Sunday, July 6, 2025
Homeសង្គម និងជីវិតភរិយា៨៥ឆ្នាំ មិនទទួលស្គាល់ បឺត សំរេច ជាកូនស៊ីន ស៊ីសាមុត

ភរិយា៨៥ឆ្នាំ មិនទទួលស្គាល់ បឺត សំរេច ជាកូនស៊ីន ស៊ីសាមុត

ស្ទឹងត្រែង ៖ បន្ទាប់ពីអតីតកីឡាករប្រដាល់ល្បីឈ្មោះ បឺត សំរេច បានអះអាងថា ខ្លួនជាកូនបង្កើតរបស់អធិរាជ សំឡេងមាស ស៊ីន ស៊ីសាមុត បានធ្វើឱ្យមជ្ឈដ្ឋានមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ មួយចំនួនជឿថា បឺត សំរេច ពិតជាតំណក់ឈាមលោកស៊ីន ស៊ីសាមុត ព្រោះមុខមាត់ស្រដៀងគ្នា និង សំឡេងច្រៀង ក៏ពីរោះក្រ អួនដូចគ្នា ប៉ុន្តែអ្នកខ្លះមិនជឿ បានចោទប្រកាន់ថាជារឿងបំពុលសង្គម រហូត ធ្វើឱ្យលោកបឺត សំរេច ឈឺចាប់ក្នុង ចិត្ត ទួញយំផង ព្រមានផង ដល់អ្នកដែលចោទប្រកាន់ខ្លួន ហើយចង់ពិនិត្យ DNA  ដើម្បីបញ្ជាក់ការពិតនោះមក ភរិយាលោកស៊ីន ស៊ីសាមុត ដែលសព្វថ្ងៃមានអាយុ ៨៥ឆ្នាំរស់នៅក្នុងខេត្តស្ទឹងត្រែង បានបញ្ជាក់ថាកាត់មិន ទទួលស្គាល់បឺត សំរេច ជាកូនរបស់លោកស៊ីន ស៊ីសាមុត នោះទេ ព្រោះករណីបែបនេះ កើតមានច្រើនមក ហើយ ដោយមានអ្នកចេញមុខអះអាងថាខ្លួនជាកួនលោកស៊ីន ស៊ីសាមុត ដើម្បីចងបានល្បី និងលាភសក្ការ: តែប៉ុណ្ណោះ។ លោកយាយ ជាភរិយាលោកស៊ីន ស៊ីសាមុត ថែមទាំងបានបដិសេធចំពោះការចង់ឲ្យកូនស្រីរបស់ គាត់ ពិនិត្យ DNA   ជាមួយបឺត សំរេច នោះទៀតផង។

លោកយាយ ខាវ ថងញ៉ុត អាយុ៨៥ឆ្នាំ ជាភរិយាលោកស៊ីន ស៊ីសាមុត ដែលសព្វថ្ងៃរស់នៅខេត្តស្ទឹងត្រែង បាន ឆ្លើយតបអ្នកសារព័ត៌មានដែលសុំបទសម្ភាសន៍ថា បើសម្ភាសគាត់ និយាយពីរឿងដែលកំពុងល្បី (បឺត សំរេច អះអាងជាកូនបង្កើតលោកស៊ីន ស៊ីសាមុត) នោះ គាត់សុំមិនផ្តល់សម្ភាសន៍ទេ ព្រោះគាត់ចាស់ណាស់ហើយ អាយុ ៨៥ឆ្នាំ វ័យជិតវិលត្រឡប់ទៅវិញហើយ អត់ចង់យករឿងដើមចុងអី មកនិយាយឡើងវិញទេ។

លោកយាយ ខាវ ថងញ៉ុត បញ្ជាក់ថា គាត់មិនទទួលស្គាល់រឿងមានអ្នកប្រកាសថា ជាកូនប្រុសឥតខាន់ស្លា របស់លោកស៊ីន ស៊ីសាមុត នោះទេព្រោះករណីដូចគ្នានេះ មិនមែនទើបតែកើតឡើងជាលើកទី១នោះទេ ដោយកន្លងទៅមានអ្នកខ្លះចេញមុខអះអាងថា ជាកូនលោកស៊ីន ស៊ីសាមុត ខ្លះថាជាស៊ីន ស៊ីសាមុត ចាប់ជាតិ ដែលសុទ្ធតែមិនពិត ក្នុងបំណងចង់បានការចាប់អារម្មណ៍ និងចង់បានលុយកាក់ លាភសក្ការ:តែប៉ុណ្ណោះ ។

