Monday, July 14, 2025
Homeព័ត៌មានជាតិគប់១ពូថៅ រយះក្បាល ជាប់ខ្នោះ៨នាក់

គប់១ពូថៅ រយះក្បាល ជាប់ខ្នោះ៨នាក់

ខេត្តប៉ៃលិន ៖ យុវជន២នាក់ កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវសុខៗ ស្រាប់តែត្រូវក្មេងស្ទាវ ១ក្រុម មានគ្នា ៩នាក់ ដែលធ្លាប់មានគំនុំជាមួយគ្នា តាំងពីមុនមក បានធ្វើសកម្មភាពគប់ ១ពូថៅ ចំក្បាលយុវជនម្នាក់ដែលជិះពីខាង បណ្តាលដួលម៉ូតូ ស្លាប់ម្នាក់ រងរបួសម្នាក់ និងត្រូវសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ លុះក្រោយពីស៊ើបអង្កេតល្អិតល្អន់ ទើបដឹងថា ជាករណីឃាតកម្ម ទើបស្រាវជ្រាវឃាត់ខ្លួនក្រុមជនដៃដល់បានចំនួន ៨នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង តាំងពីវេលាម៉ោង ១១យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ រហូតមកដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្រុមជនដៃដល់បានជាបន្តបន្ទាប់ សរុបចំនួន ៨នាក់ នៅសល់ម្នាក់កំពុងរត់គេចខ្លួន។

យុវជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះភឿម សាម៉ី ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិស្វាយព្រៃ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសស្រាល មានឈ្មោះហេង កំផៃ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក winner ពណ៌ខ្មៅ គ្មានស្លាកលេខ។

ចំណែកក្រុមជនដៃដល់ទាំង៨នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះជី ថៃ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះវិត ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ។ ទាំងពីរនាក់នេះ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ទី៣-ឈ្មោះឡូត សាក់កាន ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៤-ឈ្មោះសូរ សីហា ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៥-ឈ្មោះធូ ពិទូ ភេទប្រុស អាយុ១៣ឆ្នាំ។ ទី៦-ឈ្មោះ ចាន់ឌី សំណាង ភេទប្រុស អាយុ១៧ឆ្នាំ (ជាជនដៃដល់គប់កាំបិត)។ ទី៧-ឈ្មោះជា វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ និងទី៨-ឈ្មោះសុខ វណ្ណៈ ហៅធន ភេទប្រុស អាយុ២១ឆ្នាំ។ ទាំង៦នាក់នេះ រស់នៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ រីឯបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន មានឈ្មោះភា ភេទប្រុស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មានករណី ឃាតកម្មគិតទុកជាមុន បានកើតឡើងនៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងរងរបួសស្រាលម្នាក់ ព្រមទាំងខូចខាតម៉ូតូ ១គ្រឿង យ៉ាងដំណំ ខណៈជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាសុខៗតាមដងផ្លូវ ក្នុងទិសដៅពីត្បូង ទៅជើង ស្រាប់តែត្រូវក្រុមក្មេងទំនើងខាងលើ បានទាញយកពូថៅគប់ពេញទំហឹង បណ្តាលឱ្យត្រូវចំក្បាលរបស់ជនរងគ្រោះ ឈ្មោះភឿម សាម៉ី រយះក្បាលដូចគេពុះ ស្លាប់នៅនឹងកន្លែងតែម្តង ចំណែកម្នាក់ទៀត ឈ្មោះហេង កំផៃ រងរបួសស្រាល។

ប្រភពដដែល បន្តថា ក្រោយពីទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ ហើយ ដោយមានគោលការណ៍ឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ខាងនគរបាលព្រហ្មទណ្ឌនៃស្នងការខេត្ត បានបើកការស៊ើបអង្កេត ចុះពិនិត្យជាក់ស្តែង និងស្តាប់តាម ការបំភ្លឺរបស់សាក្សី ដែលមានផ្ទះនៅក្បែរកន្លែងកើតហេតុ រួចសួរនាំដល់ផ្ទះជនរងគ្រោះ (គ្រួសារសព)  រហូតមកដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានឈានដល់កំណត់បានមុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ខាងលើតែម្តង។

ប្រភពដដែលបញ្ជាក់ថា នៅពេលធ្វើសកម្មភាព ក្រុមជនសង្ស័យមានគ្នាចំនួន៩នាក់ តែឃាត់ខ្លួនបានត្រឹមចំនួន៨នាក់ប៉ុណ្ណោះ នៅសល់ ម្នាក់ទៀតមានឈ្មោះភា ភេទប្រុស បានរត់គេចខ្លួន ហើយខណៈពេលនេះសមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកទៅសាកសួរបន្ថែម។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៨នាក់ខាងលើ បានឱ្យដឹងដូចគ្នាថា ពួកគេពិតជាបានពួនស្ទាក់យកពូថៅគប់ទៅលើជនរងគ្រោះពីក្រោយ បណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែងប្រាកដមែន។ មូលហេតុ ដោយសារតែការចងគំនុំទំនាស់ពាក្យសម្តីរវាងគ្នានឹងគ្នា កាល ពេលកន្លងមក។

ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES