សៀមរាប ៖ នារីវ័យក្មេង រូបស្រស់ម្នាក់ គ្រាន់តែខឹងម៉ែឪស្ដីប្រដៅ រឿងមិនទៅសែននៅផ្ទះខាងប្ដី ក្រោយពីរៀប ការរួចបាន១០ថ្ងៃ ស្រាប់តែរត់ចោលប្ដី និងផ្ទះ ដោយមិនបានប្រាប់ឪពុកម្ដាយមួយម៉ាត់ ធ្វើឲ្យពួកគាត់មានក្ដីបា រម្ភខ្វល់ខ្វាយ ព្យាយាមតាមស្វែងរកកូនស្រីគ្រប់ច្រកល្ហក នៅតែមិនឃើញ ទើបសុំឲ្យ «នគរធំ» ជួយផ្សព្វផ្សាយ ឲ្យកូនស្រីបានដឹង និងវិលត្រឡប់មកផ្ទះវិញ។
នារីវ័យក្មេងដែលរៀបការបាន ១០ថ្ងៃ រត់ចោលផ្ទះនិងប្តីនោះ មានឈ្មោះឈឹម បញ្ញា អាយុ១៨ឆ្នាំ ជាកូនទី២ (កូនពៅ) ក្នុងចំណោមបងប្អូន២នាក់ ដែលមានម្ដាយឪពុកឈ្មោះ ឈន ឈឹម អាយុ៥៥ឆ្នាំ និងម្ដាយឈ្មោះហ៊ិន ម៉ានី អាយុ៥២ឆ្នាំ ។ មុនពេលបាត់ខ្លួន រស់នៅជាមួយក្រុមគ្រួសារ ក្នុងភូមិអន្លង់វិល ឃុំធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ ចំណែកបុរសជាប្ដី (សុំមិនបញ្ចេញឈ្មោះ) អាយុ២០ឆ្នាំ រស់នៅក្នុងស្រុកជាមួយគ្នា ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារ ពេលបាត់ខ្លួន នារីខាងលើបានយកទៅជាមួយនូវម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AJ-8356 ខ្សែកមាស ទម្ងន់២តម្លឹង និងលុយ ប្រហែល១លាន រៀល ។

អ្នកស្រីហ៊ិន ម៉ានី អាយុ៥២ឆ្នាំ ជាម្ដាយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ថាមុនពេល បាត់ពីផ្ទះ កូនស្រីរបស់អ្នកស្រី បានរៀបការរួចហើយ ជាមួយបុរសម្នាក់ រស់នៅក្នុងស្រុក-ខេត្តជាមួយគ្នា ទើបតែ បាន១០ថ្ងៃប៉ុណ្ណោះ (រៀបការថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣) ។ អ្នកស្រីបន្តថា ពិធីរៀបការរបស់កូនស្រីអ្នកស្រី និង កូនប្រសា បានធ្វើឡើងត្រឹមត្រូវទៅតាមប្រពៃណីខ្មែរ ដោយមានចាស់ទុំព្រមព្រៀងដឹងឮទាំងសងខាង ដោយ គ្មានអ្នកណាបង្ខំអ្នកណាទេ ។
ស្ត្រីជាម្តាយ បន្តថា មុនឈានដល់រៀបការ កូនស្រី និងប្ដីរបស់នាង បានទាក់ទងស្គាល់គ្នាតែពីរនាក់ដោយឪពុក ម្ដាយមិនបានដឹងមុនទេ ។ លុះពេលទាក់ទងគ្នាបានរយៈពេល ១ខែ ខាងប្រុសក៏បានឲ្យឪពុកម្ដាយគេចូលស្ដី ដណ្តឹងកូនស្រីអ្នកស្រី ហើយក៏ព្រមព្រៀងរៀបការ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ។