លោកយាយជាភរិយាលោកស៊ីន ស៊ីសាមុត បញ្ជាក់បន្ថែមថា កូនស្រីច្បងរបស់គាត់ ក៏មិនចង់ពិនិត្យ DNA ដើម្បីបញ្ជាក់ការពិតអីដែរ ព្រោះគាត់ក៏ចាស់ដែរហើយ គឺសព្វថ្ងៃអាយុជាង៦០ឆ្នាំទៅហើយ។

គួរបញ្ជាក់ថា ការបញ្ជាក់របស់លោកយាយ ខាវ ថងញ៉ុត ភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ខាង លើនេះ បានធ្វើឡើង បន្ទាប់ពីអតីតកីឡាករប្រដាល់គុនខ្មែរ លោកបឺត សំរេច វ័យ៤៩ឆ្នាំ (កើតឆ្នាំ ១៩៧៤) បានទម្លាយប្រវត្តិពិតរបស់ខ្លួន កាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ដោយបានអះអាងថា លោកគឺជាកូនប្រុសបង្កើត របស់អធិរាជសំឡេងមាស ស៊ី ស៊ីសាមុត ប៉ុន្តែរយៈពេល ៤៩ឆ្នាំមកនេះ លោកព្យាយាមលាក់ប្រវត្តិ និងមិនទម្លាយប្រាប់អ្នកណាម្នាក់ឡើយ ដោយសារតែលោកមាន អារម្មណ៍ខ្មាស ដែលលោកជាកូនឥតខាន់ស្លា ដោយម្តាយរបស់លោក មិនមែនជាភរិយាស្របច្បាប់ទេ គឺត្រឹម តែជាសង្សារ ឬស្រីកំណាន់របស់ឪពុកលោក (ស៊ីន ស៊ីសាមុត) តែប៉ុណ្ណោះ។

លោកបឺត សំរេច បានអះអាងថា លោកកើតនៅឆ្នាំ១៩៧៤ ដោយម្តាយរបស់លោក ឈ្មោះធីម វិជ្ជរ៉ា  ជាកូនកាត់ ៣សាសន៍ (ឡាវ-ចិន-ខ្មែរ) និងជាអតីតអ្នករបាំព្រះរាជទ្រព្យ ហើយក៏ជាពេទ្យប្រចាំនៅខេត្តកំពង់ឆ្នាំង ម្នាក់ផង ដែរ។ ក្រោយមក ម្តាយរបស់លោក បានទាក់ទងស្នេហាជាមួយលោកស៊ីន ស៊ីសាមុត រហូតទទួលបានឈាម ១តំណក់ គឺរូបលោក (បឺត សំរេច)។ លុះក្រោយពីរូបលោកកើតបាន ៦ខែ ម្តាយរបស់លោក ខឹងនឹងលោកស៊ីន ស៊ីសាមុត ដែលបានរៀបការជាមួយភរិយាទី២ ឈ្មោះឈឺន អង្គារ៉ា ទើបម្តាយលោក បានរត់ទៅស្រុកឡាវ បាត់ទៅ។

