Saturday, July 5, 2025
Homeសង្គម និងជីវិតទុស្សេខ្សែភ្លើង ឆេះផ្ទះ៣ខ្នង

ទុស្សេខ្សែភ្លើង ឆេះផ្ទះ៣ខ្នង

ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដោយមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) និងត្រូវបានសមត្ថកិច្ចបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចខាងក្រោយផ្សារដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។តាមប្រភពពីម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់កំពុងតែដេកនៅក្នុងផ្ទះសុខៗ ស្រាប់តែឮសំឡេងស្រែកឆោឡោថា មានភ្លើងឆេះផ្ទះ លុះពេលគាត់ភ្ញាក់ឡើង ឃើញមានអណ្តាតភ្លើងកំពុង ឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ ទើបធ្វើឱ្យភ័យ ឆោឡោខ្លាំងពេក នាំគ្នារត់ចេញតែខ្លួន ស្រវាយកអ្វីក៏មិន ទាន់ បានខោអាវ មុងភួយ ទូរស័ព្ទ ខ្សែកបន្តិចបន្តួច  ចំណែកឯកសារគ្រួសារ និងសម្ភារមួយចំនួនទៀត យកមិនទាន់ឡើយ។

បន្ទាប់ពីកើតមានហេតុការណ៍អគ្គិភ័យខាងលើភ្លាមៗ គេឃើញកម្លាំងអាជ្ញាធរ កម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថ យោធាសឹករងក្រុង រួមទាំងប្រជាពលរដ្ឋបានយករថយន្តចំនួន ២គ្រឿង មកបាញ់ទឹក ពន្លត់ ទប់ស្កាត់ការរាលដាល តែផ្ទះដែលសង់ពីកូនឈើប្រក់ស័ង្កសី ចំនួន៣ខ្នងនោះ ឆេះទាំងស្រុងតែម្តង។ សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុអាចមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឱ្យឆាបឆេះ។

យ៉ាងណាករណីអគ្គិភ័យខាងលើ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ដោយសមត្ថកិច្ចនិងអាជ្ញាធរចុះ ជួយអន្តរាគមន៍ទាន់ពេល ចំណែកទំហំខូចខាតនៃសម្ភារៈ នៅមិនទាន់ដឹងច្បាស់នៅឡើយ ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវធ្វើកំណត់ហេតុ៕

RELATED ARTICLES