បន្ទាយមានជ័យ ៖ ទារកភ្លោះ៣នាក់ បានចាប់កំណើតនៅក្នុងក្រុមគ្រួសារទីទ័លក្រមួយ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ និងត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ជួយ សម្រាលប្រកបដោយសុវត្ថិភាពទាំងម្តាយទាំងកូន។

កូនភ្លោះទាំង៣នាក់ខាងលើ (ប្រុស២ ស្រី១) បានចាប់កំណើតកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
តាមប្រភពពីអាជ្ញាធរមូលដ្ឋានឃុំជប់វារី បានឱ្យដឹងថា ទារកភ្លោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះធុច សិរី ភេទស្រី មានទម្ងន់ ២,២គីឡូក្រាម។ ទី២-ឈ្មោះធុច មង្គល ភេទប្រុស មានទម្ងន់២ គីឡូក្រាម និងទី៣-ឈ្មោះធុច សួស្តី ភេទប្រុស មានទម្ងន់២ គីឡូក្រាម។ ទារកភ្លោះទាំង៣ គឺជាកូនទី៤ ក្នុងចំណោមបងប្អូនសរុប៦នាក់។

ប្រភពដដែល បន្តថា ទារកភ្លោះទាំង៣ខាងលើ មានឪពុកឈ្មោះប៉ិន សាវឿន អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះជីវ ធុធ អាយុ៣៥ឆ្នាំ គ្រួសារនេះមានជីវភាពទីទ័លក្រខ្លាំងណាស់ និងមានលំនៅ ភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។ប្រភពខាងលើ បានបញ្ជាក់ថា តាមការឱ្យដឹងពីឪពុកទារកទាំងភ្លោះ៣ ក្រោយសម្រាល ទារកភ្លោះទាំង៣ រួម ទាំងម្តាយ គឺមានសុខភាពធម្មតា ហើយបច្ចុប្បន្នគ្រូពេទ្យកំពុងយកចិត្តទុកដាក់មើលថែ៕