ខេត្តព្រះសីហនុ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានឈឺពោះសម្រាលកូន ត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹក បញ្ជូនតាមគោយន្ត ១គ្រឿង សំដៅទៅមន្ទីរពេទ្យ ប៉ុន្តែដោយសារចម្ងាយផ្លូវឆ្ងាយ ណាមួយឈឺពោះខ្លាំងផង ទើបត្រូវបានក្រុមគ្រូពេទ្យមណ្ឌលសុខភាព ឡើងមកជួយសម្រាលនៅលើគោយន្តតែម្តង រួចបញ្ជូនបន្តទៅ កាន់មន្ទីរពេទ្យ ប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន។
ករណីស្ត្រីសម្រាលកូនលើគោយន្តនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ភូមិសាស្ត្រ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ស្ត្រីជាម្តាយដែលសម្រាលកូននៅលើគោយន្ត មានឈ្មោះរឿន សារ៉ូ អាយុ៣២ឆ្នាំ មុខរបរកម្មករដូងប្រេង មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីល្ងាចថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យមណ្ឌល សុខភាពមូល ដ្ឋានស្រុកកំពង់សីលា បានចុះទៅជួយសម្រាលកូនឱ្យស្ត្រីម្នាក់នៅ លើរ៉ឺម៉កគោយន្ត តាមផ្លូវដោយទទួលបាន ជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយទាំងកូន ខណៈដែលស្ត្រីរូបនេះឈឺពោះនៅកណ្តាលផ្លូវ ពេលដឹកតាម រ៉ឺម៉កគោយន្ត មកមណ្ឌលសុខភាពស្រុក មិនទាន់។ លុះក្រោយពីក្រុមគ្រូពេទ្យជួយសម្រាល ប្រកបដោយសុវត្ថិ ភាពរួចហើយ ក៏ប្រញាប់ដឹកបញ្ជូនបន្តទៅកាន់មណ្ឌលសុខភាព ដើម្បីសម្រាកព្យាបាល។បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាន ចាត់តំណាង នាំយកថវិកាមួយចំនួន និងទឹកដោះគោ ដើម្បីឧបត្ថម្ភដល់ស្ត្រីជាម្តាយ។

ជាមួយនេះ លោកអភិបាលស្រុកកំពង់សីលា បានថ្លែងអំណរគុណទៅដល់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពតក្កវិត ស្រុកកំពង់សីលា ដែលបានយកចិត្តទុកដាក់ជួយសម្រាលកូនដល់ស្ត្រីខាងលើ បានទាន់ពេលវេលា៕