ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកសារព័ត៌មាន បានសម្រេចចិត្តគិតខ្លី បញ្ចប់ជីវិតរបស់ខ្លួន ដោយធ្វើអត្តឃាត បន្សល់ទុកប្រពន្ធនិងកូនតូច រស់នៅកំព្រា។ ការសម្រេចចិត្តគិតខ្លីបែបនេះ ត្រូវបានសាមីខ្លួនជនរងគ្រោះ បញ្ជាក់ឱ្យដឹងតាមរយៈសារសំឡេងក្នុងទូរស័ព្ទ មុនពេលធ្វើអត្តឃាតថា គឺជាការសម្រេចចិត្តដោយខ្លួនឯង (មានជំងឺបាក់ទឹកចិត្ត) ព្រមទាំងបានផ្តាំផ្ញើប្រពន្ធរបស់ខ្លួនត្រូវរឹងមាំ ដើម្បីមើលថែកូន និងក្រុមគ្រួសារ ជំនួសខ្លួនជាប្តីដែលលាទៅដោយគ្មានថ្ងៃវិលត្រឡប់។

បុរសដែលចងកធ្វើអត្តឃាត មានឈ្មោះញ៉ែម ប្រសិដ្ឋ ជាអ្នកសារព័ត៌មានវិទ្យុសំឡេងយុវជន VOY FM 91.5MHz មានភរិយាឈ្មោះសល់ ស្រីនាថ និងមានកូនប្រុសម្នាក់ ក្នុងបន្ទុក មានលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោកធឿន វណ្ណសុង ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅថ្ងៃកើតហេតុ មានកម្មវិធីជួបជុំគ្រួសារខាង គ្រួសាររបស់គាត់ នៅខណ្ឌដង្កោ ហើយគាត់បានប្រាប់ប្តីប្រពន្ធលោកប្រសិដ្ឋ ចូលរួមដែរ តែលោកប្រសិដ្ឋ មិនបាននាំ ប្រពន្ធកូន មកដូចសព្វមួយដងទេ។ ក្រោយមក លោកប្រសិដ្ឋ បានប្រាប់ម្តាយបង្កើតនិងប្រពន្ធ នៅផ្ទះសង្កាត់ស្ទឹងមានជ័យ ថាទៅស្ទួចត្រី នៅម្តុំផ្ទះឪពុកក្មេក នៅខណ្ឌដង្កោ ដូចដែលលោកក៏បានធ្វើកាលពីម្សិលមិញ (មុនថ្ងៃកើតហេតុ)។

ប្អូនថ្លៃជនរងគ្រាះ បញ្ជាក់ថា “ពេលមកផ្ទះឪពុកក្មេក គាត់ក៏បានជួបនិយាយលេងជាមួយបងប្អូនថ្លៃ ហើយថាទៅស្ទូចត្រី លុះដល់ម៉ោង ២រសៀល តាខ្ញុំរៀបចំទៅសមាទានសីលលើផ្ទះ។ គាត់ចាស់ ភ្នែកមើលមិនច្បាស់ លុះពេលគាត់ថយក្រោយ ក៏ប៉ះសព (លោកញ៉ែម ប្រសិដ្ឋ ក្នុងស្ថានភាពចងក) ទើបដឹងថា គាត់ស្លាប់ទៅហើយ។ ភ្លាមៗហ្នឹង គ្រប់គ្នាមិនជឿទេថា នោះជាសពបងសិដ្ឋ ព្រោះគាត់ធម្មតា អត់ដែលមានបញ្ហាអីសោះ…”។
លោកញ៉ែម សំណាង ជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ ថ្មីៗនេះបានបង្ហោះហ្វេសប៊ុក ពីមូលហេតុពិតនៃការស្លាប់បងប្រុសរបស់ខ្លួន ដោយលោកបានដឹងតាមរយៈការបន្សល់ទុកសំឡេងថតទុកក្នុងទូរស័ព្ទ រយៈពេលជិត ១នាទី មុនពេលលោកប្រសិដ្ឋ ធ្វើអត្តឃាត។
លោកញ៉ែម សំណាង បានឱ្យដឹងថា យោងតាមសំឡេងចុងក្រោយ បានបង្ហាញថា បងប្រុសគាត់ (លោកញ៉ែម ប្រសិដ្ឋ) មានជំងឺស្ត្រេស និងបាក់ទឹកចិត្ត ដោយមិនបានប្រាប់ក្រុមគ្រួសារ និងប្រពន្ធកូន ឱ្យបានដឹងនោះទេ ហើយក្រុមគ្រួសារទៀតសោត ក៏មិនបានដឹងថា លោកមានជំងឺបែបនេះដែរ ព្រោះកាយវិការរស់នៅប្រចាំថ្ងៃរបស់លោកប្រសិដ្ឋ មិនបានបង្ហាញថា លោកមានជំងឺនេះទេ។
លោកញ៉ែម សំណាង បន្តថា “គាត់បញ្ជាក់ទៀតថា ការសម្រេចចិត្តនេះ មិនមែនជាកំហុសរបស់អ្នកណាម្នាក់នោះទេ គឺគាត់សម្រេចចិត្តដោយខ្លួនឯង និងបានលើកឡើងថា គឺគាត់អសមត្ថភាពក្នុងការដឹកនាំគ្រួសារ។ បណ្តាំចុងក្រោយ បន្ថែមថា គាត់សូមទោស លោកយាយ លោកតា ម្តាយ ប្រពន្ធកូន និងអ៊ំពូមីង បងប្អូន ដែលគាត់សម្រេចចិត្តធ្វើបែបនេះ និងផ្តាំដល់ ប្រពន្ធ អូនត្រូវរឹងមាំ និងតស៊ូឡើង ដើម្បីមើលថែរក្សាកូន និងសូមឱ្យអ្នកម្តាយ ជួយមើលថែចៅប្រុស ឱ្យបានរៀនដល់ថ្នាក់ខ្ពស់ផង”។

លោកញ៉ែម សំណាង បានបន្តទៀតថា “នេះគឺជាពាក្យពេចន៍ផ្តាំផ្ញើររបស់គាត់ ហើយខ្ញុំក៏សូមព្រមាន និងផ្តាំផ្ញើទៅដល់អ្នកវិនិច្ឆ័យអគតិមួយចំនួនដែលថា បងប្រុសខ្ញុំសម្រេចចិត្តបែបនេះដោយសារលេងល្បែងលង់ខ្លួន មានស្រីក្បត់ប្រពន្ធ និងបានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរចំពោះ គ្រួសារ ជាដើម…។ ខ្ញុំសូមបញ្ជាក់ថា បងប្រុសខ្ញុំមិនដែលមានប្រវត្តិប្រព្រឹត្តិរឿងទាំងអស់នេះនោះទេ ហើយបងប្អូនញាតិជិតខាង គឺស្រឡាញ់និងរាប់អានបងប្រុសខ្ញុំខ្លាំងណាស់ ព្រោះថា គាត់មានអត្តចរិតសុភាពរាបសា និងមានគ្រូបាអាចារ្យប្រដៅ ដឹងចាស់ដឹងទុំត្រឹមត្រូវ…”។
គួរបញ្ជាក់ថា លោកញ៉ែម ប្រសិដ្ឋ ជាអតីតបុគ្គលិកវិទ្យុសូលីដា ពីឆ្នាំ២០១០ ដល់២០១៤ ក្រោយមក លោកបានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងវិទ្យុសំឡេងយុវជន VOY FM 91.5MHz ពីឆ្នាំ២០១៤ រហូតដល់ថ្ងៃមរណភាព៕