Saturday, July 5, 2025
Homeសង្គម និងជីវិតឧកញ៉ាអាហ្វ្រីលគីនីន ប្រពន្ធថ្មីសុំលែងលះ

ឧកញ៉ាអាហ្វ្រីលគីនីន ប្រពន្ធថ្មីសុំលែងលះ

ភ្នំពេញ ៖ ចំណងស្នេហ៍ដ៏ល្អូកល្អិនរយៈពេលជាង១ឆ្នាំ រវាងឧកញ៉ា លាន អាហ្វ្រីលគីនីន និងអ្នកស្រី យូ លីណា ដែលជាអ្នកជំនួញអនឡាញល្បី បានជួបរឿងប្រេះឆា រហូតឈានដល់ផ្លូវបំបែក សម្រេចចិត្តលែងលះគ្នា ដោយ អះអាងថា រស់នៅខ្វែងគំនិត មិនចុះសម្រុងនឹងគ្នា ធ្វើឱ្យអស់មនោសញ្ចេតនាជាប្តីប្រពន្ធតទៅទៀត ទើបឈាន ដល់ការព្រមព្រៀងលែងលះគ្នាដោយសន្តិវិធី។

អ្នកស្រី យូ លីណា ភរិយាឧកញ៉ា លាន អាហ្វ្រីលគីនីន កាលពីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះ ឯកសារផ្លូវច្បាប់ (ពាក្យសុំដីកាសម្រេចរឿងក្តីរដ្ឋប្បវេណី មិនមែនជាបណ្តឹង និងកិច្ចព្រមព្រៀងលែងលះ ដោយស្ម័គ្រចិត្ត និងបែងចែកទ្រព្យ) ចំនួន៤ទំព័រ ដោយភ្ជាប់ ជាមួយសំណេរថា “គ្រប់យ៉ាងត្រូវបានបញ្ចប់ ត្រឹមត្រូវតាមផ្លូវច្បាប់ រង់ចាំសេចក្តីសម្រេចពីតុលាការ ២៦,១០,២៣ ជូនពរខ្លួនឯងមានសេរីភាពពេញលេញ ត្រឡប់មកវិញលើកនេះ ត្រូវតែបន្តដំណើរទៅមុខ សំខាន់គឺ papa ចក្រវាល ឱ្យស្រូបយករឿងវិជ្ជមាន។ ជូនពរស្ត្រីមេម៉ាយទាំងអស់ ជួបតែសេចក្តីសុខ រឹងមាំ រស់ជាខ្លួនឯង…”។

យោងតាមពាក្យសុំដីកាសម្រេចរឿងក្តីរដ្ឋប្បវេណីមិនមែនជាបណ្តឹង បានបញ្ជាក់ថា ៖

អ្នកដាក់ពាក្យសុំ ៖ ឈ្មោះ យូ លីណា ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ 268Z1 ផ្លូវ៦៤៤ ភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភាគីម្ខាងទៀត ៖ ឈ្មោះ លាន អាហ្វ្រីលគីនីន មានអាសយដ្ឋាន ស្នាក់នៅផ្ទះលេខ៥៥ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមគោរពជូន ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ

១. ខ្លឹមសារនៃដីកាសម្រេចដែលទាមទារឱ្យតុលាការចេញតាមកិច្ចព្រមព្រៀងលែងលះ ដោយស្ម័គ្រចិត្ត ដូចខាងក្រោម ៖

ក. សម្រេចឱ្យឈ្មោះ យូ លីណា និងឈ្មោះ លាន អាហ្វ្រីលគីនីន លែងលះតាមការព្រមព្រៀងគ្នា ដូចមានចែងក្នុងកិច្ចព្រមព្រៀងលែងលះដោយស្ម័គ្រចិត្ត និងបែងចែកទ្រព្យ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

២. អង្គហេតុចាំបាច់បញ្ជាក់ការទាមទារ

នាងខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមការអនុញ្ញាតគោរពជម្រាបជូនឯកឧត្តមប្រធាន មេត្តាជ្រាបថា នាងខ្ញុំ និងឈ្មោះលាន អាហ្វ្រីលគីនីន បានរៀបអាពាហ៍ពិពាហ៍នឹងគ្នា ក្នុងឆ្នាំ២០២២ និងបានចុះសំបុត្រ អាពាហ៍ ពិពាហ៍ លេខ៤១ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ច្បារអំពៅទី១។

៣. អង្គហេតុដែលជាមូលហេតុបញ្ជាក់ការទាមទារ

ក្នុងអំឡុងពេលរួមរស់នៅជាមួយគ្នា ក្នុងឆ្នាំ២០២២ នាងខ្ញុំមិនមានកូនជាមួយឈ្មោះលាន អាហ្វ្រីលគីនីន ទេ។ក្នុងអំឡុងពេលរស់នៅជាមួយគ្នានេះ យើងខ្ញុំទាំងពីរនាក់ មិនមានទ្រព្យសម្បត្តិរួម និងមិនមានបំណុល រួមគ្នាទេ។