លោកបឺត សំរេច បានអះអាងបន្តទៀតថា លោកទើបនឹងដឹងរឿងនេះ នៅពេលដែលលោកមានអាយុ ១៤ឆ្នាំ ទៅហើយ ដោយអ៊ំស្រីបង្កើត ជាម្តាយចិញ្ចឹមរបស់លោក ដែលត្រូវជាបងស្រីបង្កើតរបស់ម្តាយលោក ជាអ្នក ប្រាប់។ ក្រោយមក ម្តាយបង្កើតរបស់លោក បានមានប្តីថ្មី ជាជនជាតិថៃ បង្កើតបានកូនស្រី ៣នាក់ថែមទៀត។ ចំណែករូបលោក បានរស់នៅជាមួយអ៊ំស្រីបង្កើត ជាម្តាយចិញ្ចឹម រហូតមក។ ចំពោះមូលហេតុដែលលោក ព្យាយាមលាក់បាំងនូវប្រវត្តិរបស់ខ្លួន មិនឱ្យអ្នកណាម្នាក់ដឹងថាជាកូនបង្កើតរបស់លោកស៊ីន ស៊ីសាមុត ក៏ដោយ សារតែលោកមានអារម្មណ៍ខ្មាសអៀន ព្រោះតែម្តាយរបស់លោក មិនមែនជាប្រពន្ធស្របច្បាប់ ហើយលោក ជាកូនអត់ខាន់ស្លារបស់លោកស៊ីន ស៊ីសាមុត ។ ប៉ុន្តែចុងក្រោយនេះ ដោយសារម្តាយចិញ្ចឹម អង្វរឲ្យលោក ទម្លាយប្រវត្តិពិត ព្រោះគាត់ចាស់ណាស់ទៅហើយ ដើម្បីឲ្យមហាជនបានស្គាល់តំណក់ឈាម ១ទៀត របស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទើបលោកព្រមទម្លាយចេញនៅពេលនេះ។

ទោះបីជាយ៉ាងណា បន្ទាប់ពីអតីតកីឡាករប្រដាល់ លោកបឺត សំរេច ទម្លាយប្រវត្តិផ្ទាល់ខ្លួន ដោយអះអាងថា ជាកូនបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រួចមក បានធ្វើឱ្យមានការមជ្ឈដ្ឋានមហាជន មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានទាំងអ្នកជឿ និងមិនជឿ ហើយក៏មានសំណូមពរឲ្យពិនិត្យ DNA ជាមួយកូន លោកស៊ីន ស៊ីសាមុត ដែលមានការទទួលស្គាល់ ដើម្បីបញ្ជាក់ការពិត។ ករណីនេះ លោកបឺត សំរេច បាន បញ្ជាក់ថា លោកនិយាយតែអ្វីជាការពិត តាមការប្រាប់របស់អ៊ំស្រីបង្កើត ជាម្តាយចិញ្ចឹមរបស់លោកតែប៉ុណ្ណោះ ហើយលោកក៏ហ៊ានពិនិត្យ DNA ដើម្បីបញ្ជាក់ផងដែរ។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោកបឺត សំរេច ដែលអះអាងជាកូនលោកស៊ីន ស៊ីសាមុត និងថាខ្លួនស្រ ឡាញ់ឈ្មោះ «សាមុត ពីរ» នោះ បាននិយាយបកស្រាយបន្ថែមទាំងទឹកភ្នែកថា អ្វីដែលលោកបានទម្លាយ ចេញថ្មីៗនេះ គឺជាការពិតដែលលោកបានព្យាយាមលាក់ អស់ ៤៩ឆ្នាំមកហើយ គ្រាន់តែដើម្បីឱ្យបង ប្អូនជន រួមជាតិទាំងអស់គ្នាដឹងពីជីវិតរបស់លោក ដែលជាកូនម្នាក់របស់លោកស៊ីន ស៊ីសាមុត មិនមែនចង់តោងកាលីប ឬមួយក៏ចង់បានអីទេ ហើយលោកធ្វើនេះ គឺតាមសំណូមពរម្តាយចិញ្ចឹម ដែលពេលនេះគាត់ចាស់ហើយ។

 លោកបឺត សំរេច  បញ្ជាក់បន្តថា លោកមិនចង់បានអីពីលោកឪពុក ឬពីអ៊ំស្រី ខាវ ថងញ៉ុត (ភរិយាទី១ លោក ស៊ីន ស៊ីសាមុត) នោះទេ ហើយលោកក៏សូមជូនពរឱ្យគាត់មានសេចក្តីសុខ អាយុវែង និងបងប្អូនបង្កើតរបស់ លោក (កូនលោកស៊ីន ស៊ីសាមុត) ទាំងប៉ុន្មាននាក់ដែលនៅរស់ សូមឱ្យពួកគាត់បានសេចក្តីសុខ និងសូមទទួល យកនូវក្តីស្រលាញ់ពីលោកជាប្អូនម្នាក់ផងប៉ុណ្ណោះ ។