អ្នកស្រីហ៊ិន ម៉ានី បានបញ្ជាក់បន្តថា ជាទំនៀមទម្លាប់របស់ខ្មែរ មិនថានៅខេត្តណាទេ គឺក្រោយពេលរៀប ការហើយ បើទោះបីក្រុមគ្រួសារខាងកូនប្រុស បានមកបំពេញមុខ រៀបការយ៉ាងអ៊ឹកធឹកនៅផ្ទះខាងស្រីក៏ដោយ ក៏ត្រូវហៅខាងក្រុមគ្រួសារកូនស្រី ជាពិសេសសាមីខ្លួនកូនស្រី ទៅសែនព្រេនចាស់ទុំ ដើម្បីឲ្យព្រលឹងញតិ កា ទាំង៧សន្ដាន ដឹងឮបន្ថែមទៀតដែរ ។ ដូច្នេះហើយ គោរពតាមទំនៀមទម្លាប់នេះ ក្រោយរៀបការហើយបាន ៥ថ្ងៃ គឺនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ប្ដីរបស់កូនស្រីអ្នកស្រី បានហៅប្រពន្ធគេទៅសែនខាងផ្ទះឪពុកម្ដាយគេ តែ មុនពេលទៅស្រុកខាងប្តី កូនប្រសារបស់អ្នកស្រី បានឲ្យប្រពន្ធគេ ទៅអ៊ុតសក់ ហើយនាងក៏ទៅអ៊ុតសក់ តែពេល អ៊ុតសក់រួចហើយ នាងបែរជាមិនព្រមទៅសែនខាងប្ដី ដោយប្រាប់ប្តី និងអ្នកស្រីជាម្តាយថា នាងមិនស្រួលខ្លួន ។ ពេលនោះ អ្នកស្រីបានសួរកូនស្រីថា ប្ដីឲ្យទៅអុជធូបនៅផ្ទះខាងឪពុកគេបន្តិច ហេតុអីមិនទៅ? ហើយ ពេលនោះ អនកស្រីក៏បានស្តីប្រដៅកូនស្រីថាគ្រាន់តែទៅអុជធូបសែនខាងប្ដីបន្តិច គ្មានកម្លាំងទេ តែទៅអ៊ុតសក់ បែរជា មានកម្លាំង ។

ស្រ្តីជាម្ដាយ បានបន្តទៀតថា ក្រៅពីស្តីថាឲ្យកូនតែប៉ុណ្ណឹង អ្នកស្រីមិនបានស្តីថាអ្វីផ្សេងទៀតទេ ហើយក៏មិន នឹកស្មានថា នាងខឹងនឹងពាក្យរបស់គាត់ជាម្ដាយប៉ុណ្ណឹងដែរ លុះ៤ថ្ងៃក្រោយមក គឺនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៣ ស្រាប់តែកូនស្រី បានលួចចេញបាត់ពីផ្ទះតែម្ដង ដោយមិនបានប្រាប់ឪពុកម្ដាយ និងប្តី ឲ្យដឹងឡើយ។
ស្ត្រីចាម្តាយ បញ្ជាក់ថា ក្រោយពេលកូនស្រីចេញបាត់ពីផ្ទះ អ្នកស្រីគិតថា ប្រហែលមកពីនាងខឹងនឹងគាត់ស្តីថាឲ្យ រឿងមិនទៅសែននៅផ្ទះខាងប្ដីនោះហើយ ព្រោះនាងគ្មានទំនាស់អ្វីជាមួយប្ដី មុនពេលបាត់ពីផ្ទះនោះទេ គឺនៅស្រ លាញ់គ្នា និយាយធម្មតា ហើយបើនិយាយពីឪពុកម្ដាយក្មេកនាងមិនពេញចិត្តនោះ ក៏មិនអាចទៅរួចដែរ គឺឪពុក ម្ដាយក្មេកនាងស្រលាញ់ពេញចិត្តនាងជាកូនប្រសា ដូចដែលអ្នកស្រីពេញចិត្តប្ដីនាងជាកូនប្រសាប្រុសអ៊ីចឹងដែរ ។ អ្នកស្រីនឹកឆ្ងល់ថា ហេតុអ្វីក៏កូនខឹងឪពុកម្ដាយ ដល់ថ្នាក់ដាច់ចិត្តរត់ចោល បិទលេខទូរស័ព្ទ មិនឲ្យឪពុកម្ដាយ បងប្អូនទាក់ទងបាន ធ្វើឲ្យអ្នកស្រីបាត់ដំណឹងកូនសូន្យឈឹង ក្នុងរយៈពេលជិត១ខែមកហើយ មិនដឹងថា នាងរស់ នៅទីកន្លែងណា