ខេត្តកណ្តាល ៖ ស្ត្រីជាអាជីវករវ័យចំណាស់ម្នាក់ ត្រូវស្ត្រីដៃឆើតម្នាក់ បន្លំលូកយកលុយពី ក្នុងកាបូប តែជនរងគ្រោះឃើញទាន់ចាប់ដៃ ជាប់រួចស្រែកឆោឡោឱ្យសន្តិសុខផ្សារជួយចាប់ ឃាត់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍តាខ្មៅ នាំ យកទៅសាកសួរចាត់ការតាមនីតិវិធី។ ហេតុការណ៍ភ្ញាក់ផ្អើលអាជីវករអំពីករណីចោរស្រី លួចលុយស្ត្រីវ័យចំណាស់លក់ផ្លែឈើនេះ បាន កើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅទីតាំងលក់ផ្លែឈើមួយ កន្លែងក្នុងផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ១ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ។
ជនសង្ស័យដៃឆើតបន្លំលូកយកលុយពី ស្ត្រីចំណាស់ខាងលើ ហើយត្រូវចាប់ជាប់នេះ ឈ្មោះវ៉ន សុខុម អាយុ៤៧ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុក កូនមុំ ខេត្តរតនគិរី បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកស្ត្រីវ័យចំណាស់រងគ្រោះ ឈ្មោះនឹម ឆែត អាយុ៧១ឆ្នាំ រស់នៅភូមិព្រែក ប្ញស្សី សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹង តាមការរៀបរាប់របស់ស្ត្រីវ័យចំណាស់ម្ចាស់ កាបូបថា មុនពេលកើតហេតុ ជនរងគ្រោះអង្គុយ លក់ផ្លែឈើ ដូចសព្វដង ក្នុងផ្សារតាខ្មៅចាស់ ស្រាប់តែមានស្ត្រីម្នាក់ ដើរមកតថ្លៃទិញផ្លែឈើ តែមិនព្រមទិញមួយមុខណាសោះ។ ស្រាប់តែ ពេលស្ត្រីរងគ្រោះរវល់តែរើសផ្លែឈើយកមក ឱ្យមើលជនសង្ស័យបានបន្លំលូកដកយកលុយ ពីក្នុងកាបូបរបស់ជនរងគ្រោះ តែគាត់ក្រឡេក ឃើញទាន់ក៏ចាប់ដៃជនសង្ស័យជាប់រួចស្រែក ឆោឡោឱ្យសន្តិសុខផ្សារនៅក្បែរនោះ ស្ទុះមក ជួយចាប់ជនសង្ស័យយកទៅប្រគល់ឱ្យនគរបាល ប៉ុស្តិ៍សាកសួរបន្ថែម។
ប្រភពព័ត៌មានពីប៉ូលិសប៉ុស្តិ៍ បានឱ្យដឹង ទៀតថា ពេលសន្តិសុខនាំជនសង្ស័យទៅដល់ ប៉ុស្តិ៍សមត្ថកិច្ចឆែកឆេររកឃើញកាបូបស្ពាយ ពណ៌ទឹកដោះគោ១ មានលុយ២ម៉ឺនរៀល ជា របស់ជនរងគ្រោះ និងកាបូប២ទៀត ជារបស់ ជនល្មើសក្រៅពីនោះគ្មានអ្វីសំខាន់ទេ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបន្លំ លូកលួចលុយស្ត្រីរងគ្រោះប្រាកដមែន ហើយ ក៏ជាលើកទី២ផងដែរ។ ចំណែកលើកទី១ លួច នៅផ្សារធំថ្មីបានលុយ៦ម៉ឺនរៀល។
ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍តាខ្មៅ បានប្រគល់កាបូប និងលុយឱ្យទៅជនរងគ្រោះ វិញ។ ចំណែកជនសង្ស័យត្រូវកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានក្រុងតាខ្មៅ ចាត់ការតាម នីតិវិធី៕