ខេត្តតាកែវ ៖ ក្រុមគ្រួសារមួយ ដែលបុរសជាប្តីប្រកបរបរជាចុងភៅ ចំណែកស្ត្រីជាប្រពន្ធប្រកបររបរដេរខោអាវ នៅផ្ទះ បានរួមរស់បង្កើតបានកូនភ្លោះដល់ទៅ៣នាក់ (ប្រុស១ ស្រី២) ដែលត្រូវបានជាប់ឈ្មោះជាចៅរបស់ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលអំណោយឧបត្ថម្ភពី សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

គ្រួសារដែលមានកូនភ្លោះ៣នេះ មានឪពុកឈ្មោះទៀ ចាន់ដារ៉ា មុខរបរចុងភៅ ម្តាយឈ្មោះ ហែម សាវី មុខរបរ ដេរខោអាវ ហើយនេះជាកូនលើកដំបូង នៅក្នុងគ្រួសារ។ ក្រុមគ្រួសារនេះ មានលំនៅក្នុងភូមិតាម៉ៅ ឃុំជើងគួន ស្រុកសំរោង។
បន្ទាប់ពីទទួលបានព័ត៌មានថា ក្រុមគ្រួសារខាងលើ បង្កើតបានកូនភ្លោះ ៣នាក់ រួចមក សម្តេចហ៊ុន សែន ប្រ ធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនគ្រួសារខាងលើភ្លាមៗ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកសេង ទៀង នាយក រងខុទ្ទកាល័យសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាំយកទៅប្រគល់ជូនគ្រួសារខាងលើ នៅមណ្ឌល សុខភាព កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅចំពោះមុខគ្រួសារកូនភ្លោះបីនេះ លោកសេង ទៀង មានប្រសាសន៍នាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពី សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារខាងលើផងដែរ។

លោកសេង ទៀង បានរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលប្រមាណ ២៤ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូតកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន៤០៧គ្រួសាររួចហើយ បានទទួលអំ ណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេស ការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់ សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
ឪពុកកូនភ្លោះ៣ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទ័លក្រ ងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេច ទាំង ទ្វេ ហើយសម្តេច តែងចាត់ឱ្យតំណាងនាំថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ ចែកជូនផ្ទាល់ដៃដល់គ្រួសារ សម្រាលបានកូនភ្លោះបីនាក់ ដើម្បីជួយសម្រាលការលំបាកក្នុងការចិញ្ចឹមបីបាច់កូន ឱ្យមានជីវិតរស់នៅ និង មានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម។

អំណោយជូនដល់គ្រួសារកូនភ្លោះ៣ ខាងលើនេះ ក្រៅពីថវិកា ៥លានរៀល មានអង្ករ ៥០គីឡូក្រាម ទឹកដោះ គោ ២កេសធំ ស្ករ-ស ៥គីឡូក្រាម សារុង២ និងក្រមា២៕