ខេត្តកំពង់ឆ្នាំង ៖ អ្នកឧកញ៉ាម៉ុង ឫទ្ធី សមាជិព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានទម្លាយ រឿងចម្លែកមួយ ដែលលោកបានឃើញនឹងភ្នែកផ្ទាល់ នៅពេលដែលលោកបាននាំកូនចៅ ញាតិមិត្ត ទៅថ្វាយ បង្គំព្រះធម្មវនវាសី ចន្ទមុនី ដើម្បីសុំព្រះឱវាទពីព្រះអង្គ នៅទីអារាមវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺនៅពេលនោះ លោកតែងតែងើយសម្លឹង មើលព្រះភក្ត្រព្រះសង្ឃធុតង្គ ឃើញម្តងក្មេង ម្តងចាស់ ដូចដែលគេល្បីពីមុនមកថា ព្រះសង្ឃធុតង្គអង្គនេះ មាន ព្រះជន្ម ១២២ព្រះវស្សា តែព្រះអង្គប្រាប់ថា ទើបតែមានព្រះជន្ម២៨ព្រះវស្សាប៉ុណ្ណោះ។


អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរបញ្ជាក់ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ថា «ព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដឹកនាំលោកជំទាវប្រហុក ព្រមទាំងកូនចៅ ញាតិមិត្ត ចំនួន២៩នាក់ មកថ្វាយបង្គំ ព្រះថេរធម្ម វនវា សី ចន្ទមុនី ដោយផ្ទាល់ ដើម្បីសុំពុទ្ធឱវាទពីព្រះអង្គ។ អ្វីដែលជាចំណាប់អារម្មណ៍របស់ខ្ញុំ យ៉ាងសំខាន់នោះគឺ ខ្ញុំតែងតែងើយសម្លឹងមើលព្រះភក្ត្រព្រះអង្គ ជាញឹកញាប់ មើលម្តងដូចជាក្មេង មើលម្តងទៀតដូចជាមនុស្សចាស់ មិនអស់ចិត្ត មកសាកសួរក្មួយហ៊ុន ជា ក្មួយបានប្រាប់ថា ព្រះអង្គ មានព្រះជន្មាយុត្រឹមតែ ២៨ព្រះវស្សា តែប៉ុ ណ្ណឹងទេពូ»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បន្តថា «ព្រះអង្គ បានប្រទានពុទ្ធឱវាទប្រហែលជា ២០នាទី ព្រះអង្គបានរំលឹកបីដងថា រាល់អំពើល្អជាច្រើនដែលអាត្មាបាននិយាយនេះ ញោមបានធ្វើច្រើនណាស់មកហើយ អាត្មាគ្រាន់តែនិយាយ ឲ្យកូនចៅជំនាន់ក្រោយៗ យកតម្រាប់តាមតែប៉ុណ្ណោះទេ។ នៅពេលដែលខ្ញុំបានចោទសួរទៅព្រះអង្គគ្រូថា ហេតុអ្វីបានជាព្រះអង្គដឹងប្រវត្តិករុណាច្បាស់ម្លះ? តើដឹងតាមផ្លូវងងឹត ឬផ្លូវភ្លឺ? ព្រះអង្គបានឆ្លើយថា ពេលនេះ អាត្មាមិនអាចប្រាប់បានទេ មានកាមេរ៉ាច្រើនណាស់។ បើទោះបីជាខ្ញុំខំរកវិធីសាកសួរយ៉ាងណាក៏ដោយ លោក នៅតែមិនប្រាប់ដដែល។ ពេលខ្ញុំមកសាកសួរលោកក្មួយ ហ៊ុន ជា ថាព្រះគ្រូ មានប្រើបណ្ដាញសង្គម ហ្វេសប៊ុក ដែឬអត់ទេ? លោកក្មួយ បានប្រាប់ថា លោកមិនមានប្រើអ្វីទាំងអស់ តែខ្ញុំមានចំណាប់អារម្មណ៍មួយ នៅពេល ដែលព្រះអង្គគ្រូ ផ្តល់ពុទ្ធឱវាទថា បុគ្គលដែលបានសាងអំពើអាក្រក់ និងបុគ្គលដែលបានសាងនូវអំពើល្អ បុគ្គល នោះ រមែងតែងតែដឹងពីអំពើដែលខ្លួនឯងបានសាងទាំងអស់»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បន្តទៀតថា «ជាចុងក្រោយខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកក្មួយ ហ៊ុន ជា ដែលបានទទួលពូនិងមីង ព្រមទាំងគណៈប្រតិភូ ជាពិសេសទទួលអាហារថ្ងៃត្រង់ ក្រោមម្លប់អម្ពិលទឹក បារាំង នៅក្នុងវត្ត អរគុណអាជ្ញាធរដែនដី ប្រជាជនក្មេងចាស់ប្រុសស្រីទាំងអស់គ្នា ដែលបានមកទទួលយ៉ាងរីក រាយរាក់ទាក់កក់ក្ដៅបំផុតនេះ។ សូមញាតិញោមមកចូលរួមទទួលយកអនុមោទនាបុណ្យទាំងអស់គ្នា»។
សូមបញ្ជាក់ថា ព្រះសង្ឃធុតង្គ ព្រះវនវាសី ចន្ទមុនី ព្រះរាជាគណ:កិត្តិយស ជាព្រះចៅអធិការវត្តចន្ទប្បជោ ត្តនារាម (ហៅវត្តតាសុត) នៅខេត្តកំពង់ឆ្នាំង ថ្មីនេះមានពុទ្ធបរិស័ទផ្អើលជឿថា ជាលោកឪសួងទី២ ទេវតាដើរដី និងបាននាំគ្នាទៅថ្វាយបង្គំសុំពរជ័យ ភ្លូកទឹកភ្លូកដី រហូតដល់ព្រះអង្គចេញសេចក្តីប្រកាសផ្អាកទទួលមហាជន មកថ្វាយបង្គំ ចាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបចាប់ផ្តើមទទួលមហា ជនជាធម្មតាវិញ ៕
ខៀវទុំ