ជុំវិញករណីខាងលើនេះ តាមសម្តីលោកយាយជាអ៊ំស្រីបង្កើត និងជាម្តាយចិញ្ចឹមរបស់លោកបឺត សំរេច បាន អះអាងថា អ្វីដែលបឺត សំរេច បាននិយាយថា ជាកូនបង្កើតរបស់លោកស៊ីន ស៊ី សាមុត នោះ គឺជាការពិត ដោយប្អូនស្រីបង្កើតរបស់គាត់ ឈ្មោះធីម វិជ្ជរ៉ា បានមានទំនាក់ទំនងស្នេហាជាមួយលោកស៊ីន ស៊ីសាមុត ដោយលួចលាក់ រហូតទទួលបានតំណក់ឈាមម្នាក់ គឺបឺត សំរេច នេះឯង តែក្រោយមក ដោយសារខឹង លោកស៊ីន ស៊ីសាមុត រៀបការជាមួយប្រពន្ធទី២ ឈ្មោះឈឺន អង្គារ៉ា ទើបប្អូនស្រីរបស់គាត់ដែលកំពុងពពោះ ខឹងក៏រត់ទៅប្រទេសឡាវ។ លុំក្រោយសម្រាលកូនរួច លោកស៊ីន ស៊ីសាមុត បានមកសុំយកកូនទៅចិញ្ចឹម តែប្អូនស្រីគាត់ មិនព្រមឲ្យជាដាច់ខាត។ ក្រោយមកទៀត ប្អូនស្រីគាត់ បានទុកកូន (បឺត សំរេច) ឲ្យគាត់ ជាបងស្រីជួយចិញ្ចឹមរហូតមកដល់សព្វថ្ងៃ។

ម្តាយចិញ្ចឹមលោកបឺត សំរេច បញ្ជាក់ថា គាត់បានលាក់បាំងរឿងនេះ មិនប្រាប់ការពិតដល់បឺត សំរេច តាម សំណូមពររបស់ប្អូនស្រីគាត់ ហើយគាត់ទើបតែប្រាប់ការពិតដល់បឺត សំរេច នៅពេលគេមានអាយុ ១៤ឆ្នាំ ដោយគេមិនដែលនិយាយប្រាប់នរណាម្នាក់ឲ្យបានដឹងទេ រហូតដល់ចុងក្រោយនេះ ដោយសារគាត់គិតថា គាត់ចាស់ណាស់ទៅហើយ មិនដឹងថាអាចរស់បានដល់ពេលណាទៀត ទើបសុំឲ្យបឺត សំរេច ទម្លាយប្រវត្តិ ពិតរបស់គេ ឲ្យមហាជនបានដឹងនៅពេលនេះ។

ទោះបីជារឿងនេះ ត្រូវបានលោកយាយ ខាវ ថងញ៉ុត ប្រកាសមិនទទួលស្គាល់ថា បឺត សំរេច ជាកូនប្រុសរបស់ លោកស៊ីន ស៊ីសាមុត តែ មានបុរសម្នាក់ ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Sok Vincent» បានអះអាងថា គាត់ បានស្រាវជ្រាវរួចហើយ គឺបញ្ជាក់បានថា បឺត សំរេច ពិតជាកូនរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មែន។ 

ម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានបង្ហោះរូបភាពលោកស៊ីន ស៊ីសាមុត និងលោកបឺត សំរេច ដែលមានមុខ មាត់ស្រដៀងគ្នា ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ជាមួយសំណេរថា «ខ្ញុំបាន ស្រាវជ្រាវរួចហើយបងប្អូន ជាកូនអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ពិតមែន កុំសង្ស័យអ្វីទៀត។ សូមជួយ លើកទឹកចិត្ត ផ្ដល់យុត្តិធម៌ដល់គាត់ផង អរគុណច្រើន…»៕ ខៀវទុំ

RELATED ARTICLES