ទាំងដែលអ្នកស្រីបារម្ភពីសុខទុក្ខ និងសុវត្ថិភាពរបស់នាងខ្លះណាស់ ទើបប្រកាសស្វែង រកតាម បណ្ដាញសង្គម និងតាមសារព័ត៌មានផង ហើតអ្នកស្រីចង់បញ្ជាក់ប្រាប់ទៅកូនស្រីថា អ្នកស្រីជាម្តាយ ពិតជាមាន អារម្មណ៍សោកស្ដាយ ដែលជ្រុលនិយាយពាក្យប៉ុន្មានម៉ាត់ ស្តីថាឲ្យកូន តែយ៉ាងណា ពេលបាត់កូនស្រី គាត់នឹករ លឹកដល់កូនខ្លាំងពេក មិនដឹងធ្វើអ្វីទេ ពេលខ្លះគិតតែអង្គុយយំ ។
ស្រ្តីជាម្ដាយ បានបញ្ជាក់បន្ថែមថា ចំពោះកូនប្រសារបស់អ្នកស្រី ដែលជាប្ដីរបស់នាងនោះ ក្រោយបាត់ប្រពន្ធ គេមិនបានរស់នៅលើផ្ទះរបស់អ្នកស្រីជាម្ដាយក្មេកទេ គឺគេបានទៅរស់នៅខាងផ្ទះឪពុកម្ដាយគេវិញ តែពីដំបូងៗ គេនិងក្រុមគ្រួសារគេ បានជួយស្វែងរកប្រពន្ធរបស់គេដែរ ហើយមកដល់ពេលនេះ បើទោះបីគេជាប់រវល់ការងារ ច្រើន មិនបានជួយតាមស្វែងរកប្រពន្ធទៀត ក៏គេនៅតែរង់ចាំដំណឹងប្រពន្ធវិលត្រឡប់មកវិញ ។ ប៉ុន្តែក្នុងរយៈ ពេលជិត ១ខែ នៃការបាត់ដំណឹងប្រពន្ធនេះ អាចនិយាយបានថា ពួកគេបានផ្ដាច់ទំនាក់ទំនង ជាប្ដីប្រពន្ធនឹង គ្នាហើយ គ្រាន់តែមិនបានលែងលះគ្នាជាផ្លូវការ មានអាជ្ញាធរដឹងឮ ។ ដូច្នេះខាងក្រុមគ្រួសារគេ ចង់ឲ្យនាង មកដោះស្រាយគ្នាតាមផ្លូវច្បាប់ ដែលចំណុចនេះ ខាងក្រុមគ្រួសារអ្នកស្រី ជាឪពុកម្ដាយខាងស្រី ក៏យល់ស្រប់ ទើបព្យាយាមស្វែងរកនាង ឲ្យត្រលប់មកផ្ទះវិញ ។

បន្ថែមលើសម្ដីភរិយាខាងលើនេះ លោក ឈន ឈឹម អាយុ៥៥ឆ្នាំ ត្រូវជាឪពុកនារីដែលបាត់ខ្លួនខាងលើបាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា លោកសូមឲ្យកូនវិលវិញមកជួបជុំគ្នា ហើយដោះស្រាយគ្នាខុស ត្រូវអី និយាយឲ្យដឹងសាច់រឿង ។ លោកចង់ប្រាប់ទៅកូនស្រីថា សូមឲ្យកូនត្រលប់មកផ្ទះវិញ មកដោះ ស្រាយ រឿងឲ្យចប់សព្វគ្រប់ទៅ ម្ដាយឪពុក នៅផ្ទះ ព្រួយបារម្ភណាស់ ដេកមិនលក់ បក់មិនល្ហើយ បាយមិននឹក ទឹកមិន ស្រេក ព្រោះតែនឹករលឹក និងបារម្ភដល់កូន គ្មានពេលល្ហែ ។
ជុំវិញបញ្ហានេះ “នគរធំ” បានព្យាយាមទាក់ទងសុំការបញ្ជាក់ពីបុរសជាប្ដី និងស្រ្តីជាប្រពន្ធ ឈ្មោះឈឹម បញ្ញា ដែលបានចុះចោលផ្ទះបាត់នោះដែរ ប៉ុន្តែមិនអាចទាក់ទងបានទេ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ។ ទោះ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធ នៅពេលក្រោយ ៕ កុលបុត្រ