Saturday, July 5, 2025
Homeសង្គម និងជីវិតផ្អើលមកថ្វាយបង្គំ សុំទឹកមន្តច្រើនពេក ព្រះសង្ឃ ធុតង្គ ចន្ទមុនី ផ្អាកទទួល

ផ្អើលមកថ្វាយបង្គំ សុំទឹកមន្តច្រើនពេក ព្រះសង្ឃ ធុតង្គ ចន្ទមុនី ផ្អាកទទួល

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីប្រជាពុទ្ធបរិស័ទផ្អើលគោរពជឿលើព្រះសង្ឃធុតង្គ ព្រះវនវាសី ចន្ទមុនី ព្រះចៅ អធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ច្រើនភ្លូកទឹកភ្លូកដីពេក គណៈកម្មការវត្តបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកទទួលការចូលថ្វាយ បង្គំព្រះធម្មវនវាសី ចន្ទមុនី ក្នុងរូបភាពសុំទឹកមន្ត ឬមើលជំងឺផ្សេងៗ លើកលែងតែពុទ្ធបរិស័ទដែលទៅ ធ្វើបុណ្យបំពេញកុសល និងបដិបត្តិចម្រើនព្រះធម៌ជាប្រក្រតីធម្មតា។

សេចក្តីជូនដំណឹងរបស់គណៈកម្មការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានខ្លឹមសារថា «គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត មានកិត្តិយស សូមគោរពជម្រាប ជូនដំណឹងដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ឱ្យបានជ្រាបថា ៖ វត្តចន្ទប្បជោត្តនារាម សូមប្រកាសដំណឹងស្តីពីការផ្អាកចូលថ្វាយបង្គំព្រះធម្មវនវាសី ចន្ទមុនី ក្នុងរូបភាពសុំទឹក ឬមើលជំងឺផ្សេង ៗហើយ លើកលែងតែការមកធ្វើបុណ្យបំពេញកុសល និងបដិបត្តិចម្រើនព្រះធម៌ ជាប្រក្រតីធម្មតា។ហេតុដូច្នេះ គណៈគ្រប់គ្រងវត្ត បានសម្រេចផ្អាកការអនុញ្ញាតឱ្យសាធារណជនទាំងអស់ (ក្នុង និងក្រៅប្រទេស) ចូលថ្វាយបង្គំព្រះធម្មវនវាសី ចន្ទមុនី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងផ្លូវការជាថ្មី។អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន»។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានចេញសេចក្តីណែនាំ ស្តីពីការចេញ-ចូលវត្ត ដោយបញ្ជាក់ថា ចំពោះសាធារណជនដែលមានបំណង ចង់អញ្ជើញមកវត្តតាសុត ត្រូវគោរពតាមសេចក្តីណែនាំរបស់វត្ត ដូចខាងក្រោម ៖

១- ត្រូវមកក្រោមរូបភាពក្នុងការបំពេញបុណ្យកុសលជាធម្មតាទូទៅ (ឧ. យកចង្ហាន់ ឬទេយ្យទានផ្សេងៗ ប្រគេនព្រះសង្ឃ ជាដើម) ហើយចំពោះការប្រគេនដល់ព្រះសង្ឃវិញ មិនចាំបាច់ទាល់តែជួបព្រះធម្មវនវាសី ចន្ទមុនី ទើបប្រគេនបាននោះទេ គឺជួបតែព្រះសង្ឃអង្គណាមួយក្នុងវត្ត ក៏អាចប្រគេនបានទាំងអស់ ពីព្រោះព្រះអង្គ ចន្ទមុនី មានកិច្ចការចាំបាច់របស់ព្រះអង្គ។

២-តរូវគោរពពេលវេលាដែលវត្តបានកំណត់ ដោយពេលព្រឹក (ពីម៉ោង ៨:៣០នាទី ដល់ម៉ោង ១០:៣០នាទី និងពេលរសៀល ពីម៉ោង ២:៣០នាទី ដល់ម៉ោង ៥:៣០នាទី)។

៣-ដល់ម៉ោងកំណត់របស់វត្ត ក្នុងចំណុច (២) ខាងលើ វត្តមិនអនុញ្ញាតឲ្យមានការស្នាក់នៅក្នុងវត្តឡើយ។

៤-ត្រូវរក្សាសណ្តាប់ធ្នាប់ និងអនាម័យ ក្នុងទីវត្តអារាម ឲ្យបានស្អាត ក្នុងនាមជាកូនខ្មែរ៕ 

RELATED ARTICLES