នៅក្នុងការរស់នៅជាមួយគ្នាមួយរយៈក្រោយនេះ យើងខ្ញុំទាំងពីរនាក់ តែងតែមានការខ្វែងគំនិតគ្នា និងរួមរស់ មិនចុះសម្រុងនឹងគ្នានោះឡើយ ដែលជាហេតុធ្វើឱ្យនាងខ្ញុំអស់មនោសញ្ចេតនាក្នុង ការរួមរស់ជាមួយ គ្នាជាប្តី ប្រពន្ធតទៅទៀត។ ដោយសារតែការខ្វែងគំនិត និងរួមរស់នៅមិនចុះសំរុងនឹងគ្នា ដែលជាហេតុធ្វើឱ្យនាងខ្ញុំ និងឈ្មោះលាន អាហ្វ្រីលគីនីន ព្រមព្រៀងគ្នាលែងលះដោយស្ម័គ្រចិត្ត ដូចមានចែងក្នុងកិច្ចព្រម ព្រៀងលែង លះដោយស្ម័ត្រចិត្ត និងបែងចែកទ្រព្យ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

៣. ភ័ស្តុតាង ដែលបញ្ជាក់ពីការទាមទារ

សូមឯកឧត្តមប្រធាន មេត្តាពិនិត្យភ័ស្តុតាងបញ្ជាក់ពីការទាមទារ ដែលបានដាក់ភ្ជាប់មក ជាមួយ ជាច្បាប់ថតចម្លង ដូចខាងក្រោម ៖

– សំបុត្រអាពាហ៍ពិពាហ៍ លេខ៤១ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ចេញដោយមន្ត្រីអត្រានុកូលដ្ឋាន សង្កាត់ច្បារអំពៅទី១។

– សំបុត្របញ្ជាក់កំណើតលេខ ៩៧ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ របស់ឈ្មោះយូ លីណា។ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ របស់ឈ្មោះ យូ លីណា។

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ឈ្មោះលាន អាហ្វ្រីលគីនីន។

– កិច្ចព្រមព្រៀងលែងលះដោយស្ម័គ្រចិត្ត និងបែងចែកទ្រព្យ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមប្រធាន មេត្តាពិនិត្យនិងសម្រេចតាមការស្នើសុំខាងលើ ជាសមត្ថកិច្ចស្របតាមនីតិវិធីច្បាប់ ដោយសេចក្តីអនុគ្រោះ។

សូមឯកឧត្តមប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ…។

ដោយឡែក កិច្ចព្រមព្រៀងលែងលះដោយស្ម័គ្រចិត្ត និងបែងចែកទ្រព្យ រវាងអ្នកស្រី យូ លីណា និងលោក លាន អាហ្វ្រីលគីនី  ធ្វើនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា «ឈ្មោះយូ លីណា ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ 268Z1 ផ្លូវ៦៤៤ ភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (តទៅហៅថា ភាគី “ក”)។ និង ឈ្មោះលាន អាហ្វ្រីលគីនីន មានអាសយដ្ឋានស្នាក់នៅ ផ្ទះលេខ៥៥ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (តទៅហៅថា ភាគី“ខ”)។

ក្រោយពីបានពិភាក្សាគ្នា ភាគីទាំងពីរបានព្រមព្រៀងតាមលក្ខខណ្ឌដូចខាងក្រោម ៖

ប្រការ១ អំពីការលែងលះ

១.១ ភាគីទាំងពីរ (ទាំង ភាគី “ក” និងភាគី “ខ”) បានយល់ព្រមលែងលះគ្នាដោយស្ម័គ្រចិត្តចាប់ពីពេលនេះ តទៅ ដោយមូលហេតុភាគីទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា អស់និស្ស័យ និងអស់មនោសញ្ចេតនា មិនអាចបន្តការរួមរស់ជាមួយគ្នាជាប្តីប្រពន្ធតទៅទៀត។

១.២ ភាគីទាំងពីរឯកភាពគ្នាធ្វើការលែងលះដោយស្ម័គ្រចិត្តពិតប្រាកដ និងដោយគ្មានការបង្ខិតបង្ខំពីភាគី ណាមួយឡើយ ហើយភាគីទាំងពីរ សន្យាថា មិនមានការគុំកូននឹងគ្នាឡើយ។

១.៣ ភាគីទាំងពីរសន្យាថានឹងមិននិយាយបរិហារកេរ្តិ៍គ្នាតាមបណ្តាញសង្គម ឬតាមយាយីគ្នាតទៅទៀតទេ។ ប្រសិនបើភាគីណាមួយ រំលោភបំពានប្រការ ១.៣ នៃកិច្ចព្រមព្រៀងនេះ ភាគីនោះត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់។

ប្រការ២ អំពីការបែងចែកទ្រព្យសម្បត្តិរួម និងបំណុលរួម

២.១ ភាគីទាំងពីរ (ប្តីឈ្មោះលាន អាហ្វ្រីលគីនីន និងប្រពន្ធឈ្មោះយូ លីណា) ចាប់តាំងពីរៀបអាពាហ៍ ពិពាហ៍រួមរស់ជាមួយគ្នា រហូតដល់ពេលលែងលះគ្នា ភាគីទាំងពីរមិនមានទ្រព្យសម្បត្តិរួមគ្នាទេ។

