ភ្នំពេញ ៖ បុរសម្នាក់ បានទាក់ទងស្នេហាជាមួយនារីម្នាក់ និងបានរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធទៅហើយ តែត្រូវ ឪពុកម្តាយខាងស្រី ព្យាយាមបំបែក រហូតដល់ត្រូវរស់នៅបែកគ្នា ធ្វើឱ្យគេឈឺចិត្តស្អិតទ្រូងពេក ក៏សម្រេច ចិត្តលេបថ្នាំសម្លាប់ខ្លួន រួចផ្ញើសារផ្តាំលាប្រពន្ធ បង្កការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
បុរសខកស្នេហ៍ ដែលបានលេបថ្នាំសម្លាប់ខ្លួន មានឈ្មោះគឹម ចាន់សុធារិទ្ធ ។ ចំណែកនារីជាគូស្នេហ៍ មានឈ្មោះឈូក ស្រីណា មានលំនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សារបណ្តាំចុងក្រោយ របស់បុរសខូចចិត្តខាងលើ បានរៀបរាប់ថា “បើមានអ្នកណាអាចបំពេញ បំណងខ្ញុំចុង ក្រោយបាន ខ្ញុំអរគុណខ្លាំងណាស់ ជាតិនេះ ខ្ញុំមិនបានសងគុណ តែជាតិក្រោយ ខ្ញុំនឹងសងគុណវិញ។ ប្រពន្ធខ្ញុំ ឈ្មោះឈូក ស្រីណា បងប្រាប់គាត់ថា ខ្ញុំលែងបានចាំគាត់ទៀតហើយ ព្រោះពេលនេះ គាត់មានសម្ពាធខ្លាំង ណាស់ ព្រោះតែខ្ញុំម្នាក់ គាត់ត្រូវបានគ្រួសារគំរាមឱ្យធ្វើយ៉ាងណាឱ្យគាត់បែកពីខ្ញុំឱ្យបាន ខ្ញុំទាំងពីរជម្នះរឿងហ្នឹង ដែរ តែមើលទៅពួកខ្ញុំគ្មានថ្ងៃដែលអាចជួបគ្នាទេ ខ្ញុំដឹងថាប្រពន្ធខ្ញុំ ស្រលាញ់ឪពុកម្តាយគាត់ណាស់ហើយ ខ្ញុំសូមប្រាប់ក្រុមគ្រួសារគាត់ថា ខ្ញុំមិនសុំឱ្យប្រពន្ធ មកនៅជាមួយខ្ញុំទេ ខ្ញុំគ្រាន់តែសុំឱ្យទំនាក់ទំនងពួកយើង ទាំងពីរ នៅតែដូចដើម ខ្ញុំបាននិយាយសន្យាគ្នាហើយថា លុះត្រាតែខ្ញុំមានមុខរបរ មានលុយ រកស៊ី អាចធ្វើឱ្យ ប្រពន្ធរស់នៅស្រួល មិនពិបាកដូចមុន ទើបខ្ញុំសម្រេចចិត្តជុំគ្នាវិញ ហើយក៏និយាយប្រប់ឪពុកម្តាយគាត់ទាំងពីរ តែគ្រាន់បំពេញបំណងពួកខ្ញុំទាំងពីរប៉ុណ្ណឹងមិនបាន អ៊ីចឹងខ្ញុំមានតែសម្រេចចិត្តទុកឱ្យខ្ញុំជាអ្នកចាកចេញ ដើម្បី បំពេញបំណងពួកគាត់ បើខ្ញុំបញ្ចប់ទំនាក់ទំនងមួយនេះ ខ្ញុំសុំរស់ធ្វើជាមនុស្សអត់ដង្ហើមវិញល្អជាង ព្រោះថា ពេលនេះ គាត់ធ្វើឱ្យខ្ញុំស្រលាញ់ហើយ ខំដាក់ចិត្តដាក់កាយ មុននឹងទទួលយកគាត់មកធ្វើជាគូជីវិត ព្រោះថា ពីមុន ខ្ញុំមានប្រវត្តិជាមួយគ្រួសារមុន ធ្វើឱ្យខ្លាចមនុស្សស្រី ទើបដល់ពេលដែលខ្ញុំជួបគាត់ ខ្ញុំបានបើកចិត្តទទួល យកជីវិតគូម្តងទៀត តែចុងក្រោយ ខ្ញុំខំចៀសណាស់ តែនៅមកជួបរឿងដដែល ទោះបីរឿងមិនដូច គ្នាមែនតែ រឿងក្រោយនេះ ធ្វើឱ្យលើសដើម ហើយអាជំងឺចាស់ដែលខ្ញុំធ្លាប់កើតនោះ ក៏វារើឡើងវិញ»។
បុរសខាងលើ បានផ្តាំទៅនារីជាសង្សារថា «ឱ្យប្តីសុំទោស ដែលសន្យាមិនបាន ប្តីស្រលាញ់អូនណាស់ តែប្តី ក៏មិនចង់ឱ្យប្រពន្ធបងពិបាកចិត្តដែរ រាល់ពេលដែលអូនពិបាកចិត្ត មានតែពាក្យដៀលជេរ ទោះខំធ្វើល្អយ៉ាង ណា ក៏អូនមើលមិនឃើញដែរ អ៊ីចឹងសង្ឃឹមថា ការចាកចេញរបស់បង ធ្វើឱ្យអូននិងគ្រួសាររបស់អូន សប្បាយ ចិត្ត ទាំងគ្រួសារបងផង ហើយពាក្យសន្យានោះ បងសងអូន នៅជាតិក្រោយចុះ!»។
បុរសដដែល បានបញ្ជាក់ចុងក្រោយថា នៅពេលដែលគេសរសេរសារផ្តាំផ្ញើខាងលើនេះ គឺគេបានលេបថ្នាំរួច ហើយ និងបញ្ជាក់ថា ប្រពន្ធរបស់គេ រស់ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ៕