Saturday, July 5, 2025
Homeសង្គម និងជីវិត កូនកំលោះសាន សុជា-កូនក្រមុំឡៅ ដានេ តែង កាយស្អាត ចូលរោងការថ្ងៃនេះ

 កូនកំលោះសាន សុជា-កូនក្រមុំឡៅ ដានេ តែង កាយស្អាត ចូលរោងការថ្ងៃនេះ

ខេត្តសៀមរាប ៖ នៅទីបំផុត អន្ទិតសាន សុជា អតីតព្រះធម្មកថិកល្បី ដែលលាចាកសិក្ខាបទបានជាង២ខែ  ភ្ជាប់ពាក្យជាមួយនារីរូបស្រស់ ឡៅ ដានេ ជាកូនក្រមុំអ្នកស្រុកសៀមរាប នោះ ត្រូវដឹកដៃគូដណ្តឹង ចូលរោង ការ នៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះហើយ ។

យោងតាមកម្មវិធីនៃអាពាហ៍ពិពាហ៍ កូនកំលោះសាន សុជា និងកូនក្រមុំ ឡៅ ដានេ គឺនៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃចូលរោងជ័យ ដោយមានពិធីក្រុងពលី និងពិធីសូត្រមន្តប្រោះព្រំសិរីសួស្តី និងពិធីផ្សេងៗទៀតតាមលំដាប់លំដោយប្រពៃណីខ្មែរ ។ លុះនៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានពិធីហែកំណត់ (ហែជំនូន) ពិធីរាប់ផ្លែឈើ ពិធីកាត់សក់បង្កក់សិរី ពិធីបង្វិលពពិល ពិធីសំពះផ្ទឹមចងដៃ ។ល។  លុះវេលាម៉ោង ១១និង០០នាទីព្រឹក តទៅ ជាពិធីទទួលភ្ញៀវកិត្តិយស ពិសាភោជនាហារ ។     

យោងតាមលិខិតអញ្ជើញភ្ញៀវកិត្តិយស ចូលរួមពិធីមង្គលការ របស់អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ដែល បានចែកជូនភ្ញៀវ មិនតិចជាង១០០តុ បានបញ្ជាក់ថា លោកទិប ទុយ និងលោកស្រី អៀង ចែម ជាមាតាបិតា ខាងប្រុស ជាមួយលោកឡៅ ហូន និងលោកស្រី អ៊ុក នើយ  ជាមាតាបិតាខាងស្រី មានកិត្តិយស សូមគោរព អញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ចូលរួមចម្រើនជោគជ័យ សិរីសួស្តី ជ័យមង្គល ដល់កូនប្រុស នាម សាន សុជា និងកូនស្រី នាម ឡៅ ដានេ ដែលនឹងរៀបអាពាហ៍ពិពាហ៍ និងពិសាភោជនាហារ នៅថ្ងៃអាទិត្យ ៧រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទីព្រឹក នៅ សាលមង្គល លំដាប់ថ្មី ផ្លូវក្រវាត់ក្រុង ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។  

សូមបញ្ជាក់ថា អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាព្រះធម្មកថិកល្បី បានលាចាកសិក្ខាបទ កាលពីថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០២៣ នៅឯប្រទេសអូស្ត្រាលី ក្រោយពីបានបួសជាព្រះសង្ឃ អស់ពេលដល់ទៅ ៣១ឆ្នាំ ។ បន្ទាប់ពីសឹករួចបានជាង២ខែ អន្ទិតសាន សុជា បានរៀបចំពិធីភ្ជាប់ពាក្យជាមួយនារីខ្មែរ នៅប្រទេសអូស្ត្រាលី ឈ្មោះឡៅ ដានេ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ហើយដែលត្រូវដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ៕ ខៀវទុំ  

RELATED ARTICLES