ធត់ចិត្តយ៉ាងខ្លាំង ខណៈម្តាយជាទីគោរពស្រលាញ់ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នាប្រទេសថៃ កាលពីពេលថ្មីៗនេះ បានទទួលមរណភាព កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។



អ្នកនាងឈួន សុវណ្ណឆៃ បានបញ្ចេញសំណេរសោកសៅ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ថា “ម្តាយខ្ញុំ គាត់ទៅចោលខ្ញុំហើយ សូមអ្នកម្តាយទៅឱ្យវិញ្ញាណក្ខន្ធរបស់ម៉ែ បានទៅកាន់ទីសុខផងចុះ! បើមានជាតិក្រោយ កូនសុំកើតជាកូនម៉ែទៀត ហើយ ស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គលណាម៉ែណា…។ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ១២កើត ភទ្របទ អស្សុជ ឆ្នាំខាល ព.ស. ២៥៦៦ ដោយរោគាពាធ នៅវេលាម៉ោង ៣ភ្លឺ…”។


អ្នកនាងឈួន សុវណ្ណឆៃ បានសរសេរបន្ថែមថា “ម៉ែពិតជាដាច់ចិត្តណាស់ ទៅចោលកូន ទាំងគ្មានពាក្យលាគ្នាសូម្បីបន្តិច សូមឱ្យវិញ្ញាណក្ខន្ធរបស់ម៉ែ បានទៅកាន់ទីសុខ សូមជាតិណាៗកូនរស់ក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ម៉ែគ្រប់ៗជាតិ ហើយសូមជូនដំណឹងដល់ពុកម៉ែ បងប្អូនថា សពម្តាយនាងខ្ញុំ បានរៀបចំធ្វើបុណ្យនៅវត្តសំរោងអណ្តែត ដូច្នេះហើយ នាងខ្ញុំក៏សូមអធ្យាស្រ័យពីចម្ងាយផង ដោយក្តីអនុគ្រោះពីនាងខ្ញុំ ឈួន សុវណ្ណឆៃ…”។


គួររំលឹកថា ម្តាយបង្កើតរបស់អ្នកនាងឈួន សុវណ្ណឆៃ បានធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ប្រទេសថៃ តែអកុសល ដោយសារស្ថានភាពជំអឺមិនអាចធូរស្បើយ និងអស់សង្ឃឹម ទើបសាច់ញាតិសម្រេចដឹកបញ្ជូនតាមយន្ត ហោះ ត្រឡប់មកទឹកដីកំណើតវិញ ហើយនៅរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក៏បានទទួលមរណភាពតែម្តង។
យ៉ាងណា បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅមួយនេះភ្លាម បណ្តាមហាជន ក៏ដូចជាអ្នកគាំទ្រ និងសិល្បករ សិល្បការិនីល្បីៗ ជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងក្រៃលែង និងបានចូលរូមរំលែកទុក្ខអ្នកនាងឈួន សុវណ្ណឆៃ និងក្រុមគ្រួសារផងដែរ៕