២.២ ចំពោះបំណុលរួម ភាគីទាំងពីរមិនមានជាមួយគ្នាទេ។

ប្រការ៣ អ្នកមានអំណាចមេបា និងអាហារកាតព្វកិច្ច

៣.១ ភាគីទាំងពីរ (ប្តីឈ្មោះលាន អាហ្វ្រីលគីនីន និងប្រពន្ធឈ្មោះយូ លីណា) ចាប់តាំងពីរៀបអាពាហ៍ ពិពាហ៍រួមរស់ជាមួយគ្នា រហូតដល់ពេលលែងលះគ្នា គឺភាគីទាំងពីរមិនមានកូនជាមួយគ្នាទេ។

៣.២ ចំពោះអាហារកាតព្វកិច្ចភាគីទាំងពីរ មិនទារទារគ្នាទៅវិញទៅមក។

ប្រការ៤ ការអនុវត្តកិច្ចព្រមព្រៀង

៤.១ ក្រោយពីចុះព្រមព្រៀងលែងលះដោយស្ម័គ្រចិត្តខាងលើនេះរួចហើយ ភាគីទាំងពីរ លែងជាប់ពាក់ ព័ន្ធនឹងគ្នា និងមិនត្រូវទាមទារអ្វីពីគ្នាទៀតឡើយ។ ភាគីទាំងពីរនៃកិច្ចព្រមព្រៀង ត្រូវសហការគ្នា អនុវត្ត កិច្ចព្រមព្រៀងនេះ ប្រកបដោយស្មារតីជឿទុកចិត្ត និងត្រូវស្មោះត្រង់នឹងគ្នាទៅវិញទៅមក។

៤.២ ភាគីទាំងពីរ ឯកភាពគ្នា បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះរួចហើយ នឹងដាក់ពាក្យស្នើសុំដីកា សម្រេចអំពី ការលែងលះដោយព្រមព្រៀងនេះ ទៅតុលាការមានសមត្ថកិច្ច។

៤.៣ ភាគីនីមួយៗ មិនត្រូវបង្កការរាំងស្ទះ ឬឧបសគ្គដល់ការអនុវត្តកាតព្វកិច្ចរបស់ភាគីម្ខាងទៀតឡើយ។ ភាគីទាំងពីរនៃកិច្ចព្រមព្រៀង ត្រូវតែអនុវត្តឱ្យបានទៀងទាត់ និងពេញលេញនូវរាល់សិទ្ធិនិងកាតព្វ កិច្ច ទាំងឡាយនៃកិច្ចព្រមព្រៀងនេះ។

៤.៤ ករណីភាគីណាមួយខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានពេញលេញតាមកាតព្វកិច្ចទាំងឡាយ នៃកិច្ចព្រមព្រៀងនេះ ភាគីនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននៃប្រទេសកម្ពុជា។

ប្រការ៥ កិច្ចព្រមព្រៀងទាំងមូល ភាសា និងច្បាប់ចម្លងនៃកិច្ចព្រមព្រៀង

៥.១ គូភាគីនៃកិច្ចព្រមព្រៀង បានអាននិងយល់ដឹងទាំងស្រុង ទៅលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទាំងមូល មុនពេលចុះហត្ថលេខា ឬផ្តិតស្នាមមេដៃលើកិច្ចព្រមព្រៀងនេះ។

៥.២ កិច្ចព្រមព្រៀងនេះ ធ្វើឡើងជាភាសាខ្មែរ ចំនួន ០៣ (បី) ច្បាប់ដើម រក្សាទុកនៅភាគីទាំងសងខាង ម្នាក់ ០១ច្បាប់ និងមេធាវី ០១ច្បាប់។

ដើម្បីជាសាក្ខីភាព ភាគីទាំងពីរ បានផ្តិតមេដៃដោយទទួលស្គាល់ និងយល់ព្រមទៅលើលក្ខខណ្ឌ ទាំងអស់ នៃកិច្ចព្រមព្រៀង និងចូលជាធរមានចាប់ពីថ្ងៃដែលបានចុះហត្ថលេខា ឬផ្តិតមេដៃនេះតទៅ»។

ដោយឡែក ឆ្លើយតបចំពោះការផ្សាយលិខិតព្រមព្រៀងលែងលះខាងលើនេះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឧកញ៉ា លាន អាហ្វ្រីលគីនីន បានបញ្ជាក់ខ្លីក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា “សាធុ សាធុ… អស់កម្មអស់ពៀរ នាងឈប់ប៉ះពាល់ដល់ ខ្ញុំៗឈប់ប៉ះពាល់ដល់នាង សូមទៅឱ្យបានសុខ…”៕ ដារិទ្ធ

RELATED ARTICLES